website_news:2016120703

ឱ!មណ្ឌលព្រៃស្ពឺអើយ...តាមវាយអ្នកសុំទានរត់ចេញ

(http://kohsantepheapdaily.com.kh) ថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង០៩:៣៥ ដោយ ៖ យន់ ស៊ីថា

រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានរងរបួសបែករយះក្បាលធ្ងន់ និងយុវជនម្នាក់ទៀតបានរងរបួសប៉ោងមុខ និងខ្លួនប្រាណ ដោយសារតែក្រុមសន្តិសុខយាមនៅមជ្ឈមណ្ឌល សំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅ «មណ្ឌលព្រៃស្ពឺ» មានគ្នាប្រមាណជិត១០នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ ព្រួតគ្នាវាយធ្វើបាបគ្នាគ្មានប្រណីដៃ ក្នុងខណៈពេលដែលជនរងគ្រោះទាំង២នាក់នោះ រួមជាមួយអ្នកស្នាក់នៅក្នុងមណ្ឌលខាងលើព្យាយាមរត់ចេញ ដោយពួកគេ និយាយថា ទ្រាំរស់នៅក្នុងនោះមិនបាន ព្រោះការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើបាបគ្រប់ពេលវេលាថែមទៀតផង ។

ប៉ុន្តែក្រុមសន្តិសុខខាងលើ បាននិយាយថា ជនរងគ្រោះទាំងនោះរត់បុកក្បាលគ្នា ទើបបណ្ដាលឲ្យរងរបួសបែបនេះ មិនមែនសន្តិសុខជាអ្នកវាយនោះឡើយ ។ ដោយឡែកប្រជាពលរដ្ឋបានអះអាងថា ក្រុមសន្តិសុខខាងលើ សាហាវខ្លាំងណាស់ ប្រដាប់ដោយដំបងគ្រប់ដៃដេញវាយជនរងគ្រោះដូចសត្វធាតុ ប៉ងសម្លាប់តែម្ដង បើកុំតែបានពួកគាត់ជួយ ប្រហែលត្រូវស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ កក្កដា នៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះនៅក្នុងហេតុការណ៍នោះ យុវជនឈ្មោះ យ៉ែម សុខលីម អាយុ២២ឆ្នាំ មុខរបរធ្វើការហាងសាច់អាំងនៅខណ្ឌទួលគោក និងមានស្រុកកំណើត នៅក្នុងភូមិកោងទន្លេ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និយាយថាខ្លួន ត្រូវបានចាប់ពីផ្សារចាស់ ខណ្ឌដូនពេញ យកទៅដាក់មណ្ឌលនោះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះសមត្ថកិច្ចបានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាស្គូពី ១គ្រឿង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ1BX-7476 ទៀតផង ។

ចំណែកក្មេងប្រុសឈ្មោះ ចក់ សំណាង អាយុ១៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ និងត្រូវបានគេចាប់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ ទៅដាក់មណ្ឌលនោះកាលពី៣ទៅ៤ថ្ងៃមុន ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់កំពុងនៅក្នុងផ្ទះ បានឮសម្រែកឲ្យជួយពីសំណាក់ក្មេងប្រុសតូចម្នាក់ និងមានសម្រែកឲ្យឈប់ពីសំណាក់មនុស្ស១ក្រុមផ្សេងទៀត យ៉ាងកងរំពងផង ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកភូមិបាននាំគ្នាចេញទៅមើល បានឃើញក្រុមសន្តិសុខខាងលើមានដំបងគ្រប់ដៃ កំពុងដេញវាយពួកគេទាំងពីរនាក់ យ៉ាងព្រៃផ្សៃ ទោះបីជនរងគ្រោះលើកដៃសំពះអង្វរយ៉ាងណាក៏ដោយ ក៏មិនព្រមលើកលែងឲ្យដែរ គឺវាយរហូតបែករយះក្បាលក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ និងយុវជនអាយុ២២ឆ្នាំម្នាក់ទៀតត្រូវប៉ោងមុខ។ បន្ទាប់ពីឃើញបែបនេះ ពួកគាត់បាននាំគ្នាចេញជួយ ទើបសន្តិសុខទាំងនោះបាននាំគ្នាឈប់វាយ និងចាកចេញទៅបាត់ ។ ក្រោយមកបានទៅសុំយកជនរងគ្រោះទៅដាក់ក្នុងមណ្ឌលវិញ ប៉ុន្តែពួកគាត់មិនព្រមឲ្យទេ និងបានឲ្យលុយទៅពួកគេនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។

ជនរងគ្រោះទាំងពីរនាក់ បាននិយាយថាពួកគេរួមជាមួយអ្នកស្នាក់នៅក្នុងនោះ មួយចំនួនទៀត បានសម្រុករត់ចេញពីក្នុងមណ្ឌលនោះ ក្នុងបំណងស្វែងរកសេរីភាព ព្រោះតែមិនអាចទ្រាំទ្រ រស់នៅក្នុងនោះបានតទៅទៀតទេ ។ តាមពួកគេនិយាយគឺរស់នៅទីនោះ ពិបាកជាងជាប់គុកទៅទៀត ជាពិសេសការហូបចុក មិនបានគ្រប់គ្រាន់ ហូបបាយខ្លោច សម្លរមានតែទឹក មិនសូវមានសាច់មានបន្លែនោះទេ អន់ជាងបាយជ្រូក ។

តាមការរៀបរាប់បានឱ្យដឹងទៀតថា រាល់ថ្ងៃពួកគេឃើញអ្នកគ្រប់គ្រងមណ្ឌលនោះ ដឹកបន្លែ ត្រី សាច់ ទាំងរថយន្តៗ ប៉ុន្តែពួកគេមិនដែលបានហូបទេ មិនដឹងថាយកទៅណាឡើយ និងទទួលរងការធ្វើបាបដូចសត្វធាតុស្ទើររាល់ថ្ងៃ ។ ដោយសារតែបែបនេះ ទើបនៅពេលមានឱកាស ពួកគេបាននាំគ្នារត់គេចខ្លួន ហើយត្រូវក្រុមសន្តិសុខឃើញក៏លើកគ្នាដេញតាមចាប់វាយយ៉ាងនេះតែម្ដង ។

ទោះបីជាយ៉ាងណា ក្រុមសន្តិសុខខាងលើ បានបដិសេធថាខ្លួនមិនបានវាយទៅលើជនរងគ្រោះនោះទេ គឺពួកគេបាននាំគ្នារត់បុកគ្នាបណ្ដាលឲ្យបែកក្បាលខ្លួនឯងតែប៉ុណ្ណោះ ហើយកម្លាំងសន្តិសុខបាននាំគ្នាដេញតាមចាប់យកទៅវិញ ព្រោះមិនមែនមានតែ២នាក់នោះទេ ដែលរត់ចេញពីមណ្ឌល គឺមានរហូតដល់ទៅ ជាង៣០នាក់ឯណោះ និងចាប់វិញបានខ្លះ ។

បញ្ហាមណ្ឌលព្រៃស្ពឺនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រតិកម្មម្តងមកហើយ កាលពីប៉ុន្មានខែមុន ដែលបានធ្វើឱ្យសម្តេចដែលជាប្រមុខរាជរដ្ឋាភិបាលឈឺក្បាល ដោយសម្តេចបានផ្តល់អនុសាសន៍ថា បើគ្រប់គ្រងមិនបានល្អទេ គប្បីបិទចោលតែម្តងទៅ ។

ក្នុងការឆ្លើយតបប្រតិកម្មនេះ ទាំងលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត និងលោកអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ក្នុងមណ្ឌលព្រៃស្ពឺនេះ ដោយបានសន្យារៀបចំឱ្យមានភាពកក់ក្តៅ សម្រាប់ក្រុមជនអនាថា ដែលបានប្រមូលយកទៅកាន់កន្លែងនោះ ប៉ុន្តែដូចនៅយ៉ាប់ដដែល ។

នេះជាលើកទី១ហើយ ដែលប្រជាពលរដ្ឋបានឃើញពីការដេញវាយដោយដំបងពីសំណាក់សន្តិសុខមណ្ឌល ដែលទង្វើងនេះប្រហែលជាល្មមដល់ពេលរៀបចំប្រព័ន្ធគ្រប់គ្រងជាថ្មីហើយ។ ពិតជាពិបាកណាស់ កន្លែងស្នាក់នៅសូម្បីអ្នកសុំទានក៏នៅមិនបានទៅហើយ គួរតែពិចារណាឡើងវិញ ៕

website_news/2016120703.txt · Last modified: 2017/03/10 10:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki