website_news:2016130605

ក្រសួងការបរទេស ជួយអន្តរាគមន៍ ពលករ-ពលការិនីខ្មែរ ចំនួន៦នាក់ នៅម៉ាឡេស៊ី មកកម្ពុជាវិញ

(http://www.cen.com.kh/local) គេហទំព័រស៊ី អ៊ី អិន ថ្ងៃទី 13 មិថុនា 2016, ម៉ោង 12:13:PM) ដោយ: កក្កដា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអោយដឹងនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលករ-ពលការិនីខ្មែរ ចំនួន៦នាក់ ដែលបានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹង ការលំបាកក្នុងការងារ អោយបានវិលត្រឡប់ មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានបន្តថា ពលករ-ពលការិនីខ្មែរ ទាំង៦ នាក់ រួមមាន ៖

១-ឈ្មោះ សុត ជូឡាង អាយុ ៣៥ ឆ្នាំ នៅភូមិពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានទៅធ្វើការ នៅម៉ាឡេស៊ី ខាងផ្នែកបោសសំអាត តាំងពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុន H D នៅកម្ពុជា។ ស្ថានទូត បានអោយថៅកែរបស់ ពលការិនីរូបនេះ បើកប្រាក់ខែដែលនៅសល់ តាមសំណូមពររបស់សាមីខ្លួន។ ស្ថានទូតបានបង់ប្រាក់ពិន័យ អោយរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះ អោយពលការិនីរូបនេះ។

២-ឈ្មោះ អេន ឱន អាយុ ២៦ ឆ្នាំ និង ៣-ឈ្មោះ យុន ពុទ្ធី អាយុ១៨ ឆ្នាំ។ ពលករទាំងពីរ នៅភូមិឈើទេព ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ តាំងពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៥ តាមរយៈមេខ្យល់។

៤-ឈ្មោះ ឡុញ សុភាព អាយុ៣៣ ឆ្នាំ នៅភូមិពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល បានទៅ ម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុន Philimore នៅកម្ពុជា។

៥-ឈ្មោះ ម៉ើ ស្រៀង អាយុ ២៥ ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បានទៅម៉ាឡេស៊ី ធ្វើការខាងផ្នែកបោសសំអាត តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈ មេខ្យល់។

៦-ឈ្មោះ សុះ សាលីស អាយុ ២៥ ឆ្នាំ នៅភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ធ្វើការជាអ្នកបកប្រែ ភាសាម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Main Power 168។

ស្ថានទូត បានទំនាក់ទំនង ទៅថៅកែ របស់ពលការិនី សុះ សាលីស ដើម្បីដោះស្រាយប្រាក់ខែ ដែលនៅសេសសល់ តាមសំណើរបស់ សាមីខ្លួន ប៉ុន្តែថៅកែរូបនោះ បានគេចវេសរហូត មិនព្រមដោះស្រាយ។ ស្ថានទូត បានសម្រេចប្ដឹងតុលាការ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ។

ប៉ុន្តែនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ជីដូនរបស់ពលការិនីរូបនេះ បានស្លាប់ ដូចនេះពលការិនី សុះ សាលីស ចង់ត្រឡប់ទៅផ្ទះវិញ អោយបានឆាប់ ដោយសម្រេច មិនឡើងតុលាការទេ។ លោកបានបន្ថែមថា ដោយក្តីអាណិតអាសូរ សា្ថនទូត បានទិញសំបុត្រយន្តហោះ និងបង់ពិន័យជូន ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ឱ្យនាង។

ក្នុងកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ-ពលការិនី ទាំង៦នាក់។

ពលការិនី សុះ សាលីស បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៦។ ចំណែក ពលករ-ពលការិនី ទាំង៥នាក់ទៀត បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ៕N/S

website_news/2016130605.txt · Last modified: 2017/03/03 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki