website_news:2016131106

លោក ឡុង ឌីម៉ង់ ៖ ពន្យារលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ពុំការមានយកកម្រៃសេវា

(http://www.cen.com.kh) ថ្ងៃទី 12 វិច្ឆិកា 2016, ម៉ោង 10:36:AM) | ដោយ: ដាវុធ

ភ្នំពេញ: ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានលើកឡើង ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ស្ថានទូត ពុំដែលយកកម្រៃសេវា លើការពន្យារលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋខ្មែរនោះទេ។ ទង្វើនេះ គឺអនុវត្តន៍តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ បន្ថែមពីលើនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋនោះ មន្ត្រីស្ថានទូតរបស់លោក បាននឹងតែងតែរៀបចំកម្មវិធី ចុះទៅពន្យារលិខិតឆ្លងដែន ជូនពលរដ្ឋ និងពលរដ្ឋខ្មែរទាំងឡាយ ដែលកំពុងស្នាក់នៅ ប្រទេសកូរ៉េ ដោយផ្ទាល់ នៅក្បែរមូលដ្ឋាន ដែលបងប្អូនរស់នៅ តាមបណ្ដាខេត្ត ក្រុង និងតំបន់ថែមទៀត។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងបែបនេះ ដោយសារតែ កាលពីពេលថ្មីៗ កន្លងមកនេះ ក្រុមការងារស្ថានទូត បានទទួលព័ត៌មាន និងបានទទួលសំណួរពី បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយលើកឡើងថា “ការពន្យារសុពលភាព លិខិតឆ្លងដែន គឺត្រូវចំណាយថវិកា ចំនួន៥០.០០០ (៥ ម៉ឺនវ៉ុន) នោះមិនពិតទេ។ លោកបន្តថា មកដល់ពេលនេះ ស្ថានទូត សូមបញ្ជាក់ថា ដោយយោងតាមការលើកឡើងនេះ ក្រុមការងារ បានស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញា បានហើយ ចំពោះជនឆ្លៀតឱកាស កេងចំណេញ យកសេវាក្រៅផ្លូវការ ពីបងប្អូនចំនួនប្រហែល ៥ម៉ឺនវ៉ុន ដើម្បីជាការរត់ការ ជួយពន្យារលិខិតឆ្លងដែនជូន។

ឆ្លៀតក្នុងពេលមាន ការចោទប្រកាន់ គ្មានការពិតបែបនេះ ស្ថានទូត សូមអំពាវដល់ ក្រុមឆ្លៀតឱកាស សូមបញ្ឈប់ជាបន្ទាន់ ជៀសវាង ស្ថានទូត មានវិធានការ ផ្លូវច្បាប់ណាមួយ ហើយស្ថានទូត នឹងមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ ដែលអាចកើតឡើង ជាយថាហេតុណាមួយ បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្ដស្វែងរកសេវាក្រៅផ្លូវការ ឬពឹងពាក់អ្នករត់ការ មិនព្រមមកធ្វើការ ពន្យារលិខិតឆ្លងដែន ដោយខ្លួនឯងផ្ទាល់ ជាមួយស្ថាទូត ហើយបែរជាទៅពឹងពាក់អ្នករត់ការ ធ្វើឱ្យរួចហើយ ទម្លាក់កំហុសថា ស្ថានទូតយកលុយបែបនេះ។ ដូច្នេះពីពេលនេះតទៅ បងប្អូនឈប់ពឹងពាក់ អ្នករត់ការទៀត។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា ក្រុមការងារស្ថានទូត នឹងបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចការងារ ឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហា និងគាំពារផ្លូវច្បាប់ ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ៕N/S

website_news/2016131106.txt · Last modified: 2017/03/16 10:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki