website_news:2016130904

អគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េ កំពុងស្វែងរកភស្តុតាង ដើម្បីរកយុត្តិធម៌ជូនពលកខ្មែរម្នាក់ត្រូវមេការរោងចក្រប្រើអំពើរហិង្សាយ៉ាងអយុតិធម៌

(http://www.police.gov.kh) កញ្ញា 13, 2016  សកម្មភាពថ្នាក់ដឹកនាំ

ភ្នំពេញ ៖ ពលករខ្មែរម្នាក់មានឈ្មោះ ទុំ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅខេត្តតាកែវ ដែលទើបទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរយៈពេល២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi ត្រូវបានមេការរោងចក្រប្រើអំពើហិង្សាយ៉ាងអយុត្តិធម៌ទៅលើរូបគេ ក្នុងអំឡុងពេលបំពេញការងារ និងពេលសម្រាកពីការងារផងដែរ ។ ដោយទទួលបានព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមជាមួយទីប្រឹក្សាការងារទទួលបន្ទុកពលករអមស្ថានទូត បានជួបពិភាក្សា និងហូបបាយជាមួយពលករខ្មែរដែលរងគ្រោះនោះ ។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ក្រុមការងារស្ថានទូត បានជួបពិភាក្សា និងស្ដាប់នូវដំណើររឿងលម្អិត របស់ប្អូន ទុំ ចាន់ថន ដើម្បីប្រមូលភស្ដុតាងយកជាមូលដ្ឋាន ក្នុងការស្វែងរកយុត្តិធម៌ជូនគាត់តាមនីតិវិធីច្បាប់ ។ មន្ត្រីដដែល បានបញ្ជាក់ថា បច្ចុប្បន្នស្ថានទូតបាន និងកំពុងទាក់ទងអន្ដរាគមន៍ទៅថៅកែរោងចក្ររួចហើយ នឹងកំពុងរៀបចំបន្ដចំណាត់ការតាមនីតិវិធីច្បាប់របស់សាធារណរដ្ឋកូរ៉េដើម្បីស្វែងរកយុត្តិធម៌ជូនពលករខ្មែរយើង ៕

website_news/2016130904.txt · Last modified: 2017/03/12 16:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki