website_news:2016120502

អាជ្ញាធរថៃបន្តចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកវិញ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Thu, 12 May 2016 ឃុត សុភចរិយា

បន្ទាយមានជ័យៈ ឈើគ្រញូងជាងមួយរយដុំដែលមានសរសេរលេខទូរស័ព្ទ និងឈ្មោះជាភាសាខ្មែរព្រមទាំងរណារយន្តចំនួន ៥ គ្រឿងត្រូវបានក្រុមអភិរក្សព្រៃឈើ និងក្រុមតម្រួតថៃប្រទះឃើញកាលពីព្រឹកថ្ងៃអង្គារនៅចំណុចអូរផាត់ខុមក្បែរតំបន់ព្រៃឧទ្យានជាតិមួយកន្លែងស្ថិតនៅស្រុកមឿង ខេត្តស្រះកែវខណៈដែលអាជ្ញាធរថៃបន្តចាប់បញ្ជូនជនចំណាកស្រុកកម្ពុជារាប់រយនាក់ត្រឡប់មកវិញជារៀងរាល់ថ្ងៃ។

មន្ត្រីនគរបាលទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា ថៃម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាឈើគ្រញូង ១១១ ដុំដែលមានសរសេរលេខទូរស័ព្ទ និងឈ្មោះជាភាសារខ្មែរដូចមានឈ្មោះ ក្រុម និត ឌឿន ក្រុមនិត រស្មី ក្រុម និត លីន ក្រុម និត តា ៤៧ និង ឈ្មោះ ប៉ូច រួមទាំងរណារយន្ត ៥ គ្រឿងត្រូវបានក្រុមមន្ត្រីអភិរក្សព្រៃឈើ និងក្រុមតម្រួតថៃប្រទះឃើញកាលពីព្រឹកថ្ងៃអង្គារនៅចំណុចអូរផាត់ខុមក្បែរតំបន់ព្រៃឧទ្យានជាតិស្រុកមឿងខេត្តស្រះកែវ។

ប្រភពដដែលនោះបានបញ្ជាក់ថា៖ «តាមរបាយការណ៍ព័ត៌មានពីអាជ្ញាធរថៃការរកឃើញឈើគ្រញូង និងរណារយន្តទាំងនោះបានធ្វើឡើងក្រោយពីមានការចាប់ឃាត់ខ្លួនពលករខ្មែរ ៦ នាក់ដែលបានដើរចេញពីក្នុងព្រៃនៃតំបន់ឧទ្យានជាតិនោះ»។ បុរសទាំង ៦ នាក់នោះរួមមានឈ្មោះ អូន ណាង អាយុ ៤៤ ឆ្នាំ យង់ នី អាយុ ១៤ ឆ្នាំ សូ សុខ អាយុ ៤៥ ឆ្នាំ ឡុង សៀម អាយុ ៣២ ឆ្នាំ ម៉ូ សំណាង អាយុ ៣៧ ឆ្នាំ និង ឈ្មោះ អែល សា អាយុ ២៧ ឆ្នាំ។ ពួកគេមានស្រុកកំណើតនៅខេត្តផ្សេងៗគ្នា។

ប្រភពពីមន្ត្រីដដែលបញ្ជាក់ទៀតថា៖«ទោះជាបែបណាពលករខ្មែរទាំង ៦ នាក់មិនត្រូវបានអាជ្ញាធរថៃចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធករណីកាប់ឈើគ្រញូងនោះទេហើយពួកគេត្រូវបានបញ្ជូនឲ្យវិលត្រឡប់មកកម្ពុជាវិញតាមច្រកក្បាលស្ពានម៉ាឡៃកាលពីម្សិលមិញ»។ ជាមួយគ្នានេះដែរលោក ស៊ុម ចាន់គា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្រោយពីត្រឡប់មកដល់កម្ពុជាវិញពលករខ្មែររងគ្រោះទាំង ៦ នាក់ខាងលើនេះបាននាំគ្នាមកស្នាក់ការសមាគមរបស់លោកសុំឲ្យជួយធ្វើពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក្នុងការស្វែងរកចាប់ខ្លួនមេខ្យល់ជនជាតិខ្មែរម្នាក់ និង ថៃម្នាក់ដែលបានយកលុយពីពួកគាត់ម្នាក់ៗ ៣០០០ បាតជាថ្នូរក្នុងការជួយរកការងារឲ្យធ្វើនៅក្នុងប្រទេសថៃ។ លោកបញ្ជាក់ថា៖ «សមាគមយើងបាននាំពួកគាត់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសុំកិច្ចជួយអន្តរាគមន៍ស៊ើបអង្កេតលើករណីនេះដើម្បីស្វែងរកចាប់ខ្លួនមេខ្យល់ទាំងនោះ»។

កាលពីរសៀលថ្ងៃម្សិលមិញផងដែរលោក ឈុន លន់ ប្រធានការិយាល័យនគរបាលទំនាក់ទំនងកិច្ចការព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកភ្នំដីស្រុកសំពៅលូន ខេត្តបាត់ដំបងបានឲ្យដឹងថាពលករខ្មែរ ៨១នាក់ត្រូវបានក្រុមតម្រួតថៃចាប់ខ្លួនបន្ទាប់ពីពួកគេបានលួចឆ្លងដែនទៅរកការងារធ្វើក្នុងស្រុកខ្លងហាត ខេត្តស្រះកែវដោយខុសច្បាប់។ លោកថា៖ «នៅពេលនេះពួកគេកំពុងត្រូវអាជ្ញាធរថៃសាកសួរមុននឹងបញ្ជូនខ្លួនត្រឡប់មកកម្ពុជាវិញ»៕

website_news/2016120502.txt · Last modified: 2017/03/02 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki