website_news:2016120104

ការជួយសង្គ្រោះពលករខ្មែរនៅក្រៅប្រទេសកើនជាង ៣០០%

(http://www.postkhmer.com/

ភ្នំពេញៈ ពលករខ្មែររហូតដល់ជាង ៥០០ នាក់ដែលភាគច្រើនត្រូវបានគេជួញដូរយកទៅបង្ខំឲ្យធ្វើការដូចជាទាសករនៅក្រៅប្រទេសត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកមាតុប្រទេសវិញក្នុងឆ្នាំ ២០១៥ ដែលចំនួននេះមានការកើនឡើងជាង ៣០០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីម្សិលមិញថាមានពលករខ្មែរជាស្រ្តីធ្វើការតាមផ្ទះ ស្រ្តីខ្មែររៀបការជាមួយបុរសចិន កម្មករទូកនេសាទជាច្រើនរយនាក់ត្រូវបានជួយសង្គ្រោះក្នុងឆ្នាំ ២០១៥ ដែលចំនួននេះមានកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ ដែលមានត្រឹមតែជាងមួយរយនាក់។ ក្រសួងបានជួយអន្តរាគមន៍ជួយពលករធ្វើការក្រៅប្រទេសចំនួន ៥៧៣ នាក់ក្នុងឆ្នាំ ២០១៥ ចំណែកឯឆ្នាំ ២០១៤ មាន ១៣៤ នាក់។ ក្នុងនោះកម្មករជាទាសករនៅលើទូកនេសាទចំនួន ៤២៧ នាក់ក្នុងឆ្នាំ ២០១៥ ចំណែកនៅឆ្នាំ ២០១៤ មានត្រឹមតែ ២៣ នាក់។ ស្រ្តីរៀបការទៅប្រទេសចិនចំនួន ៨២ នាក់ត្រូវបានជួយសង្គ្រោះក្នុងឆ្នាំ ២០១៥ រីឯឆ្នាំ ២០១៤ មាន ៥៩ នាក់។ ស្រ្តីបម្រើការតាមផ្ទះ និងពលករនៅប្រទេសម៉ាឡេស៊ីចំនួន ៥៥ នាក់ត្រូវបានជួយសង្គ្រោះក្នុងឆ្នាំ ២០១៥ រីឯឆ្នាំ ២០១៤ មាន ២៣ នាក់។ ក្រៅពីនោះមានអារ៉ាប់ប៊ីសាអ៊ូឌីត មានចំនួន ២ នាក់ប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេចំនួន ៦ នាក់ និងប្រទេសអាហ្វ្រិកខាងត្បូងចំនួនម្នាក់។ លោក សុន្ទរី បញ្ជាក់ទៀតថា៖ «ពលករខ្មែររងគ្រោះនៅក្រៅប្រទេសជួបការលំបាកទទួលរងការកេងប្រវ័ញ្ចកម្លាំងការងារត្រូវគេធ្វើបាបច្រើនទើបមានការអន្តរា គមន៍ច្រើនមែនទែនក្នុងឆ្នាំ ២០១៥ មកនេះមិនទាន់រាប់បញ្ជូលនៅថៃផងទេ»។ ចំណែកឯនៅប្រទេសថៃមានពលករខ្មែរដែលលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃខុសច្បាប់ជាង ៥៥០០០ នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញក្នុង ២០១៥ ក្នុងចំណោមនោះមានពលករ ៩០១ នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើតាមរបាយការណ៍ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យដែលត្រូវបានផ្សព្វផ្សាយដោយអគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានេះក្នុងសន្និបាតលើកទី ៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារយៈពេលពីរថ្ងៃត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសសេរក្នុងហ្វេសប៊ុករបស់លោកថាសម្តេចតេជោ ហ៊ុន សែន បានព្រមានដកឯកអគ្គរាជទូតខ្មែរណាដែលមិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លោក ជុំ សុន្ទរី ក៏បានឲ្យដឹងផងដែរថាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសតែងតែយកចិត្តទុកដាក់ក្នុងការជួយពលករខ្មែរនៅក្រៅប្រទេសដោយទូរស័ព្ទផ្ទាល់ទៅឯកអគ្គរាជទូតខ្មែរនៅក្រៅប្រទេស។ លោកស្រី លឹម មុនី អនុប្រធានផ្នែកស្រ្តីនៃសមាគមអាដហុកបានឲ្យដឹងថាអាដហុកក៏បានជួយអន្តរាគមន៍ពលករខ្មែរជាច្រើននៅក្រៅប្រទេសផងដែរតាមរយៈក្រុមគ្រួសាររងគ្រោះមកដាក់ពាក្យបណ្តឹងតែខាងសមាគមមិនទាន់បូកលទ្ធផលជាផ្លូវការណ៍នៅឡើយទេ។ លោកស្រីថា៖ «សមាគមអាដហុកជួយអន្តរាគមន៍ស្ទើររាល់ថ្ងៃក្រោយពីមានពាក្យបណ្តឹងរបស់ពលករខ្មែរធ្វើការក្រៅប្រទេសស្វែងរកអន្តរាគមន៍។ តាមរយៈពាក្យបណ្តឹងយើងឃើញថានៅតែមានពលករខ្មែររងគ្រោះនៅក្រៅប្រទេស»៕

website_news/2016120104.txt · Last modified: 2017/02/24 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki