website_news:2016120302

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បដិសេធយកលុយ ពីពលករសម្រាប់ការ ចេញលិខិតឆ្លងដែន

(http://www.dap-news.com/Saturday, 12 March 2016 08:02) ដោយ៖នឿត សុភ័ក្រ្ត Posted ID:054

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃបានបដិសេដ ដើរគៀងគរនិយោជក និងពលករខ្មែរនៅថៃ ឲ្យបង់លុយ ពី ៣០០០ បាត រហូតដល់ ៦០០០បាត សម្រាប់ការចេញ លិខិតឆ្លងដែន ឲ្យពលករខ្មែរខុសច្បាប់នៅថៃ យកទៅធ្វើបែបបទ ឲ្យទៅជាពលករស្របច្បាប់នោះទេ។ យោងតាមសេក្តីប្រកាសព័ត៌មាន របស់ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅមុននេះ បន្តិចបានឲ្យដឹងថា “ ស្ថាននៃទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ សូមប្រកាសបដិសេធចំពោះ ព័ត៌មានខាងលើ ថាជាព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ស្ថានទូត ជាស្ថាប័ណ្ណតំណាងប្រទេសជាតិ” ។ ប្រភពដដែលបញ្ជាក់ថា ក្នុងគោលបំណងទប់ស្កាត់ ការរំលោភបំពាន ដល់ពលករខ្មែរខុសច្បាប់នៅថៃ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំគណៈកម្មការអន្តរក្រសួង ឲ្យបញ្ជូនមន្រ្តីមកប្រទេសថៃ ដើម្បីចេញប័ណ្ណពលករ កម្ពុជានៅបរទេស និងលិខិតឆ្លងដែនជូនពលករ តាមតម្រូវការម្ចាស់ប្រទេស សម្រាប់យកទៅបំពេញបែបបទ ធ្វើជាពលករស្របច្បាប់។ សូមបញ្ជាក់ថា ទោះបីជាស្ថានទូកកម្ពុជា ប្រចាំនៅបាងកក ពុំមែនជាអ្នកចេញ ឬទទួលខុសត្រូវក្នុងការចែកលិខិតឆ្លងដែនជូនពលករក្តី ក៏ប៉ុន្តែបងប្អូនពលករដែល បានជួបបញ្ហាខាងលើ អាចដាក់ពាក្យបណ្តឹងមកស្ថានទូត ហើយ សុំភ្ជាប់មកផងនូវភស្តុតាងស្តីពីបាតុភាព អវិជ្ជមាននេះ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់៕

website_news/2016120302.txt · Last modified: 2017/02/28 10:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki