website_news:2016120904

មាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន ៦ នាក់ ពីប្រទេសម៉ាឡេស៊ី

(http://www.cen.com.kh/local) ថ្ងៃទី 12 កញ្ញា 2016, ម៉ោង 11:17:AM) | ដោយ: មុនីរាជ ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនី ចំនួន៦នាក់ អោយបានត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនី ចំនួន៦នាក់នោះ មានដូចខាងក្រោម៖

១- ពលការិនី រស់ មិថុនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោក មេខ្យល់ ធ្វើការងារជាអ្នកបោសសំអាត ក្រោយទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៥។ ដោយធ្វើការងារលំបាកពេក នាងបានស្នើសុំអោយស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។

២- ពលការិនី ឯម ស៊ុន អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំអោយស្ថានទូត ជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី រស់ មិថុនា និងពលការិនី ឯម ស៊ុន បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។

៣- ពលការិនី ឃឹម ស្រឿន អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម បានចាញ់បោកមេ ខ្យល់ទៅដល់ម៉ាឡេស៊ី កាលពីខែ កញ្ញា ឆ្នាំ ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំអោយ ស្ថានទូតជួយអោយបានវិលត្រឡប់ មកកម្ពុជាវិញ។

៤- ពលការិនី ឃាម សំ អាយុ៤១ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក គាត់បានស្នើសុំអោយ ស្ថានទូតជួយទាមទារប្រាក់ខែ ដែលនៅសល់ពីថៅកែ និងជួយអោយបានវិលត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត ថៅកែបានយល់ព្រម ប្រគល់ប្រាក់ចំនួន ៩.៩៩០ រីងហ្គីត (ប្រាក់ខែ + ថ្លៃសំបុត្រយន្តហោះ) អោយពលការិនី តាមសំណូមពរ របស់ស្ថានទូត។ ពលការិនី គឹម ស្រឿន និងពលការិនី ឃាម សំ នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។

៥- ពលការិនី សុខ ខា អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម បានជាប់ឃុំនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដោយសារពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន នាងបានរួចទោស ហើយស្ថានទូត បានឧបត្ថម្ភសំបុត្រយន្តហោះដល់នាង ក្នុងការត្រឡប់មកកម្ពុជាវិញ។ ពលការិនី សុខ ខា នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534 ។

៦- ពលករ ហឿន សុខឡា អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ បានជាប់ឃុំនៅពន្ធនាគារ Lenggeng ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវបានប៉ូលិស ម៉ាឡេស៊ីចាប់ខ្លួន ដោយសារលិខិតឆ្លងដែន ផុតសុពលភាព។ បច្ចុប្បន្ន ពលកររូបនេះ បានរួចទោស ហើយស្ថានទូត បាន ឧបត្ថម្ភសំបុត្រយន្តហោះ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។ ពលករ ហឿន សុខឡា នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534 ៕N/S

website_news/2016120904.txt · Last modified: 2017/03/12 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki