website_news:2016131105

ភរិយាទាហានម្នាក់នៅប៉ៃលិនត្រូវបានមេខ្យល់បោកទៅលក់នៅប្រទេសចិន

(http://www.rfa.org/khmer/news) ដោយ ហ៊ុំ ចំរើន 2016-11-11

មន្ត្រីទាហានប្រចាំការព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន ម្នាក់ អះអាងថា គ្មានទឹកចិត្តក្នុងការបំពេញការងារបម្រើប្រទេសជាតិឲ្យបានពេញលេញ បន្ទាប់ពីរូបគាត់មិនអាចជួយប្រពន្ធរបស់ខ្លួនត្រឡប់មកពីប្រទេសចិន វិញបាន។ ប្រពន្ធរបស់មន្ត្រីទាហាននៅខេត្តប៉ៃលិន ត្រូវបានមេខ្យល់បោកយកទៅលក់នៅប្រទេសចិន រយៈពេលជាង ៤ខែហើយ នៅពុំទាន់ជួយឲ្យវិលត្រឡប់មកស្រុកកំណើតវិញបាននៅឡើយ។

មន្ត្រីទាហានវរសេនាតូចលេខ៥០៧ ប្រចាំការព្រំដែនខេត្តប៉ៃលិន លោក វ៉ាន់ សេង មានប្រសាសន៍នៅថ្ងៃទី១០ វិច្ឆិកា ថា លោកបានទាក់ទៅអាជ្ញាធរមូលដ្ឋាន ព្រមទាំងអង្គភាពរបស់ខ្លួនឲ្យជួយអន្តរាគមន៍នាំប្រពន្ធត្រឡប់ពីប្រទេសចិន វិញដែរ ប៉ុន្តែគ្មានស្ថាប័នណាដោះស្រាយជូនរូបគាត់បាននោះទេ។ លោកអះអាងថា លោកខំការពារជាតិមាតុភូមិប្រយុទ្ធជាមួយខ្មាំងសត្រូវជិត ៤០ឆ្នាំហើយ តែមិនអាចជួយប្រពន្ធមកស្រុកកំណើតវិញបាន។ លោកបន្ថែមថា ដោយសារតែខ្វល់ខ្វាយបញ្ហាប្រពន្ធនៅប្រទេសចិន គឺរយៈពេលជាងមួយខែមកនេះ លោកគ្មានកម្លាំងចិត្តកាន់កាំភ្លើងដូចពេលមុនទៀតឡើយ៖ «ខ្ញុំខ្លាចតែគេយកគាត់ទៅធ្វើបាប ឬយកទៅធ្វើអ្វីមួយទេ ព្រោះគេជម្លៀសគាត់ចេញពីកន្លែងចាស់បាត់ទៅហើយ ហើយខ្ញុំចេះតែបារម្ភភ័យពីសុខទុករបស់ប្រពន្ធ ខ្ញុំមិនដឹងគាត់ទៅជាយ៉ាងទៀត»។

ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងការបរទេសទទួលបន្ទុកការងារប្រទេសចិន លោក អ៊ឹង វណ្ណថា ជំរុញឲ្យសាច់ញាតិស្ត្រីរងគ្រោះដាក់ពាក្យប្ដឹងទៅអគ្គស្នងការនគរបាលជាតិផ្នែកការជួញដូរមនុស្ស ហើយប៉ូលិសនឹងបញ្ជូនសុំរឿងនេះមកក្រសួងការបរទេស ដើម្បីសហការគ្នាតាមចាប់មេខ្យល់ និងទាក់ទងទៅសមត្ថកិច្ចរបស់ប្រទេសចិន ជួយស្ត្រីរងគ្រោះបានឆាប់រហ័ស៖ «ធម្មតាបើយើងទាក់ទងទៅ គឺត្រូវបញ្ជូនឯកសារពាក់ព័ន្ធទៅស្ថានកុងស៊ុលខ្មែរនៅប្រទេសចិន ដើម្បីស្រាវជ្រាវរក។ ប៉ុន្តែជាទូទៅបើយើងរកឃើញ យើងនឹងជូនដំណឹងទៅគាត់វិញ។ ប៉ុន្តែយើងត្រូវចំណាយពេលវេលាច្រើនដែរដើម្បីស្វែងរកឲ្យឃើញនោះ»។

អាស៊ីសេរី ពុំអាចទាក់ទងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែវិច្ឆិកា។ ទោះជាយ៉ាងនេះក្ដី សាច់ញាតិអះអាងថា កន្លងទៅលោកធ្លាប់ទាក់ទងតាមទូរស័ព្ទទៅមន្ត្រីក្រសួងការបរទេស ដើម្បីឲ្យជួយអន្តរាគមន៍ប្រពន្ធរបស់គាត់រួចមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ករណីនេះ ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធមិនជួយអន្តរាគមន៍ទៅប្រទេសចិន នាំប្រពន្ធរបស់គាត់ត្រឡប់មកស្រុកកំណើតវិញឲ្យបានឆាប់ទេ នឹងប៉ះពាល់កាន់តែខ្លាំងដល់អារម្មណ៍របស់មន្ត្រីទាហានរូបនោះ ធ្វើឲ្យបាក់ទឹកចិត្តការពារប្រទេសជាតិ៖ «មន្ត្រីប៉ូលិសយុត្តិធម៌ខេត្តប៉ៃលិន ខ្ញុំគិតថា ហួសសមត្ថភាពគាត់ហើយ។ អ៊ីចឹងគាត់ត្រូវបញ្ជូនសំណុំរឿងទៅថ្នាក់លើ ឬក៏នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត ហើយសហការជាមួយក្រសួងការបរទេស ដើម្បីសហការទៅស្ថានទូតខ្មែរនៅប្រទេសចិន ជួយបន្ត។ ធ្វើយ៉ាងនេះបើទោះជារកមិនឃើញក៏សាច់ញាតិគាត់អស់ចិត្តដែរ»។

មន្ត្រីទាហានរូបនេះអះអាងថា ប្រពន្ធរបស់គាត់ត្រូវមេខ្យល់ម្នាក់ ប៉ុន្តែលោកថា មិនចាំឈ្មោះមានស្រុកកំណើតនៅខេត្តកំពង់ចាម បានបបួលប្រពន្ធរបស់គាត់ឈ្មោះ ឆេង ស្រីដែន អាយុ ៣២ឆ្នាំ និងសាច់ញាតិខាងប្រពន្ធ ២នាក់ផ្សេងទៀត ទៅធ្វើការនៅប្រទេសចិន ដោយសន្យាថា នឹងទទួលប្រាក់ខែម្នាក់ចំនួន ១.២០០ដុល្លារអាមេរិក ក្នុងមួយខែ។ ស្ត្រីមេខ្យល់រូបនោះ បាននាំប្រពន្ធរបស់គាត់ និងស្ត្រី ២នាក់ទៀត ទៅធ្វើលិខិតឆ្លងដែននៅប្រទេសវៀតណាម ហើយចេញដំណើរទៅប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០១៦។ លោកបន្ថែមថា ពេលប្រពន្ធទៅដល់ប្រទេសចិន ប្រមាណ ២ខែទើបទទួលដំណឹងដោយប្រពន្ធទូរស័ព្ទមកពីប្រទេសចិន ប្រាប់លោកថា រូបគាត់ត្រូវគេបង្ខំឲ្យធ្វើជាស្រីរកស៊ីផ្លូវភេទនៅប្រទេសនេះ៕

website_news/2016131105.txt · Last modified: 2017/03/16 10:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki