website_news:2016121201

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដាស់តឿនឲ្យមន្រ្តី រាជរដ្ឋាភិបាល ដែលឃុបឃិតការជួញដូរមនុស្ស ត្រូវបញ្ឈប់ជាបន្ទាន់

(http://dap-news.com/kh) អាទិត្យ, ១១ ធ្នូ ២០១៦ 16:39 ដោយ: អេង ប៊ូឆេង ID:019

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានក្រើនរំលឹក ដាស់តឿនឲ្យមន្រ្តីរាជរដ្ឋាភិបាល ទាំងឡាយណា ដែលឃុបឃិតជាមួយ ជនល្មើសក្នុងការជួញដូរ មនុស្សត្រូវដកខ្លួនជាបន្ទាន់។ ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០១៦ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ សម្តេច ស ខេង បានថ្លែងថា “ជាថ្មីម្តងទៀត ខ្ញុំសូមរំលឹក ដាស់តឿនចំពោះ មន្រ្តីរាជរដ្ឋាភិបាល ទាំងឡាយណា ដែលបាននិងកំពុងតែ សាងបញ្ហា ឃុបឃិត និងសហការជាមួយ ជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធ ទាំងឡាយ ទោះបីជាដោយចេតនាក្តី អចេតនាក្តី ត្រូវឆាប់ដកខ្លួនជាបន្ទាន់ និងកែខ្លួនឲ្យបានល្អ ព្រោះមិនអាចសំងំ លាក់លៀមសកម្មភាព ទាំងនេះបានទៀតឡើយ ហើយនឹងត្រូវបានផ្តន្ទាទោស តាមច្បាប់”។

សម្តេចបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងសម្តេចផ្ទាល់ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងច្បាស់លាស់ថា៖ រាជរដ្ឋាភិាលនៅតែបន្ត ខិតខំប្រឹងប្រែងជម្នះ គ្រប់ឧបសគ្គប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស , រាជរដ្ឋាភិបាល រួមសហការជាមួយ ដៃគូនិងទាមទារ ឲ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេស ពាក់ព័ន្ធទាំងឡាយ ក្នុងតំបន់និងពិភពលោក , រាជរដ្ឋាភិបាល នៅតែបន្តប្រឹងប្រែង អនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញា អន្តរជាតិ ច្បាប់ជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី , រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ និងលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ ឲ្យមានលទ្ធភាព ក្នុងការបំពេញការងារ ឲ្យទទួលបានជោគជ័យ។ សម្តេច ស ខេងបន្តថា ទោះបីជាអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស អំពើហិង្សាផ្លូវភេទលើស្រ្តី និងកុមារ អំពើហិង្សា ក្នុងគ្រួសារ បញ្ហាគ្រឿងញៀន និងបទល្មើសមួយចំនួន ត្រូវបានទប់ស្កាត់ បង្រ្កាប និងផ្តន្ទាទោស ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះ នៅតែកើតមានជាហូរហែ និងតាម គ្រប់រូបភាពប្លែកៗ ដែលបង្កជាកង្វល់សម្រាប់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង៕

website_news/2016121201.txt · Last modified: 2017/03/16 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki