website_news:2016120704

លោះកូនមិនបាន រត់ចូលឡានប៉ងធ្វើអត្តឃាត

(http://kohsantepheapdaily.com.kh) ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១៧:០១ យន់ ស៊ីថា

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់លុយចំនួន៦០០ដុល្លារទៅលោះយកកូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវប្ដីលួចយកទៅលក់ឲ្យអ្នកដទៃទៀតតាំងពីកូនស្រីនោះទើបបានអាយុ៤ខែមកម្ល៉េះ ហើយនាងបាននិយាយថា ប្ដីបានលាក់លៀមទីតាំងដែលយកកូនទៅលក់នោះ រហូតមិនព្រមប្រាប់ឡើយ ទោះជានាងខំសួរយ៉ាងណាក៏មិនព្រមប្រាប់ដែរ ។ ទើបតែមួយរយៈពេលក្រោយនេះ នាងបានស្រាវជ្រាវរកហើយបានឃើញ ក៏បានខំសន្សំលុយទម្រាំតែបានចំនួន៦០០ដុល្លារយកទៅលោះយកកូននោះវិញ ប៉ុន្តែត្រូវអ្នកដែលទិញយកទៅចិញ្ចឹមនោះ បដិសេធមិនព្រមឲ្យវិញឡើយ ។ បន្ទាប់មកនាងបានទៅប្ដឹងអាជ្ញាធរសង្កាត់ចោមចៅឲ្យជួយ ប៉ុន្តែពេលនោះអាជ្ញាធរបានពន្យល់ពីការដែលនាងបោះបង់កូនចោល រហូតដល់ទៅជិត៦ឆ្នាំហើយ ទើបចង់បានវិញបែបនេះ ពិបាកនឹងធ្វើការណាស់ ស្រាប់តែនាងធ្វើដំណើរចាកចេញពីសាលាសង្កាត់រួចរត់ចូលរថយន្តប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមន្ត្រី និងជំនួយការសង្កាត់ចោមចៅ បាននាំគ្នាជួយទើបផុតពីសេចក្ដីស្លាប់ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខសាលាសង្កាត់ចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរូបនោះបានឲ្យដឹងទៀតថា នាងរស់នៅក្នុងអារម្មណ៍នឹកកូនជានិច្ច បើទោះបីប្ដីមិនព្រមប្រាប់ក៏នាងនៅតែព្យាយាមស្រាវជ្រាវរកអ្នកដែលយកកូននាងទៅចិញ្ចឹមដដែល លុះក្រោយមកទើបរកឃើញនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ខណៈនោះនាងបានខំសន្សំលុយរហូតបានគ្រប់ចំនួន៦០០ដុល្លារ លុះដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នាងបានទៅសុំលោះយកកូនមកវិញ ប៉ុន្តែត្រូវបានអ្នកទិញយកទៅចិញ្ចឹមនោះមិនព្រមឲ្យវិញឡើយ ដោយបាននិយាយថា គាត់ខំចិញ្ចឹមជិត៦ឆ្នាំហើយ គឺទុកជាកូនបង្កើតរបស់គាត់ មិនអាចប្រគល់ឲ្យវិញបានឡើយ ហើយបើចង់យកវិញទាល់តែមាន១៥០០ដុល្លារ ។ ទើបពេលនេះនាងបានរត់រកអាជ្ញាធរឲ្យជួយ ប៉ុន្តែដោយអាជ្ញាធរមិនអាចជួយបាន ទើបនាងមិនចង់រស់ ចង់សម្លាប់ខ្លួន ឲ្យផុតពីលោកនេះតែម្ដង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលមានរឿងបែបនេះ អាជ្ញាធរបានចុះទៅធ្វើការស្រាវជ្រាវ ហើយអ្នកទទួលចិញ្ចឹមកូននោះ បានឲ្យមើលឯកសារ គឺមិនមែនជាការទិញលក់នោះឡើយ ការយកកូននោះទៅចិញ្ចឹម គឺមានការដឹងឮពីអាជ្ញាធរភូមិ ដោយសារខណៈនោះបុរសជាឪពុកមិនមានលទ្ធភាពចិញ្ចឹម ទើបយកកូននោះទៅប្រគល់ឲ្យគ្រួសារមួយនោះ មានធនធានជីវភាពគួរសមជួយចិញ្ចឹម ដោយគ្មានការទាមទារយកវិញឡើយ ទើបគ្រួសារនោះព្រមទទួលយកទៅចិញ្ចឹម ដែលគិតមកដល់ពេលនេះមានរយៈពេលជិត៦ឆ្នាំហើយ ។

ដោយឡែក ស្ត្រីខាងលើ ក្រោយពីមន្ត្រីសាលាសង្កាត់ អប់រំ និងប្រាប់ថា មិនត្រូវស្លាប់ទេ នាងនៅមានកូន២នាក់ទៀត ហើយកូនម្នាក់ដែលឲ្យគេចិញ្ចឹមនោះមានសេចក្ដីសុខ និងរស់នៅក្នុងគ្រួសារអ្នកមានផង ទើបនាងសុខចិត្តត្រឡប់ទៅផ្ទះវិញ ៕

website_news/2016120704.txt · Last modified: 2017/03/10 10:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki