website_news:2016111101

ទាហានថៃបើកច្រករបៀងឡើងវិញទាំងអស់ហើយ

(http://www.rasmeinews.com) ដោយ ៖ភ្នំស្វាយ ថ្ងៃទី 11 វិច្ឆិកា 2016 ម៉ោង 07:12:AM

បន្ទាយមានជ័យ៖ ក្រោយទាហានឈុតខ្មៅថៃ បានបញ្ជាឲ្យបិទច្រករបៀងទាំងអស់ រវាងខេត្តស្រះកែវប្រទេសថៃ និងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦មកនោះ នៅថ្ងៃទី៩ ខែវិច្ឆិកា គេបានបើកទាំងអស់វិញហើយ។

លោកវរសេនីយ៍ សូ ចាន់រី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រាប់រស្មីកម្ពុជា ថ្ងៃទី១០វិច្ឆិកាថា ក្រោយការបិទច្រករបៀង នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឈមគ្នា នៃខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវកន្លងមកនោះ ទាហានឈុតខ្មៅថៃកងវរសេនាធំលេខ១២ ជាទាហានកងរក្សាព្រះមហាក្សត្រ មានមូលដ្ឋាននៅខេត្តស្រះកែវ បានបញ្ជាឲ្យបើកទាំងវិញហើយកាលពីថ្ងៃទី៩វិច្ឆិកា។ ការបិទដោយមូលហេតុថា នៅថៃបានផ្លាស់ប្តូរថ្នាក់ដឹកនាំ ត្រូវឆ្លងកាត់ និងត្រូតពិនិត្យមួយចំនួនតាមព្រំដែន។

លោកឧត្តមសេនីយ៍ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រាប់រស្មីកម្ពុជាថ្ងៃដដែលថា ការបិទនោះ ដោយថៃគេរឹតបន្តឹងសន្តិសុខក្នុងអំឡុងកាន់ទុក្ខស្តេចថៃសោយទីវង្គតផង និងពេលលោកឧត្តមសេនីយ៍ ចា រើនឆៃ មេបញ្ជាការថ្មី នៃកងពលតូចលេខ២-មេកម្លាំងបូរ៉ាផា និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ចុះមកទទួល ភារកិច្ចថ្មីជំនួសលោកឧត្តមសេនីយ៍ ធីភុង មេចាស់ដែលឡើងតំណែងខ្ពស់ទៀត។

លោកបន្ថែមថា មួយរយៈចុងក្រោយនេះ ថៃមានការកែសម្រួល ផ្លាស់ប្តូរអភិបាលរង មេទ័ព មេតម្រួត មេសមត្ថកិច្ចស្ទើរទាំងអស់នៅផ្ទៃក្នុងនិងនៅតាមព្រំដែន៕

website_news/2016111101.txt · Last modified: 2017/03/16 10:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki