website_news:2016120106

ស៊ុយអ៊ែដក៏មានអំពើហឹង្សាលើស្រ្តី បង្កឡើងដោយជនបរទេស ដូចនៅអាល្លឺម៉ង់ដែរ

(http://km.rfi.fr 11/01/2016)

ជាងមួយសប្តាហ៍ បន្ទាប់ពីហេតុការណ៍បំពារបំពានផ្លូវភេទលើស្រ្តី នៅទីក្រុងកូឡូញប្រទេសអាល្លឺម៉ង់ កំពុងតែក្តៅគគុក នៅថ្ងៃចន្ទទី ១១មករា នគរបាលប្រទេសស៊ុយអ៊ែដ បានប្រកាសទទួលស្គាល់ថា ប្រទេសខ្លួនក៏មានករណីបំពារបំពានផ្លូវភេទលើស្រ្តី ជាច្រើនករណីផងដែរ នាពេលកន្លងមក ក៏ប៉ុន្តែនគរបានមិនបានផ្សព្វផ្សាយតួលេខ និងព័ត៌មាននេះទេ។ ដូចគ្នានឹងករណីនៅអាល្លឺម៉ង់ដែរ គឺជនសង្ស័យក្នុងករណីទាំងនេះ គឺភាគច្រើនសុទ្ធសឹងជាជនបរទេសទាំងអស់។ បញ្ហាជនភៀសខ្លួនកំពុងធ្វើឲ្យមានវិវាទ ជុំវិញករណីអំពើហឹង្សាបំពារបំពានផ្លូវភេទធ្វើទៅលើស្រ្តី នៅតាមបណ្តាប្រទេសដែលទទួលពួកគេ។ បន្ទាប់ពីរឿងអាស្រូវនេះ បានផ្ទុះឡើងនៅអាល្លឺម៉ង់ ពេលនេះនគរបាលស៊ុយអ៊ែដ ក៏បានទទួលស្គាល់ដែរថាប្រទេសខ្លួន ក៏ជួបករណីដូចគ្នាយ៉ាងសន្ធឹកសន្ធាប់ គ្រាន់តែនគរបាលមិនបានផ្សព្វផ្សាយពីដំណឹងនេះ។ អ្នកនាំពាក្យនគរបាលស៊ុយអ៊ែដ បានបញ្ជាក់ថា ករណីបំពារបំពានលើស្រ្តីនៅស៊ុយអ៊ែដ ចំនួន១៥ករណី គឺកើតឡើងក្នុងឱកាសមហោស្រពសិល្បៈតន្ត្រីយុវវ័យមួយ ដែលធ្វើឡើងនៅទីក្រុងស្តុកខុម កាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ។ នរគបាលបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួនជាង១០០នាក់ ដែលជាមនុស្សប្រុស ហើយភាគច្រើនលើសលប់ គឺសុទ្ធសឹងតែជាជនបរទេស។ ការប្រកាសរបៀបនេះ បានធ្វើឡើងស្របពេលដែលអាល្លឺម៉ង់ កំពុងតែស៊ើបអង្កេត ទៅលើករណីបំពារបំពានផ្លូវភេទ របៀបដូចគ្នានេះដែរ។

សូមរំលឹកថា យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ គិតមកត្រឹមពេលនេះ មានបណឹ្តងចំនួនជាង៥០០បណ្តឹង ដែលបានធ្លាក់ទៅដល់ដៃនគរបាល ជុំវិញហេតុការណ៍ ដែលបានកើតឡើងក្នុងយប់ថ្ងៃឆ្លងឆ្នាំសកល នៅទីក្រុងកូឡូញ ភាគខាងលិចអាល្លឺម៉ង់។ ក្នុងចំណោមបណ្តឹងទាំងនោះ មាន៤០% គឺជាបណ្តឹងបំពារបំពានផ្លូវភេទទៅលើនារីជនជាតិអាល្លឺម៉ង់ ដែលដើរកម្សាន្តក្នុងយប់ឆ្លងឆ្នាំ។ របាយការណ៍ដដែលបញ្ជាក់ថា ជនដៃដល់ស្ទើរតែទាំងអស់ គឺសុទ្ធតែជាជនបរទេស ដើមកំណើតមកពីប្រទេសតំបន់អារ៉ាប់ និងទ្វីបអាហ្វ្រិកខាងជើង។ ក្នុងចំណោមជនសង្ស័យដែល ត្រូវឃាត់ខ្លួន មានអ្នកខ្លះជាជនភៀសខ្លួន ដែលទើបបានធ្វើដំណើរមកដល់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥កន្លងទៅ។ នគរបាលក្រុងកូឡូញ បានធ្វើការឃាត់ខ្លួន មនុស្សចំនួន ១៩នាក់ ហើយក្នុងនោះ១៤នាក់ គឺជាមនុស្សប្រុសមកពីប្រទេសម៉ារ៉ុក និងអាល់ហ្សេរី។ យ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់ ក៏ដូចជាស៊ុយអ៊ែដ បានអំពាវនាវកុំឲ្យប្រជាជនទូទៅ ធ្វើការទំលាក់កំហុស ទៅលើជនភៀសខ្លួនទាំងអស់។ប៉ុន្តែទោះចង់មិនចង់ ករណីបំពារបំពានផ្លូវភេទលើស្រ្តី រាប់រយករណីក្នុងពេលតែមួយយប់បែបនេះ វាបានធ្វើឲ្យមតិសាធារណៈអាល្លឺម៉ង់ មានការកើតទុក្ខមិនសុខចិត្ត ហើយចាប់ផ្តើមស្អប់ខ្ពើមជនភៀសខ្លួន។ នៅតាមបណ្តាញសង្គម ដូចជាFacebook ជាដើម មានការអំពាវនាវពីក្រុមជ្រុលនិយម ឲ្យនាំគ្នាធ្វើបាតុកម្ម បណ្តេញជនភៀសខ្លួនទាំងអស់ចេញពីទឹកដីអាល្លឺម៉ង់។ ឆ្នាំ២០១៥ កន្លងទៅនេះ អាល្លឺម៉ង់បានបើកទ្វារទទួលជនភៀសខ្លួន ចំនួនជាង១លាននាក់៕

website_news/2016120106.txt · Last modified: 2017/02/24 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki