website_news:2016131201

សម្តេច ស ខេង ៖ អាស៊ានត្រូវរួមគ្នាបង្ក្រាបការជួញដូរមនុស្សឆ្លងដែន

(https://thmeythmey.com/kh) អត្ថបទ : រ៉ឹម ភារី December-12-2016, 11:30 pm

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានប្រកាសឲ្យប្រទេសក្នុងតំបន់អាស៊ាន រួមដៃគ្នា ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស ខណៈបទល្មើសនេះ បាននឹងកំពុងកើតឡើងក្នុងរូបភាពឆ្លងដែន។

សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានប្រកាសឲ្យប្រទេសនៅក្នុងតំបន់ សហការណ៍គ្នា ទប់ស្កាត់ និងបង្ក្រាបបទល្មើសការជួញដូរមនុស្ស ដែលលោកចាត់ទុកថា បទល្មើសទាំងនេះបាននឹងកំពុងកើតឡើងក្នុងរូបភាពឆ្លងដែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានស្រង់ប្រសាសន៍សម្តេច នៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ កាលពីថ្ងៃទី១១ ធ្នូ នៅសាលមហោស្រពពិព័រណ៍កោះពេជ្រ។

សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖«រដ្ឋាភិបាល បានប្រកាសឲ្យបណ្តាប្រទេសនៅក្នុងតំបន់ ត្រូវបង្កើនកិច្ចសហការឲ្យបានជាក់លាក់ ដើម្បីរួមគ្នាបង្ក្រាបបទល្មើសការជួញដូរមនុស្សគ្រប់រូបភាព ដោយមានការផ្តន្ទាទោសឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព»។ សម្តេចបានបន្តថា៖«កម្ពុជានឹងយកអនុសញ្ញា កតិសញ្ញាអន្តរជាតិ ច្បាប់ជាតិ អនុសារណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី…ព្រមទាំងបទដ្ឋានគតិយុត្តិទាំងឡាយដែលមានស្រាប់ ដើម្បីធ្វើជាមូលដ្ឋានក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស»៕

website_news/2016131201.txt · Last modified: 2017/03/16 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki