website_news:2016121202

ក្រសួងអប់រំណែនាំឲ្យគ្រឹះស្ថានសិក្សាប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(http://www.rfa.org/khmer/news/human-rights) ដោយ អ៊ុំ រង្សី 2016-12-10

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកការជួញដូរមនុស្សជាការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ធ្វើឲ្យខាតបង់ឧត្តមប្រយោជន៍របស់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងរាជធានី-ខេត្ត រួមគ្នាប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ការលើកឡើងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របពេលកម្ពុជា នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព» នៅថ្ងៃទី១២ ខែធ្នូ ខាងមុខ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ថ្លែងនៅក្នុងសេចក្តីណែនាំស្ដីពីការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា បច្ចុប្បន្ននេះមានពលរដ្ឋកម្ពុជា ជាច្រើនបានចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយងាយចាញ់បោកគេ គឺរាប់តាំងពីការបោកបញ្ឆោតយកមនុស្សទៅធ្វើការដោយជួញដូរពលកម្ម និងការនាំទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដោយធ្លាក់ទៅក្នុងអំពើជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម ជាដើម។ លោក ហង់ ជួន ណារ៉ុន បន្តថា ប្រទេសកម្ពុជា តែម្នាក់ឯង គឺមិនអាចប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានជោគជ័យទេ ត្រូវទាមទារឲ្យប្រទេសជាច្រើន និងស្ថាប័នដែលពាក់ព័ន្ធ រួមគ្នាដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សដែលកំពុងតែកើតមាននេះ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សារាជធានី-ខេត្តក្រោមឱវាទ សរសេរសារ ពាក្យស្លោក និងត្រូវប្រារព្ធទិវានេះ ដើម្បីរួមចំណែកលុបបំបាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងបំផុសការយល់ដឹងដល់ពលរដ្ឋឲ្យចេះប្រុងប្រយ័ត្ន៕

website_news/2016121202.txt · Last modified: 2017/03/16 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki