website_news:2016131101

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ពលករខ្មែរនៅថៃនៅតែប្រឈមការជួញដូរបើទោះថៃដំឡើងថ្លៃឈ្នួលយ៉ាងក៏ដោយ

(http://bayontv.com.kh) 11/11/2016

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា បានអះអាងថា ប្រជាពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃនៅតែប្រឈមការប្រថុយប្រថានច្រើនពិសេសអំពើជួញដូរ និងការកេងប្រវ័ញ្ចលើកម្លាំងពលកម្ម បើទោះរដ្ឋាភិបាលថៃ បានព្យាយាមកែប្រែគោលការណ៍ចំពោះកម្មករយ៉ាងណាក៏ដោយ។

ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍រយៈពេល១០ខែក្នុងឆ្នាំ២០១៦ ស្តីពីសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មកពីតាមមណ្តារាជធានីខេត្ត នៅស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងថា ការព្យាយាមផ្លាស់ប្ដូរគោលការណ៍នយោបាយរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ន វាគឺជាមធ្យោបាយរបស់ថៃ ដែលធ្វើឡើងដើម្បីទាក់ទាញកម្មករពីកម្ពុជា តែភាពរងគ្រោះសម្រាប់ពលករខ្មែរ ដែលកើតពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម អំពើជួញដូរមនុស្សជាដើម ពីសំណាក់ថៅកែថៃ គឺបានកំពុងជួបប្រឈមខ្លាំង ដែលបញ្ហានេះ កម្ពុជា នៅតែបន្តស្នើសុំឲ្យភាគថៃចូលរួមដោះស្រាយ។

តាមរបាយការណ៍បានបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០១៦ មានលំហូរពលករទេសន្តរប្រវេសក៍ ទៅក្រៅប្រទេសដែលកម្ពុជា គ្រប់គ្រងបានគឺ បានបន្តកើតឡើងប្រមាណជាង៣១ម៉ឺននាក់ ក្នុងនោះ មានពលករទៅធ្វើការងារក្រៅប្រទេសក្រោមរូបភាពស្របច្បាប់ប្រមាណជាង ១៧ម៉ឺននាក់ និងមិនស្របច្បាប់មានជាង ១៤ម៉ឺននាក់ ក្នុងនោះ ទៅប្រទេសថៃមានចំនួនច្រើនជាងគេ។ របាយការណ៍បានបញ្ជាក់ដែរថា លទ្ធផលបង្ក្រាបរឿងក្តីពាក់ព័ន្ធអំពើជួញដូរមនុស្ស ក្នុងរយៈពេល១០ខែឆ្នាំ២០១៦ គឺអនុវត្តបាន៧០ករណី ឃាត់ខ្លួនជនសង្ស័យបាន៨៩នាក់ ក្នុងនោះ ជនសង្ស័យជនជាតិបរទេស បានចំនួន៤រូប។

ក្នុងចំណាត់ការនេះ សមត្ថកិច្ចបានជួយជនរងគ្រោះបានប្រមាណ២២៣នាក់ ភាគច្រើនជនរងគ្រោះដោយអំពើជួញដូរផ្លូវភេទ។ លោកជំទាវ ជូ ប៊ុនអេង អះអាងថា បើទោះកម្មករខ្មែរទៅធ្វើការងារប្រាក់កម្រៃច្រើន តែលទ្ធផលគឺបានទទួលផលតិចជាងការងារក្នុងស្រុក ដោយសារ ការងារនៅក្រៅប្រទេសពិសេសប្រទេថៃ បានកំពុងរងការចំណាយច្រើនទាំងលើការចំណាយសុខភាព បង់ប័ណ្ណការងារ និងការចំណាយផ្សេងៗជាដើម។ ជាមួយគ្នានោះលោកជំទាវ បានស្នើឲ្យបណ្តាពលករដែលនៅក្រៅប្រទេស ត្រលប់រកការងារនៅក្នុងស្រុកខណៈ កម្ពុជា បច្ចុប្បន្ន និងថ្ងៃខាងមុខ កំពុងមានតម្រូវការកម្លាំងពលកម្មច្រើន សម្រាប់បម្រើការងារនៅរោងចក្រឧស្សាហកម្មធន់ធ្ងន់ ដែលនឹងកើតមានឡើងច្រើនបន្ថែមទៀត៕

website_news/2016131101.txt · Last modified: 2017/03/16 10:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki