website_news:2016120702

តំណាងរាស្ត្រស្នើក្រសួងមហាផ្ទៃ ជួយពលករខ្មែររឿងលិខិតឆ្លងដែន

(http://www.postkhmer.com/) Mon, 11 July 2016 សែន ដាវីត

ភ្នំពេញៈ ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានស្នើដល់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអន្តរាគមន៍ជួយដល់ពលករខ្មែរចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃដើម្បីឲ្យពួកគេទទួលបានលិខិតឆ្លងដែនសញ្ជាតិខ្មែរ។

យោងតាមលិខិតរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមរយៈ លោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភាបានឲ្យដឹងថាក្រសួងមហាផ្ទៃក្រសួងការបរទេស និងក្រសួងការងារបានចុះធ្វើលិខិតឆ្លងដែនសញ្ជាតិខ្មែរជូនដល់ពលករខ្មែរដែលកំពុងធ្វើការ និងមិនមានលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅតាមបណ្តាខេត្តនានានៃប្រទេសថៃតាំងពីខែមករា ឆ្នាំ ២០១៥ មកម្ល៉េះ។ ប៉ុន្តែ រហូតមកទល់ពេលនេះពលករខ្មែររាប់សែននាក់នៅប្រទេសថៃដែលបានបង់ប្រាក់ក្នុងម្នាក់ចំនួន ១៤០០ បាតដើម្បីធ្វើលិខិតឆ្លងដែនសញ្ជាតិខ្មែរនោះនៅពុំទាន់បានទទួលនៅឡើយ។

លិខិតបន្តថា៖ «សូមរដ្ឋមន្រ្តីមេត្តាជួយអន្តរាគមន៍ និងចាត់វិធានការដើម្បីឲ្យពលករខ្មែរចំណាកស្រុកដែលបានធ្វើលិខិតឆ្លងដែនសញ្ជាតិខ្មែរនៅប្រទេសថៃកន្លងមកអាចទទួលបានលិខិឆ្លងដែនសញ្ជាតិខ្មែរ»។

លោក គី វណ្ណថារ៉ា អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថ្លែងថាលោកបានទទួលព័ត៌មានថា មានពលករជាច្រើនពាន់នាក់មិនទាន់ទទួលបានលិខិតឆ្លងដែនហើយពលករខ្មែរខុសច្បាប់នៅថៃភាគច្រើនមាន Resident Card ចេញដោយអាជ្ញាធរថៃតែប័ណ្ណទាំងនោះមិនមែនជាប័ណ្ណដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេធ្វើដំណើរដូចលិខិតឆ្លងដែននោះទេ។ លោកថា៖ «អាជ្ញាធរថៃគេចេញ Resident Card ឲ្យខ្មែរបើចេញនៅបាងកកគឺធ្វើដំណើររកការងារបាននៅបាងកកដល់ទៅខេត្តផ្សេងអត់បានទេមិនមែនដូចលិខិតឆ្លងដែននោះទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ប៉ោ ភក្តិ មិនអាចសុំអធិប្បាយបានទេ។

ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានបដិសេធឆ្លើយតបព្រោះលិខិតនោះផ្ញើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ញើមកភ្នំពេញប៉ុស្តិ៍នៅពេលថ្មីៗនេះបានឲ្យដឹងថាក្នុងឆ្នាំ ២០១៥ ក្រសួងបានជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃក្នុងក្របខ័ណ្ឌនៃអនុស្សរណៈរវាងប្រទេសទាំងពីរបានចំនួន ៦៨១៧៤ នាក់។ ចំណែកក្នុងឆមាសទី ១ ឆ្នាំ ២០១៦ ក្រសួងបានជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករកម្ពុជាបានចំនួន ៤២៧៤៣ នាក់៕

website_news/2016120702.txt · Last modified: 2017/03/10 10:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki