website_news:2016130902

ពលករ២២នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅម៉ាឡេស៊ីវិលត្រឡប់មកដល់ស្រុកកំណើត

(http://www.rfa.org/khmer) ដោយ ម៉ែន សុធីរ 2016-09-12

ពលករពលការិនីនៅខេត្តក្រចេះ ចំនួន ២២នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បានវិលមកដល់ផ្ទះវិញហើយកាលពីថ្ងៃទី៩ កញ្ញា បន្ទាប់ពីមានការអន្តរាគមន៍សង្គ្រោះពីក្រសួងការបរទេស និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមពលករទាំងនោះត្អូញថា ពួកគេប្រថុយឆ្លងដែនទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់នេះ ដោយសារជីវភាពខ្វះខាត និងជំពាក់បំណុលគេលំបាករើបម្រះ។

ក្រុមពលកររស់នៅភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី១២ កញ្ញា ថា ពួកគេត្រូវបានមេខ្យល់កេងប្រវ័ញ្ចកម្លាំងពលកម្ម ធ្វើទុក្ខបុកម្នេញ ជាប់ពន្ធនាគារ និងហូបចុកមិនគ្រប់គ្រាន់ នៅគ្រាដែលពួកគេទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី រយៈពេលជាងពីរខែ ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៦។

ពលករម្នាក់ក្នុងចំណោមពលករជាច្រើននាក់ទៀតរស់នៅឃុំកញ្ជរ ស្រុកឆ្លូង លោក លួន ម៉ារិទ្ធ រៀបរាប់ថា ពួកគេសម្រេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយជឿពាក្យលួងលោមរបស់មេខ្យល់ ដោយសន្យាថាអាចរកប្រាក់ចំណូលបានសមរម្យ។ តែផ្ទុយទៅវិញ ពួកគេត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម សមត្ថកិច្ចតាមចាប់ខ្លួន និងរស់នៅដោយការភ័យខ្លាច។ លើសពីនេះ ពួកគេបានជាប់គុក ១ខែ ៣ថ្ងៃ ក្នុងស្ថានភាពរស់នៅចង្អៀតណែន និងអាហារហូបចុកមិនគ្រប់គ្រាន់៖ «ថៅកែបង្ខំយើងគ្រុនឈឺអី យើងសុំឈប់មិនបានទេ គេថាយើងធ្វើពុត ឲ្យធ្វើការរហូតមួយថ្ងៃ ៨ម៉ោង។ សូម្បីតែយើងទៅបង្គន់ ក៏គេតាមហៅមកវិញដែរ»។

ពលការិនីរស់នៅភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ លោកស្រី ឯក សុខឡាក់ ឲ្យដឹងថា ការសម្រេចចិត្តវិលមកផ្ទះនេះ ដោយសារពួកគាត់ស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យសមត្ថកិច្ចម៉ាឡេស៊ី ចាប់ខ្លួន នៅគ្រាពួកគេពុំមានលិខិតឆ្លងដែន។ លោកស្រីបន្តថា ពួកគាត់បង្ខំចិត្តទៅធ្វើការខុសច្បាប់នេះ ដោយសារជំពាក់បំណុលគេច្រើន និងជីវភាពក្រីក្រ៖ «ខ្ញុំជំពាក់គេ គ្រាន់បានលុយសងគេ យើងធ្វើអីទៀតទៅ រាងហើយ ឈប់ហើយ លែងទៅ គេហៅទៅណាក៏អត់ទៅដែរ។ នៅក្នុងស្រុកវិញ»។

ឆ្លើយតបរឿងនេះ អភិបាលស្រុកឆ្លូង លោក ហេង សុផា មានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរស្រុកទទួលដំណឹងនេះ លោកបានរាយការណ៍ទៅអាជ្ញាធរខេត្តដើម្បីរៀបចំរបាយការណ៍ស្នើឲ្យក្រសួងពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះ។ លោកថា អាជ្ញាធររដ្ឋាភិបាលបានសហការជាមួយមន្ទីរការងារខេត្តក្រចេះ ជួយរកមធ្យោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលករពលការិនីទាំងនោះ ដែលមានលទ្ធភាពឲ្យគាត់អាចធ្វើការងារក្នុងស្រុកបាន ព្រមទាំងស្វែងរកជំនួសមនុស្សធម៌មួយចំនួនជួយដល់ពួកគេ៖ «យើងបានឲ្យកម្លាំងសមត្ថកិច្ចសួរនាំគាត់អំពីសាវតារ ហើយយើងនឹងក៏កំពុងតែទំនាក់ទំនងគ្នាជាមួយក្រុមការងារ ដូចជា កាកបាទក្រហម ដើម្បីរកជំនួយជួយគាត់បឋមសិន។ យើងនឹងខិតខំព្យាយាមបណ្តុះបណ្តាលគាត់ ដើម្បីឲ្យគាត់ទទួលបានវិជ្ជាជីវៈមួយដែលអាចឲ្យគាត់ធ្វើកិច្ចការក្នុងស្រុកបាន»។

អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី១២ កញ្ញា។

ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា ពលករធ្វើការនៅក្រៅប្រទេសច្រើនជួបបញ្ហាប្រឈមច្រើនផ្នែកសង្គម ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម ហូបចុកមិនគ្រប់គ្រាន់ ជាពិសេសការអនុវត្តច្បាប់។ លោកថា អាជ្ញាធររដ្ឋាភិបាលត្រូវរកមធ្យោបាយជួយសម្រាលជីវភាពអន្តរកាលដល់ពួកគាត់ នៅពេលដែលគាត់មកដល់ស្រុកកំណើតវិញ ដូចជាការបណ្ដុះស្មារតី ប្រយោជន៍ដើម្បីស្ដារសតិផ្លូវចិត្តពួកគាត់ឡើងវិញ៖ «ពលរដ្ឋកុំចេះតែជឿតាមមេខ្យល់ ត្រូវចេះពិចារណា ចំណុចណាដែលសង្ស័យ គួរតែពិគ្រោះយោបល់ជាមួយអាជ្ញាធរ ជាមួយមិត្តភ័ក្ដិឲ្យបានច្រើន ដើម្បីបង្ការការចាញ់បោក។ បើសិនជាបុរសគេយើងទៅជួញកម្លាំងពលកម្ម បើនារីអាចប្រឈមការជួញដូរផ្លូវភេទ ឬការធ្វើទុក្ខបុកម្នេញ»។ លោក សន ជ័យ បន្ថែមថា ការធ្វើចំណាកស្រុករបស់ពលរដ្ឋភាគច្រើន ដោយសារពួកគេជឿតាមពាក្យលួងលោមពីមេខ្យល់ រួចធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលលោកថាងាយនឹងរងគ្រោះ។

នៅខេត្តក្រចេះ ពលករពលការិនីដែលអាជ្ញាធររដ្ឋាភិបាលបានជួយសង្គ្រោះមកស្រុកកំណើតវិញចាប់ពីដើមខែកញ្ញា នេះ មានចំនួន ២២នាក់ ក្នុងនោះ ១៨នាក់រស់នៅស្រុកឆ្លូង ម្នាក់រស់នៅស្រុកស្នួល និង ៣នាក់ទៀតរស់នៅស្រុកព្រែកប្រសព្វ៕

website_news/2016130902.txt · Last modified: 2017/03/12 16:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki