website_news:2016120705

បន្តករណីស្ត្រីរត់ចូលឡាន ព្រោះតែខឹងលោះកូនវិញអត់បាន

(http://kohsantepheapdaily.com.kh) ថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១៦:៥១ ដោយ ៖ យន់ ស៊ីថា

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលចោទប្ដីថា បានយកកូនស្រីទៅលក់ឱ្យគេក្នុងតម្លៃ៦០០ដុល្លារនោះ ហើយកាន់លុយចំនួន៦០០ដុល្លារ ចង់ទៅលោះយកកូនមកវិញ តែមិនបាន ក៏ព្យាយាមរត់ចូលរថយន្តប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួននោះ នារសៀលថ្ងៃទី១១ កក្កដា ២០១៦ នៅតែកើតទុក្ខមិនសុខចិត្តដដែល និងបានបន្តទៅប្ដឹងនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យជួយអន្តរាគមន៍ទៀត ដែលលើកនេះត្រូវបុរសជាប្ដីក៏បានទៅជាមួយដែរ ។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហកាជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ផ្ទះដែលអះអាងថា បានទទួលកូននោះយកទៅចិញ្ចឹម ដោយនាំស្ត្រីនិងប្ដីទៅជាមួយផងដែរ កាលពីវេលាម៉ោង ០១ និង១៥នាទីរសៀលថ្ងៃទី១១ កក្កដា ២០១៦ ដែលផ្ទះនោះស្ថិតនៅក្បែរសាលាបឋមសិក្សាអូរដឹម ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ខណៈនោះ នគរបាលបានជួបជាមួយម្ចាស់ផ្ទះ ប៉ុន្តែគាត់ឆ្លើយថា ពួកគាត់គ្រាន់តែជាបងប៉ុណ្ណោះ អ្នកដែលសុំកូននោះទៅចិញ្ចឹម គឺប្អូនរបស់ពួកគាត់ ប៉ុន្តែមិនមែនរស់នៅស្រុកខ្មែរនោះទេ គឺកំពុងរស់នៅឯប្រទេសអូស្ត្រាលី ។ ហើយកូនស្រីដែលយកទៅចិញ្ចឹមនោះ ក៏រស់នៅទីនោះដែរ ដែលមានអាយុ៦ឆ្នាំហើយ ។ បន្ទាប់មក នគរបាលបានអញ្ជើញម្ចាស់ផ្ទះឱ្យទៅបំភ្លឺនៅសាលាសង្កាត់ចោមចៅ នាពេលនោះដែរ ។

ស្ត្រីដែលទាមទារយកកូនវិញ ឈ្មោះកាន ស្រីមាន អាយុ២៨ឆ្នាំ ជាជាងអ៊ុតសក់ មានស្រុកកំណើតនៅក្នុង ភូមិរកា៥ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្ដីឈ្មោះ ហាក់ ហាន អាយុ៣៨ឆ្នាំ ជាជាងសំណង់ ។ ដោយ ឡែក អ្នកដែលយកកូនទៅចិញ្ចឹម ឈ្មោះមាស វល័ក្ខ ភេទស្រី អាយុជាង៤០ឆ្នាំ រស់នៅក្នុងប្រទេសអូស្ត្រាលី ។

អាជ្ញាធរសង្កាត់ចោមចៅបានឱ្យដឹងថា កាលពីថ្ងៃទី២ ធ្នូ ២០១០ កន្លងទៅនោះ បុរសខាងលើបានអះអាងថា ខ្លួនគ្មានលទ្ធភាពចិញ្ចឹមកូនទេ ដោយសារតែខ្លួនមានជំងឺ ។ ចំណែកប្រពន្ធបានដាច់ចិត្តរត់ចោលទៀត សម្រេច ចិត្តប្រគល់កូនទៅឱ្យឈ្មោះ មាស វល័ក្ខ ជួយចិញ្ចឹម ។ ដោយសារមានការអណិតអាសូរចំពោះបុរសនោះ ម្យ៉ាងឃើញក្មេងគួរឱ្យស្រលាញ់ផង និងដើម្បីអនាគតក្មេងផង ទើបយល់ព្រមទទួលយកកូននោះយកទៅចិញ្ចឹម ។

បន្ទាប់ពីយល់ព្រមគ្នាហើយ ក៏នាំគ្នាទៅរកអាជ្ញាធរភូមិ និងសង្កាត់ឱ្យជួយដឹងឮ ប៉ុន្តែពេលនោះ អាជ្ញាធរមិនហ៊ានដឹងឮអ្វីនោះទេប៉ុន្តែភាគីទាំងសងខាងសម្រេចចិត្តបែបណា គឺព្រមព្រៀងដោយខ្លួនឯង ។ បន្ទាប់មក ភាគីទាំងពីរបានធ្វើកិច្ចសន្យាជាមួយគ្នាដោយខ្លួនឯង ហើយខណៈនោះ អ្នកស្រីមាស វល័ក្ខ មានមនោសញ្ចេតនា ក៏បានឧបត្ថម្ភប្រាក់ចំនួន៦០០ដុល្លារ ទៅបុរសជាឪពុកដើម្បីយកទៅព្យាបាលជំងឺទៀតផង ។ ហើយពេលនេះ ក្មេងស្រីខាងលើ កំពុងរស់នៅដោយមានសេចក្ដីសុខលើទ្រព្យសម្បត្តិ និងទទួលបានការបណ្ដុះបណ្ដាលនៅឯប្រទេសអូស្ត្រាលី ។

website_news/2016120705.txt · Last modified: 2017/03/10 10:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki