website_news:2016120401

ពលករខ្មែរធ្វើការនៅថៃសម្រុកមកលេងស្រុកពេលបុណ្យចូលឆ្នាំ,បង់លុយឡើងថ្លៃដល់១.៥០០បាត

(http://www.cen.com.kh/) (ថ្ងៃទី 11 មេសា 2016, ម៉ោង 06:51:PM) | ដោយ: សូផុន បន្ទាយមានជ័យ: ពលករខ្មែរធ្វើការសុីឈ្នួលនៅប្រទេសថៃបានសម្រុកមកលេងក្រុមគ្រួសារ និងស្រុកកំណើតនៅប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវកនេះ។

ប៉ុន្តែគួរអោយសោកស្តាយ គឺពេលឆ្លងព្រំដែនថៃ កម្ពុជាទាំងតាមច្រកអន្តរជាតិ ទាំងតាមច្រករបៀងគឺពលករខ្មែរត្រូវបង់លុយអោយកងកម្លាំងសមត្ថកិច្ចថៃនិងកម្ពុជាពី១៥០០ទៅ២.០០០បាត(ស្មើជាង១៦ទៅ២១មឺុនរៀលឬ១បាតស្មើជាង១០០រៀល)។

ពលករម្នាក់ឈ្មោះគឹម សេង មានលំនៅនៅខេត្តព្រៃវែងនិយាយថ្ងៃទី១០មេសាថា:ពេលមកដល់ព្រំដែនមេខ្យល់បានបង្ខំជម្រិតទារលុយពីខ្លួននិងពលករដទៃទៀតទោះជាពលករស្របច្បាប់ទាំងខុសច្បាប់ចំនួនពី១.៥០០បាតទៅ២.០០០បាតក្នុងម្នាក់។

ពលករនិយាយបន្តថា:មេខ្យល់ទាំងនោះ ទារលុយនោះយកទៅបែងចែករបៀបវប្បធម៍ចែករំលែកដល់កងកម្លាំងសមត្ថកិច្ចតម្រួតឬនគរបាលអន្តោប្រវេសន៍ថៃនៅច្រកព្រំដែនអន្តរជាតិខ្លងលឹកនិងសមត្ថកិច្ចនគរបាលអន្តរប្រវេសន៍កម្ពុជាច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនិងមួយចំណែកទៀតមេខ្យល់យកខ្លួនឯងលើថ្លៃសេវាជើងសារ។

ប្រភពពីព្រំដែនកម្ពុជានិងថៃអោយដឹងថា តាមថ្ងៃធម្មតា ពលករម្នាក់ៗត្រូវបង់លុយអោយតម្រូតតម៉(នគរបាលអន្តោប្រវេសន៍ថៃ ២០០បាត,នគរបាលអន្តោប្រវេសន៍កម្ពុជាចំនួន ២០០បាតនិងបង់ថ្លៃរត់ការអោយមេខ្យល់១០០ទៅ២០០បាតទៀត។ពោលគឺសរុបក្នុងម្នាក់ៗត្រឹម៥០០ទៅ៦០០បាត ។ ប៉ុន្តែ ក្នុងរដូវបុណ្យចូលឆ្នាំតាមច័ន្ទគតិខ្មែរ ថៃនេះ ត្រូវបង់ឡើងថ្លៃដូច្នេះ។ ពលករជាច្រើនទៀតក៏បាននិយាយដូច្នេះដែរពីការទារលុយពីពលករដោយឡើងថ្លៃ១ជា២នេះ ជា៣នេះ។

ប្រភពព៍ត័មានបន្តថា ក្នុងអំមុឡុងមុនបុណ្យចូលឆ្នាំខ្មែរ ជិត១សប្តាហ៍មកនេះ ក្នុង១ថ្ងៃៗ មានពលករខ្មែរពី៥.០០០នាក់ទៅ៨.០០០នាក់បានវិលមកប្រទេសកម្ពុជា។ ពលករមានលិខិតឆ្លងដែននិងទិដ្ឋាការធ្វើការងារបានសម្រុកចូលតាមច្រកត្រង់ឬច្រកទ្វារអន្តរជាតិខ្លងលឹកនិងប៉ោយប៉ែត។ឯពលករមានប័ណ្ណពណ៍សុីជម្ពូរនិងខ្លះឆ្លងដែនខុសច្បាប់បានឆ្លងតាមស្លាប់សងខាងនៃច្រកអន្តរជាតិប៉ោយប៉ែតគឺខាងជើងតាមច្រករបៀងត្រង់ក្រោយផ្ទះ សួង សៅ ហៅប្រុសផែនដី មេបញ្ជាការរងនគរបាលការពារព្រំដែនវរសេនាតូចលេខ៩១១ ក្នុងភូមិក្បាលស្ពាន១និងខាងត្បូងតាមច្រករបៀងជាប់ប៉ុស្តិ៍ព្រំដែនលោក ភឹម សំណាង ហៅខ្លាធំ ភូមិ/សង្កាត់ប៉ោយប៉ែត។

សមត្ថកិច្ចតម្រួតនិងនគរបាលថៃ កម្ពុជាបានបដិសេធការចោទប្រកាន់នេះខ្លះ ទទួលស្គាល់ខ្លះ ហើយបញ្ជាក់ថាពួកគេមិនបានឃុបឃិតនិងយកលុយពីមេខ្យល់ទេ។ ប៉ុន្តែមេខ្យល់ខ្លះ ត្រូវប្រភពស្និតនិយាយថា ធម្មតាការហ៊ានទារលុយពីពលកររបស់ពួកខ្លួន បើមិនចែកអោយសមត្ថកិច្ច កងកម្លាំងនិងអ្នកពាក់ព័ន្ធទេ ពួកនឹងត្រូវចាប់ខ្លួនភ្លាមជាមិនខាន៕

website_news/2016120401.txt · Last modified: 2017/02/28 12:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki