website_news:2016120505

មន្ត្រីអាដហុក៖មន្ត្រីពុករលួយ បើកដៃឲ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ

(http://km.rfi.fr/cambodia) ដោយ សួង សុភារី វិទ្យុបារាំងអន្តរជាតិ 12/05/2016

នៅវេលាព្រឹកថ្ងៃទី ១១ឧសភាម្សិលមិញ អាជ្ញាធរថៃ ដែលប្រចាំការនៅច្រករបៀង ស្រុកខ្លងហាត ខេត្តស្រះកែវ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន ៨១នាក់ ដែលឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។ ប៉ុន្តែនៅពេលរសៀលថ្ងៃដដែល អាជ្ញាធរបានដោះលែងមនុស្ស ៣០នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ និងនៅតែបន្តឃាត់ខ្លួនមនុស្សមួយចំនួនទៀត រងចាំចំណាត់ការបន្ថែម។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ នៅតែមើលឃើញថា ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរនេះ កើតឡើងពីមន្ត្រីពុករលួយ នៅតាមច្រកព្រំដែន។

ក្នុងចំណោមពលរដ្ឋខ្មែរ ៨១នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ រួមមានមនុស្សជំទង់ ៦៤នាក់ ដែលមានក្មេងស្រី ២៨នាក់ ប្រុស ៣៦នាក់ រួមទាំងមនុស្សធំ ១៧នាក់ទៀត។ ពួកគេ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅព្រឹកថ្ងៃទី ១១ឧសភា ខណៈគេបានព្យាយាមឆ្លងចូលតាមច្រករបៀង ស្រុកខ្លងហាត ខេត្តស្រះកែវ ចូលក្នុងទឹកដីថៃ។ នេះបើតាមការឲ្យដឹងពី ស្ថានកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោកស៊ុំ ចន្ទគា បានប្រាប់វិទ្យុបារាំងនៅថ្ងៃទី ១២ឧសភាថា ពលរដ្ឋខ្មែរក្រីក្រទាំងនោះ បានឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការសំណង់ ឬទៅកាប់ដើមអាកាស្យា ឬកាប់ឈើក្រញ៉ូង ដើម្បីទទួលបានកម្រៃ មកបំពេញតម្រូវការជីវភាព។ មន្ត្រីសមាគមអាដហុកដដែល បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន អាជ្ញាធរថៃ មិនបានដាក់ទោសអ្វីដល់ពួកគេនោះទេ ព្រោះថាករណីនេះ មិនមែនជាការប្រព្រឹត្តិបទល្មើសអ្វីនោះឡើយ គឺគ្រាន់តែពលរដ្ឋទាំងនោះ មិនបានយល់ដឹងពីដំណើរការនៃការចេញចូលតាមច្រកព្រំដែនតែប៉ុណ្ណោះ។

យ៉ាងណាមិញ លោកស៊ុំ ចន្ទគា បានបន្ថែមថា កត្តាដែលពលរដ្ឋក្រីក្រទាំងនេះ អាចឆ្លងដែនខុសច្បាប់ ក៏ជាចំណែកមួយមកពីមានមន្ត្រីពុករលួយមួយចំនួនតាមច្រកព្រំដែន ដែលបានស៊ីសំណូកជាមួយនឹងក្រុមមេខ្យល់ ហើយបើកដៃឲ្យពលរដ្ឋទាំងនោះ អាចធ្វើដំណើរទៅទឹកដីថៃបាន។ ត្បិតតែមិនបានកំណត់តួលេខច្បាស់លាស់ ក្នុងមួយខែៗ ប៉ុន្តែលោកស៊ុំ ចន្ទគា សង្កេតឃើញថា មួយថ្ងៃៗ មានពលរដ្ឋខ្មែរ ទាំងឡានៗ ត្រូវបានដឹកទៅដាក់នៅតាមច្រកព្រំដែន ដោយពួកគេត្រូវចំណាយប្រាក់ប្រមាណ ១៣០០បាត ទៅឲ្យមេខ្យល់ជាអ្នករត់ការ។

បើតាមមន្ត្រីអាដហុក របៀបធ្វើចំណាកស្រុកខុសច្បាប់របស់ពលរដ្ឋខ្មែរ ទៅដីថៃនេះ មាន ៣ប្រភេទ គឺការលួចចាកចេញទៅក្នុងរយៈពេលយូរ ដោយយកក្រុមគ្រួសារទៅជាមួយ ហើយធ្វើការនៅទីនោះ។ ទី២ គឺទៅមួយឆ្នាំម្តង ហើយទាល់តែពេលបុណ្យទានធំៗ ទើបត្រឡប់មកស្រុកកំណើតវិញ និងមួយទៅគឺការទៅព្រឹក ត្រឡប់មកវិញល្ងាច៕

website_news/2016120505.txt · Last modified: 2017/03/02 12:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki