website_news:2016120706

តុលាការកាត់ទោសប្តីប្រពន្ធពីរនាក់រឿង បើកហាងកាហ្វេបង្កប់សេវារួមភេទ

(http://ann.com.kh) ដោយ: ឡុក សំរិត  ថ្ងៃថ៍ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង សញ្ចារកម្ម នៅក្នុងហាងកាហ្វេ យីហោ ណាត់ជួប ដែលមានជនជាប់ចោទចំនួន ២នាក់ ប្តីប្រពន្ធមកបើកសវនាការជាសាធារណៈ។

ជនជាប់ចោទទី១.ឈ្មោះ ផាម ទ្រីភឿង ហៅហាយ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងកាហ្វេ ណាត់ជួប ជនជាតិវៀតណាម (ជាប្រពន្ធ) និងទី២.ឈ្មោះ ដួង លីម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣ ជនជាតិខ្មែរ (ជាប្តី)។ ជនជាប់ចោទទាំង២នាក់ ត្រូវបានលោក ស្រី ម៉ាកនី តំណាងអយ្យការចោទប្រកាន់ពីបទ សញ្ចារកម្មមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងចារី ប្រព្រឹត្តលើបុគ្គលច្រើននាក់ ធ្វើពេស្យាចារ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្ទះលេខ ៤៣០ ផ្លូវ៣៧២ ក្រុម៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញមាត្រា ២៨៤ និងមាត្រា ២៨៨នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ផាម ទ្រីភឿង បានសារភាពថា ខ្លួនពិតជាបានបើកហាងកាហ្វេបង្កប់សេវាកម្មភ្លូវភេទមែន ដោយស្ត្រីជាអ្នករត់តុកាហ្វេចំនួន៦នាក់ មានជនជាតិខ្មែរ ២នាក់ និងជនជាតិវៀតណាម ៤នាក់ ជាស្ត្រីរកស៊ីផ្លូវភេទ។ ជនជាប់ចោទបន្តថា នៅពេលស្ត្រីទាំង៦នាក់ ទៅដេកជាមួយភ្ញៀវ នៅផ្ទះសំណាក់យីហោ ស្លឹកមាស នៅជិតហាង គឺយកតម្លៃ ៥ម៉ឺនរៀល ហើយជនជាប់ចោទដកយក១ម៉ឺនរៀន ប្រសិនបើស្ត្រីទាំងនោះ ទៅដេកជាមួយភ្ញៀនមួយយប់ ៥០ដុល្លារ ជនជាប់ចោទដកយក ២០ដុល្លារ។ ដោយឡែកជនជាប់ចោទឈ្មោះ ដួង លីម បានសារភាពខ្លួនជាអ្នកដឹកស្ត្រីរកស៊ីផ្លូវភេទទាំង៦នាក់ ទៅដេកជាមួយភ្ញៀវនៅផ្ទះសំណាក់ស្លឹកមាស។

យោងតាមអំណានចម្លើយជនរងគ្រោះ បានឱ្យដឹងថា ពួកនាងទាំង៦នាក់ បានមករស់នៅជាមួយជនជាប់ចោទទាំង២នាក់ខាងលើ ក្នុងហាងកាហ្វេយីហោ ណាត់ជួប ដោយមិនយកប្រាក់ខែនោះទេ ប៉ុន្តែពួកនាងអាចរកភ្ញៀវទៅបម្រើសេវកម្មផ្លូវភេទបាន ដោយម្តងទទួលបានប្រាក់ ៥ម៉ឺនរៀល ចេញថ្លៃផ្ទះសំណាក់១ម៉ឺនរៀល និងឱ្យចែហាយ ១ម៉ឺនរៀល។ ចម្លើយបានបញ្ជាក់ថា បើភ្ញៀវយកទៅដេកនៅក្រៅត្រូវយក ៥០ដុល្លារ រួចដកឱ្យចែហាយ ២០ដុល្លារ។ ជនជនរងគ្រោះចំនួន ៦នាក់ បានទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗចាប់ពី ៥លានរៀល ទៅ១០លានរៀល។ ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានលោក ហេង សុខណា លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខវិញ៕

website_news/2016120706.txt · Last modified: 2017/03/10 10:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki