website_news:2016130502

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ រងការចោទឃុបឃិតដោះលែងស្ត្រីសង្ស័យថាជាក្រុមជួញដូរមនុស្ស

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 13/05/2016

រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មួយរូប ( សុំលាក់ឈ្មោះ ) បានរងនូវការចោទថា បានឃុបឃិត និងអំពើពុករលួយក្នុងការដោះលែងស្ត្រី៣នាក់ សង្ស័យថា ជាក្រុមជួញដូរមនុស្ស បន្ទាប់ពីលេចឮព័ត៌មានថា មានអ្នកធំចេញមុខអន្តរាគមន៍ ។

ទាក់ទងករណីនេះ មន្ត្រី PM មួយរូបបានអះអាងថា ស្ត្រីបីនាក់ដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមេសានៅក្នុងរាជធានីភ្នំពេញដោយសារសង្ស័យថា មានជាប់ពាក់ព័ន្ធនៅក្នុងក្រុមជួញដូរមនុស្សមិនទាន់គ្រប់អាយុនោះ ត្រូវបានដោះលែងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីគេដឹងថា មានមន្ត្រីមានអំណាចមួយរូបបានចេញមុខមកធ្វើអន្តរាគមន៍ជំនួសមុខឲ្យមេខ្លោងនៅក្នុងក្រុមនេះ ។

សូមជម្រាបថា ស្ត្រីទាំងនេះត្រូវបានឃាត់ខ្លួនកាលពីខែមេសា បន្ទាប់ពីកងរាជអាវុធហត្ថបានឆ្មក់ចូលភូមិគ្រឹះមួយក្នុងរាជធានីភ្នំពេញ ហើយបានរកឃើញក្មេងស្រីជំទង់១៣នាក់ដែលត្រូវបានល្បួងឲ្យចេញពីផ្ទះដោយជនសង្ស័យម្នាក់ដែលមានគោលបំណងជួញដូរពួកគេទៅប្រទេសថៃ ដើម្បីបម្រើផ្លូវភេទ ។

មន្ត្រីកងរាជអាវុធហត្ថ ដែលដឹកនាំការបង្ក្រាបករណីជួញដូរមនុស្សខាងលើនេះ បានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា ស្ត្រីជនសង្ស័យត្រូវតុលាការដោះលែង ព្រោះថា ពេលដែលសមត្ថកិច្ចបញ្ជូនស្ត្រីទាំងបីនាក់នេះទៅសាលាដំបូងរាជធានីភ្នំពេញ គឺយើងបានផ្តល់យោបល់និងភស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យមានការដាក់ការចោទប្រកាន់តាមច្បាប់ប្រឆាំងការជួញដូរមនុស្ស ហើយរំពឹងថា ស្ត្រីទាំង៣នាក់នោះនិងត្រូវផ្តន្ទាទោសតាម ច្បាប់ ។ ប៉ុន្តែយើងខកចិត្តពេលដែលតុលាការបានឃុបឃិតដោះលែងស្ត្រីជនសង្ស័យទាំងអស់នោះ ។

ប្រភពពីមន្ត្រី កងរាជអាវុធហត្ថបានកំណត់ថា ស្ត្រីម្នាក់ដែលមានឈ្មោះ ចាន់ ម៉ាលីកា គឺជាមេខ្លោងនៃក្រុមជួញដូរមនុស្សទាំងនេះនិងជាអ្នកដែលជួលភូមិគ្រឹះ ដើម្បីបង្ខាំងក្មេងស្រីមិនគ្រប់អាយុ និងគ្រោងនាំចេញទៅប្រទេសថៃ ដើម្បីរបរបំរើផ្លូវភេទ ។ ពួកគេបាននិយាយថា នាងគឺជាមនុស្សដែលសមត្ថកិច្ចតាមចាប់ខ្លួនដោយសារក្មេងស្រីជំទង់ៗនៅភូមិគ្រឹះនោះបានប្រាប់ថា នាងជាអ្នកចាប់បង្ខាំងពួកគេទុក។

អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សដែលជួយស៊ើបអង្កេតក្នុងសំណុំរឿងនេះបានលើកឡើងថា បុគ្គលមានអំណាចម្នាក់នៅក្រសួងការពារជាតិបានចេញមកធ្វើអន្តរាគមន៍ដើម្បីឲ្យលើកលែងសំណុំរឿងនេះ ។

មន្ត្រីតុលាការមួយរូបទៀត ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ចៅក្រមតុលាការរាជធានីភ្នំពេញ តែម្នាក់គត់ដែលបានជាប់ពាក់ព័ន្ធសំណុំរឿងមិនប្រក្រតីខាងលើនេះ ហើយសូម្បីតែប្រធានតុលាការនេះ ក៏មិនបានដឹងនោះដែរ ។ មន្ត្រីរូបនោះអះអាងដូចគ្នាថា មានមន្ត្រីជាន់ខ្ពស់យោធាមួយរូបបានចេញមុខអន្តរាគមន៍ឲ្យដោះលែងស្ត្រីជនសង្ស័យទាំង៣នាក់ ប្រាកដមែន ។ ប៉ុន្តែលោកមិនបានប្រាប់ថា តើមន្ត្រីយោធារូបនោះឈ្មោះអ្វីនោះឡើយ ។

ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយា បានប្រាប់អ្នកសារព័ត៌មាន កាលពីម្សិលមិញថា លោកមិនបានដឹងថា មានការដោះលែងស្ត្រីទាំង៣នាក់ក្នុងសំណុំរឿងខាងលើនេះទេ ហើយលោកក៏មិនដឹងថា សំណុំរឿងនោះនៅក្នុងដៃចៅក្រមណានោះដែរ ។

ការលើកឡើងរបស់លោក តាំង ស៊ុនឡាយ ហាក់ដូចជាមិនស៊ីសង្វាក់ទៅនឹងតួនាទីរបស់លោកនោះឡើយ ព្រោះធម្មតាការដោះលែងជនសង្ស័យឬលើកលែងសំណុំរឿងណាមួយចាំបាច់ត្រូវឆ្លងយោបល់ឬអនុញ្ញាត្តិពីប្រធានតុលាការ ។

សាធារណមតិបានធ្វើការរិះគន់និងថ្កោលទោសចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងស្ត្រីជនសង្ស័យទាំង៣នាក់នោះ ហើយបានហៅចំណាត់ការនោះថា ជាអំពើពុករលួយពេញបន្ទុក ខណដែលសមត្ថកិច្ចកងរាជអាវុធហត្ថក៏បង្ហាញនូវការមិនសប្បាយចិត្តដូចគ្នាដែរ ព្រោះថា ពួកគាត់ខិតខំស្រាវជ្រាវស៊ើបអង្កេតយូរថ្ងៃទំរាំបំបែកសំណុំរឿងបង្ខាំងទុកនិងជួញដូរមនុស្សនេះបាន ប៉ុន្តែត្រូវបានចៅក្រមតុលាការដោះលែងស្រួលៗ ដូច្នេះទៅវិញ តើឲ្យពួកគាត់មានកម្លាំងបំពេញការងារបន្តទៀតដែរឬទេ ? ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ ឬបើកការស៊ើបអង្កេតករណីនេះជាបន្ទាន់ ព្រោះតាមដឹងតុលាការរាជធានីភ្នំពេញ ល្បីខ្លាំងណាស់រឿងមិនប្រក្រតីក្នុងការដោះលែងជនសង្ស័យឆៅៗ នេះ ហើយបើមិនជឿលួចសួរអ្នកសារព័ត៌មានដែលប្រចាំការនៅតុលាការក្រុងទៅដឹងហើយ ៕

website_news/2016130502.txt · Last modified: 2017/03/02 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki