website_news:2016120902

ក្រសួងសុខាភិបាល អំពាវនាវពលករខ្មែរ នៅថៃប្រយ័ត្នមេរោគ ហ្ស៊ីកា ខណៈកំពុងរីករាលដាល នៅបាងកក

(http://www.dap-news.com/kh) អាទិត្យ, ១១ កញ្ញា ២០១៦ 17:11 ដោយ: អេង គឹមជាង ID:019

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានថ្លែងអំពាវនាវឲ្យពលករខ្មែរ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃ ត្រូវប្រុងប្រយ័ត្ន អំពីមេរោគហ្ស៊ីកា (Zika) ខណៈមេរោគប្រភេទនេះ កំពុងតែរីករាលយ៉ាងខ្លាំង នៅទីក្រុងបាងកក។

លោក លី សុវណ្ណ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះថា ដើម្បីជៀសវាងពីវីរុសប្រភេទនេះ ពលករខ្មែរទាំងអស់ ត្រូវស្លៀកសំលៀលបំពាក់ឲ្យជិត ហើយត្រូវទិញធូកមូសមកអុជ ដាក់ការពារខ្លួន និងមិនត្រូវទៅទីកន្លែងងងឹតឡើយ ព្រោះនឹងងាយឆ្លងរោគ។ លោកបន្តថា “ប្រសិនបើពួកគេត្រឡប់មក ប្រទេសកំណើតវិញ បើមានរោគសញ្ញាក្តៅខ្លួន ត្រូវរាយការណ៍មកភ្នាក់ងារ របស់មន្រ្តីក្រសួងសុខាភិបាល ដែលបានដាក់ជាប់ជាប្រចាំ នៅតាមច្រកសំខាន់មួយចំនួនដូចជា នៅតាមអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ , អាកាសយាន្តដ្ឋានសៀមរាប , ច្រកប៉ោយប៉ែត និងបាវិតជាដើម ដែលនៅតាមច្រកនីមួយៗ មានដាក់ម៉ាស៊ីនកំដៅដើម្បីរករោគសញ្ញាផងដែរ”។ លោកថា បើមានរោគសញ្ញាអ្វីដែលអាចសំគាល់ថា មានមេរោគហ្ស៊ីកានោះ ត្រូវទាក់ទងមកលេខ១៥៥ ហើយក្រុមមន្រ្តីជំនាញ នឹងចុះទៅពិនិត្យភ្លាម។

អ្នកនាំពាក្យខាងលើបន្ថែមថា ក្រសួងបានដាក់វិធានការណ៍ ការពារកុំឲ្យឆ្លងវីរុសនៅតាម វេបសាយរបស់ក្រសួង ផេកហ្វេសប៊ុក និងផេកមួយទៀត ដែលមានឈ្មោះថា www.cdcmoh.gov.kh និង www.facebook.com/cdcmohcam/

សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ បានបង្ហាញឲ្យដឹងថា មេរោគ ហ្ស៊ីកា ២១ករណី ត្រូវបានគេរកឃើញនៅសង្កាត់ សាថន កណ្តាលទីក្រុង បាងកក ។ មន្រ្តីបាននិយាយថា ស្រ្តីម្នាក់ត្រូវបានគេរកឃើញ ឆ្លងមេរោគហ្ស៊ីកា ដោយចេញរោគសញ្ញា គ្រុនក្តៅ ឡើងកន្ទួលក្រហម ផ្នែកក្រហម និងឈឺពេញខ្លួន ខណៈនាងកំពុងមានផ្ទៃពោះបាន ៣៧សប្តាហ៍ បន្ទាប់ពីគេបានដឹងថា ប្តីរបស់នាងទើបតែត្រឡប់មក ពីប្រទេសសឹង្ហបុរី ដែលជាទីកន្លែងមានការផ្ទុះឡើង ជំងឺនេះចំនួន ២៧៥ករណី ៕

website_news/2016120902.txt · Last modified: 2017/03/12 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki