website_news:2016121206

សម្តេច ស ខេង៖ ការលុបបំបាត់ឧក្រិដ្ឋជួញដូរមនុស្ស ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា

(http://www.cen.com.kh/local) ថ្ងៃទី 12 ធ្នូ 2016, ម៉ោង 02:54:PM ដោយ: ដាវុធ

ភ្នំពេញ: សម្តេចក្រឡា ហោម បានទាមទារឲ្យមាន ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលមិនអាចមាននរណាម្នាក់ ស្ថាប័នណាមួយ ឬប្រទេសណាមួយ អាចលុបបំបាត់បទឧក្រិដ្ឋជួញដូរមនុស្ស តែម្នាក់ឯងបានឡើយ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ដែលមានខ្សែបណ្តោយចាត់ចែងយ៉ាងស្មុគស្មាញ។ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានអញ្ជើញធ្វើជាអធិបតី នៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រព និងពិព័រណ៌កោះពេជ្រ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលកើតមាននៅគ្រប់បណ្តាប្រទេសក្នុងពិភពលោកក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀតដែលបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេស។ ប្រជាពលរដ្ឋមួយចំនួនធំ បាននិងកំពុងតែទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីអំពើជួញដូរមនុស្ស តាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព ការរំលោភបំពានលើសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និងបញ្ញាស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះធ្វើឲ្យមានវិបត្តិ ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងលុបបំបាត់ទាន់ពេលវេលាទេនោះ។

ថ្លែងនៅក្នុងទិវានោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សព្វថ្ងៃនេះ កម្លាំងសមត្ថកិច្ចជាច្រើន បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងពេលខ្លះ រហូតដល់លះបង់អាយុជីវិត ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ តែទោះជាយ៉ាងណាក្តី ក៏នៅតែមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ អាចលុបបំបាត់បទល្មើសទាំងអស់នេះ បាននៅឡើយ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្តថា ដើម្បីធ្វើកិច្ចការនេះ បានទាមទារឲ្យមានការយល់ដឹងដូចគ្នា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ជាធ្លុងមួយ ឆ្ពោះទៅកាន់គោលដៅរួមតែមួយ គឺ ធ្វើអ្វីៗដើម្បីសេចក្តីសុខ និងភាពរីកចម្រើន របស់មនុស្សជាតិ ៕

website_news/2016121206.txt · Last modified: 2017/03/16 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki