website_news:2016120701

ឧទ្ធរណ៍ចាត់របៀបរឿងប្ដីប្រពន្ធ ចិន-ខ្មែរ នាំនារីទៅឡាវ

(http://www.postkhmer.com) Mon, 11 July 2016 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្របានប្រកាសសាលដីកាចាត់របៀប (ស៊ើបអង្កេតឡើងវិញ) លើបុរសជនជាតិចិនម្នាក់ និងប្រពន្ធជាជនជាតិខ្មែរបន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងមកពាក់ព័ន្ធការនាំក្មេងស្រី ២ នាក់ឆ្លងដែនទៅប្រទេសឡាវកាលពីឆ្នាំ ២០១៥ ដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសទាំង ២ នាក់ដាក់ពន្ធនាគារម្នាក់ ៩ ឆ្នាំ។

ក្នុងបន្ទប់សវនាការដែលមានវត្តមានជនជាប់ចោទលោកចៅក្រម ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសំណុំរឿងដែលថាជនជាប់ចោទនាំក្មេងស្រី ២ នាក់ទៅឡាវក្នុងបំណងធ្វើជាអ្នកដាំស្លក្នុងក្រុមហ៊ុនហើយដែលជនជាប់ចោទថាខ្លួនជាដៃគូជាមួយក្រុមហ៊ុនចិនធ្វើផ្លូវនៅឡាវនោះតុលាការសម្រេចថា៖ «ដើម្បីយុត្តិធម៌ក្នុងរឿងនេះតុលាការចេញដីកាចាត់របៀបដោយតម្រូវឲ្យជនជាប់ចោទស្វែងរកលិខិតបញ្ជាក់ពីក្រុមហ៊ុននោះមកបង្ហាញតុលាការថាពិតជានាំក្មេងស្រីនោះទៅដាំស្លមែន។ ក្នុងករណីនេះតុលាការទុកពេលឲ្យ ៣ ខែរកការអះអាងពីក្រុមហ៊ុនហើយបើហួសពី ៣ ខែមិនអាចរកភ័ស្តុតាងបានគឺតុលាការនឹងបន្តនីតិវិធី»។

តាមអង្គហេតុបង្ហាញថាជនជាប់ចោទឈ្មោះ យ៉ាង យុងដុង ជាជនជាតិចិនអាយុ ៤២ ឆ្នាំ និងប្រពន្ធជនជាតិខ្មែរឈ្មោះ ស៊ឹម ប៊ុនបញ្ញា អាយុ ៣០ ឆ្នាំនៅមុនថ្ងៃកើតហេតុគឺក្នុងថ្ងៃទី ១ ខែមីនាឆ្នាំ ២០១៥ ស្រ្តីឈ្មោះ អ៊ិន ជ្រៀន ដែលជាម្តាយមីងរបស់នារីរងគ្រោះឈ្មោះ កែប កុយ អាយុ ២០ ឆ្នាំ និងឈ្មោះ ស្រីមុំ អាយុ ២២ ឆ្នាំបានមកផ្ទះស្រ្តីជាប់ចោទដើម្បីពឹងរកការងារឲ្យក្មួយធ្វើ។ បន្ទាប់ពីមានការពឹងពាក់ស្រ្តីជាប់ចោទបានណែនាំឲ្យប្តីខ្លួនយកនារីពីរនាក់នោះទៅធ្វើជាចុងភៅក្នុងក្រុមហ៊ុនធ្វើផ្លូវនៅឡាវដែលប្តីខ្លួនមានភាគហ៊ុននៅទីនោះដែរ។

អង្គហេតុបង្ហាញបន្តថាក្រោយពីនិយាយត្រូវរ៉ូវគ្នាបុរសចិនជាប់ចោទបាននាំនារីរងគ្រោះពីខេត្តព្រះសីហនុមកភ្នំពេញ និងបន្តទៅខេត្តស្ទឹងត្រែងដើម្បីឆ្លងដែនចូលទឹកដីឡាវ។ ប៉ុន្តែលុះម្តាយនារីរងគ្រោះទាំងពីរនាក់បានដឹងរឿងនេះក៏ដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍សង្កាត់លេខ ១ ក្រុង-ខេត្ត ព្រះសីហនុហើយក៏ប្រាប់ស្រ្តីជាប់ចោទឲ្យទូរស័ព្ទប្រាប់ប្តីដើម្បីនាំកូនពួកគាត់មកវិញ។ ប៉ុន្តែរំលងបាន ៣ ខែក្រោយពីនារីរងគ្រោះមកវិញជនជាប់ចោទ និងប្រពន្ធត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តព្រះសីហនុចាប់ខ្លួន។

សំណុំរឿងនេះត្រូវសាលាដំបូងខេត្តព្រះសីហនុសម្រេចផ្តន្ទាទោសប្តីប្រពន្ធដាក់ពន្ធនាគារក្នុងម្នាក់ៗ ៩ ឆ្នាំដោយចោទពីបទ «នាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការជួញដូរផ្លូវភេទ៕

website_news/2016120701.txt · Last modified: 2017/03/10 10:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki