website_news:2016130603

ស្ត្រីម្នាក់ដែលបម្រុងនាំក្មេងស្រីពីរនាក់ទៅលក់នៅប្រទេសចិន ត្រូវតុលាការឃុំខ្លួន

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទ្សន៍បាយ័ន ថ្ងៃទី ១៣/06/2016

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ដែលបម្រុងនាំក្មេងស្រីពីរនាក់ទៅលក់នៅប្រទេសចិន តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣ ខែមិថុនា ក្រោមការចោទប្រកាន់ពីបទអំពើលក់ដូរមនុស្សដោយមានគោលដៅ ។

ជនសង្ស័យឈ្មោះ អ៊ុច សេងហុង អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកធ្វើចម្ការ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ រៀបរាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី ១០ ខែមិថុនា ជនសង្ស័យបាននាំនារីរងគ្រោះ២នាក់មកពីស្រុកកំណើត បម្រុងនាំចេញទៅប្រទេសចិនលក់ដូរឆ្លងដែនដោយខុសច្បាប់ ។

សមត្ថកិច្ចឲ្យដឹងទៀតថា លុះពេលជនសង្ស័យនាំជនរងគ្រោះមកដល់ផ្លូវ៦A ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពួកគេបានចុះពីរថយន្តតាក់សុី ដើម្បីរង់ចាំមេខ្យល់នៅភ្នំពេញទៅទទួលយក ។ ពេលកំពុងឈប់ចាំមេខ្យល់ក៏ត្រូវបានសមត្ថកិច្ចទៅនាំខ្លួន ទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យឈ្មោះ អ៊ុច សេងហុង បានសារភាពថា ខ្លួនពិតជាបាននាំនារីអ្នកចម្ការ២នាក់ យកមកឲ្យមេខ្យល់នៅភ្នំពេញនេះមែន និងមានគោលដៅនាំពួកគេទៅកាន់ប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិកម្ពុជា–វៀតណាម បាវិតខេត្តស្វាយរៀង ។ ចម្លើយជនសង្ស័យប្រាប់សមត្ថកិច្ចថា សកម្មភាពនាំនារីខ្មែរបម្រុងទៅលក់ដូរនៅប្រទេសចិននេះ រូបគេទទួលបានប្រាក់ពីមេខ្យល់ក្នុងនារីម្នាក់ចំនួន២.០០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់នេះ គេបានចំណាយទៅវិញក្នុងការធ្វើដំណើរអស់៥០០ដុល្លារផងដែរ ។

ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រកបមុខរបរនាំនារីខ្មែរលក់ទៅប្រទេសចិន ចំនួន៣ លើកមកហើយ និងមាននារីខ្មែរ៣នាក់ដែលបានរងគ្រោះដោយស្នាដៃ ជនសង្ស័យរូបនេះ ។ សមត្ថបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យ នារី២នាក់ដែលអះអាងថាជាជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចគ្រប់គ្រង បណ្ដោះអាសន្ន ៕

website_news/2016130603.txt · Last modified: 2017/03/03 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki