website_news:2016130501

តុលាការ នឹងប្រកាស សាលក្រម សំណុំរឿង មេខ្យល់បោក ប្រាស់ពលករខ្មែរ ជិត២០០នាក់ទៅថៃ

(http://www.dap-news.com/kh)គេហទំព័រដើមអំពិល ថ្ងៃសុក្រ, ១៣ ឧសភា ២០១៦ 12:04 ដោយ: គិរី ID:11

ភ្នំពេញ: ជោគវាសនាមេខ្យល់ម្នាក់ ដែលជាបុគ្គលិកអង្គការអភិវឌ្ឍ គុណភាពការងារកម្ពុជា ពាក់ព័ន្ធការបោកប្រាស់ពលករខ្មែរចំនួន១៩០នាក់ សន្យានាំទៅធ្វើការងារ នៅប្រទេសថៃ តែទីបំផុតនាំយកទៅបំបរបង់ចោលនៅព្រំដែនខ្មែរថៃ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។

ក្នុងសំណុំរឿងនេះ មានជនជាប់ចោទ៦នាក់ តែរត់គេចខ្លួនអស់ហើយ នៅសល់តែម្នាក់ប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ជនជាប់ចោទមានឈ្មោះ សេង សាឡែន ភេទប្រុស អាយុ ២៦ឆ្នាំ ជាបុគ្គលិកអង្គការ អភិវឌ្ឍគុណភាពការងារកម្ពុជា ជាប់ចោទពីបទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន។

ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលបម្រើការនៅក្នុងអង្គការអភិវឌ្ឍគុណភាព ការងារកម្ពុជាបាន៤៥ថ្ងៃប៉ុណ្ណោះលុះដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ អង្គការ បានសហការជាមួយក្រុមហ៊ុនជិនវ៉ាន់ដាមែនផៅវើមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាំពលករចំនួន៥៨នាក់ទៅកាន់ប្រទេសថៃតាមច្រកឡែម ខេត្តបាត់ដំបងឆ្លងដែនទៅប្រទេសថៃជាមួយនឹងឈ្មោះជិន វ៉ាន់ដា។ នៅទីនោះខ្លួនមិនដឹងថាក្រុមហ៊ុននាំពលករមកធ្វើអ្វីឲ្យប្រាកដទេ ព្រោះមិនមានការងារធ្វើ ហើយត្រូវរង់ចាំយូរទៀត ខ្លួនគេក៏ត្រឡប់មកភ្នំពេញវិញ ដោយមិនឲ្យពលករដឹងឡើយ។ ក្រោយមកក៏មានសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។

ក្នុងសំណុំរឿងនេះ តំណាងពលករ១៩០នាក់ បានប្ដឹងថា ក្នុងអំឡុងកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុន ជិនវ៉ានដាមែនផៅវើ បានផ្សព្វផ្សាយរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។ ពេលនោះពួកគេក៏បានមកចុះឈ្មោះនិងបង់ប្រាក់មុនក្នុងម្នាក់៣០០ដុល្លារ ហើយបានរង់ចាំអស់ជាច្រើនខែដើម្បីក្រុមហ៊ុននាំទៅ។ នៅទីបំផុតក្រុមហ៊ុនបាននាំពួកគេចំនួន១៩០នាក់ទៅប្លុងចោលនៅច្រកឡែមអត់ការងារធ្វើអត់បាយ ក៏ត្រឡប់មកវិញទៅក្រុមហ៊ុន ក៏ឃើញបិទទ្វារចាក់សោ ទម្លាក់ស្លាកយីហោចោលបាត់ ទើបភ្ញាក់ខ្លួនថាចាញ់បោកក្រុមហ៊ុនបាត់ទៅហើយ ក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់បានតែឈ្មោះសេង សាឡែន ចំណែកអ្នក ផ្សេងទៀតរត់បាត់អស់៕

website_news/2016130501.txt · Last modified: 2017/03/02 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki