website_news:2016120503

ពលករខ្មែររងគ្រោះចំនួន ៥៤នាក់ នៅប្រទេសឥណ្ឌូណេស៊ី នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា

(http://www.cen.com.kh/local) គេហទំព័រ ស៊ី អ៊ី អិន ថ្ងៃទី 12 ឧសភា 2016, ម៉ោង 11:49:AM): កក្កដា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៦ ថា តាមរបាយការណ៍បន្ថែមដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានពី ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹង នីតិវិធីដែលស្ថានទូត បាននិងកំពុងអនុវត្ត ក្នុងការរៀបចំ មាតុភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន ៥៤នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរក្សាទុកនៅកោះ Pontianak ប្រទេសឥណ្ឌូណេស៊ីនោះ បានអោយដឹងថា៖ ស្ថានទូតបានបញ្ចប់ការងារជាមួយអង្គការអន្តរជាតិ ទេសន្តប្រវេសន៍ (IOM) ដោយអង្គការបានទទួលស្គាល់ថាពលករខ្មែរទាំង៥៤នាក់ ជាជនរងគ្រោះដោយការជួញដូរមនុស្សទៅធ្វើការ ខុសច្បាប់។ IOM នឹងរៀបចំទិញសំបុត្រយន្តហោះអោយពលករខ្មែររងគ្រោះទាំង៥៤នាក់ បន្ទាប់ពីការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ចេញលិខិតអនុញ្ញាត។

លោក ជុំ សុន្ទរី បន្តថា ស្ថានទូតកំពុងទំនាក់ទំនងស្នើសុំលិខិតអនុញ្ញាត (Exit Permit) ពីការិយាល័យអន្តោប្រវេសន៍ ឥណ្ឌូណេស៊ី ដើម្បីអោយ ពលករ ធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌូណេស៊ី ដោយស្របច្បាប់។ បន្ទាប់មកស្ថានទូតនឹងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ដល់ពលករទាំង៥៤នាក់ សំរាប់ ប្រើប្រាស់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។ ការងារទាំងអស់នេះ នឹងត្រូវចំណាយពេលប្រមាណ២-៣ សប្ដាហ៍៕

website_news/2016120503.txt · Last modified: 2017/03/02 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki