website_news:2016130903

លោក ឡុង ឌីម៉ង់ ចុះរកដំណោះស្រាយ ជូនពលករខ្មែរនៅកូរ៉េ ដែលមេការរោងចក្រ ប្រើហិង្សាលើ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, ១២ កញ្ញា ២០១៦ 15:38 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ ៖ ក្រោយពីទទួលដំណឹងថា ពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ ត្រូវបានមេការរោងចក្រ ប្រើអំពើហិង្សាលើនោះ កាលពីថ្ងៃទី១០ ខែកញ្ញានេះ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចាត់ឲ្យក្រុមការងារស៊ើបសួរ ហើយនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ លោកបានចុះទៅជួបដោយផ្ទាល់ ដើម្បីជួយរកដំណោះជូន។

បើតាមមន្រ្តីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹង លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ រួមជាមួយ ទីប្រឹក្សាការងារ ទទួលបន្ទុកពលករ អមស្ថានទូត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នេះ បានជួបពិភាក្សា និងហូបបាយ ជាមួយ ពលករខ្មែរម្នាក់ឈ្មោះ ទុំ ចាន់ថន អាយុ ២៤ឆ្នាំ មកពីខេត្តតាកែវ ដែលទើបមកធ្វើការនៅ សាធារណរដ្ឋកូរ៉េ រយៈពេល ២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi ដែលត្រូវបានមេការរោងចក្រ ប្រើអំពើហិង្សាមកលើរូបគាត់ ក្នុងអំឡុងពេលបំពេញការងារ និងពេលសម្រាក។

មន្រ្តីស្ថានទូតរូបនោះ បានបញ្ជាក់ទៀតថា ក្រុមការងារស្ថានទូត បានជួបពិភាក្សា និងស្ដាប់នូវដំណើររឿងលម្អិត របស់ប្អូន ទុំ ចាន់ថន ដើម្បីប្រមូលភស្ដុតាង យកជាមូលដ្ឋាន ក្នុងការស្វែងរកយុត្តិធម៌ ជូនគាត់ តាមនីតិវិធីច្បាប់ បច្ចុប្បន្នស្ថានទូត បានទាក់ទងអន្ដរាគមន៍ ទៅថៅកែរោងចក្ររួចហើយ នឹងកំពុងរៀបចំបន្ដ ចំណាត់ការ តាមនីតិវិធីច្បាប់ របស់សាធារណរដ្ឋកូរ៉េ៕

website_news/2016130903.txt · Last modified: 2017/03/12 16:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki