website_news:2016120303

កូរ៉េបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសខ្លួន

(http://www.rfa.org/khmer/news/2016-03-11 ) ដោយ សាន សែល

ក្រសួងការបរទេសកម្ពុជា អោយដឹងថា ភាគីរដ្ឋាភិបាលកូរ៉េ បានសម្រេចបង្កើនការទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ ដោយបង្កើនចំនួនកូតាទទួលយកពលករក្នុងវិស័យឧស្សាហកម្ម រហូតដល់ ៦.៤០០នាក់ ក្នុងឆ្នាំ២០១៦។ ចំនួនកើនឡើងជាង ១ពាន់នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលចំនួន ៥.១០០នាក់។ សេចក្ដីជូនព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១១ មីនា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះរវាងភាគីកម្ពុជា និងកូរ៉េ លើកទី៣ ឲ្យដឹងទៀតថា រដ្ឋាភិបាលកូរ៉េ នឹងផ្ដល់ជំនួយអភិវឌ្ឍឥតសំណង ចំនួន ៥១លានដុល្លារ នៅឆ្នាំ២០១៦ ហើយក៏នឹងផ្ដល់ប្រាក់កម្ចីសម្បទានចំនួន ៣០០លានដុល្លារ សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ចំនួននេះនឹងធ្វើឲ្យកម្ពុជា ក្លាយប្រទេសដែលទទួលបានជំនួយអភិវឌ្ឍន៍ពីប្រទេសកូរ៉េ ច្រើនជាងគេលំដាប់ទី៤។ កម្ចីសម្បទានដែលកូរ៉េ ព្រមឲ្យកម្ពុជា ខ្ចី នឹងផ្ដោតលើវិស័យចំនួន៤ ដូចជាការអភិវឌ្ឍវិស័យកសិកម្ម វិស័យធនធានមនុស្ស វិស័យហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន និងវិស័យសុខភាពសាធារណៈ។ ក្រៅពីនេះ រដ្ឋាភិបាលកូរ៉េ ក៏យល់ព្រមបង្កើនទុនវិនិយោគនៅកម្ពុជា និងសម្រួលការនាំចូលផលិតផលកសិកម្មទៅលក់នៅលើទីផ្សារក្នុងប្រទេសកូរ៉េ។ ភាគីទាំងពីររំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មរួម ដល់ ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០៕

website_news/2016120303.txt · Last modified: 2017/02/28 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki