website_news:2016121208

ប៉ូលិសថៃឃាត់ខ្លួនពលករខ្មែរអូសឥវ៉ាន់ឲ្យជនជាតិរុស្ស៊ីម្នាក់ ក្រោយរកឃើញគ្រឿងញៀន

(http://ann.com.kh) ដោយ: យិន យឿនថ្ងៃថ៍ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦

ខេត្តកោះកុង ៖ កម្មករខ្មែរម្នាក់ដែលរកស៊ីអូសរទេះដឹកវ៉ាលិសឆ្លងដែនឲ្យភ្ញៀវបរទេស ត្រូវតម្រួតថៃចាប់ខ្លួនកាលពីថ្ងៃទី៩ ធ្នូ កន្លងទៅ បន្ទាប់ពីបានរកឃើញគ្រឿងញៀនមួយចំនួនធំនៅក្នុងវ៉ាលិសនោះ ហើយចំណែកម្ចាស់វ៉ាលិសវិញបានរត់គេចខ្លួនបាត់។ បើតាមសមត្ថកិច្ចថា កម្មករអូសរទេះខាងលើដែលសមត្ថកិច្ចថៃបានឃាត់ខ្លួន មានឈ្មោះ ហួត សុគម (ហៅយាយគឿន) អាយុ៥៤ឆ្នាំ មុខរបរកម្មកររុញរទេះដឹកឥវ៉ាន់ មានទីលំនៅភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង៩ និង១០នាទីព្រឹក នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នោះមានជនជាតិបរទេសម្នាក់ (ជនជាតិរ៉ូស៊ី) ឈ្មោះ GARASHENKO ANDREY ឆ្នាំកំណើត 19.12.1988 កាន់លិខិត ឆ្លងដែនលេខ 715653599 ធ្វើដំណើរឆ្លងដែនចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិចាំយាម (ខេត្តកោះកុង និងខេត្តត្រាត) ពេលទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យភាគីកម្ពុជា ជនបរទេសខាងលើ ក៏បានជួលរទេះរុញដើម្បីដឹកឥវ៉ាន់របស់ខ្លួនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំង២ភាគី (កម្ពុជា-ថៃ) តែពេលចូលទៅដល់ប៉ុស្តិត្រួត ពិនិត្យភាគីថៃ សមត្ថកិច្ចគយថៃក៏បានឆែកឆេររទេះរុញខាងលើ រួចរកឃើញគ្រឿងញៀនមួយចំនួន។ ពេលនោះ ជនបរទេសដែលជាម្ចាស់វ៉ាលិសបានឈមើលពីចម្ងាយ ហើយដោយឃើញសមត្ថកិច្ចគយថៃឆែកឆេរវ៉ាលិសរបស់ខ្លួនដែលទុកនៅក្នុងរទេះរុញនោះ ក៏ត្រឡប់ក្រោយចូលក្នុងប្រទេសកម្ពុជាវិញ។

ករណីនេះ លោក កៅ សារ៉ាណា មេប៉ុស្តិអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិចាំយាម បានថ្លែប្រាប់ ANN កាលពីព្រឹកមិញថា ករណីនាំចូលគ្រឿងញៀនកាលពីថ្ងៃ៩ ធ្នូនោះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរុករកតាមឃាត់ខ្លួនជនជាតិរុស្ស៊ីដែលជាម្ចាស់ឥវ៉ាន់ ចំណែកឯកម្មករអូសរទេះរុញដែលសមត្ថកិច្ចថៃឃាត់ខ្លួនគឺកំពុងតែឃុំខ្លួន និងសាកសួរនៅឡើយ ដោយសាររូបគាត់នៅពាក់ព័ន្ធនិងវត្ថុតាង ហើយយើងក៏មិនដឹងថា គាត់មានការសហការ ឬជាភាពអចេតនារបស់គាត់នោះទេ។ លោកបន្តថា ទោះជាយ៉ាងណាក្តីរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហានេះ ហើយខាងអាជ្ញាធរក៌បានទំនាក់ទំនងទៅខាងភាគីថៃដោយមានភាពសហការយ៉ាងរលូនផងដែរ ប៉ុន្តែក្នុងពេលនេះភាគីថៃ សុំការស្រាវជ្រាវសិន។

គួរបញ្ជាក់ថា គ្រឿងញៀនដែលរកឃើញនៅក្នុងវ៉ាលិសជនជាតិរុស្ស៊ីនោះ រួមមាន កញ្ឆាក្រៀមចមំនួន២១កំប៉ុង ស្មើនិង៤.២៧គីឡូក្រាម ហេរ៉ូអ៊ិនចំនួន ២១.២៩ក្រាម ឡេលាបស្បែកកំប៉ុងជ័រចំនួន២១កំប៉ុង៕

website_news/2016121208.txt · Last modified: 2017/03/16 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki