website_news:2016140102

ជើងហោះហើរលើកដំបូងរបស់ជនអន្តោប្រវេសន៍គុយបា ត្រៀមចាកចេញពីទឹកដីកូស្តារីកាទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ

(http://bayontv.com.kh/ January 13, 2016) ជើងហោះហើរលើកដំបូងរបស់ជនអន្តោប្រវេសន៍គុយបា ត្រៀមចាកចេញពីទឹកដីកូស្តារីកាទៅកាន់ប្រទេសអែសសាល់វ៉ាឌ័រ កូស្តារីកា៖ រដ្ឋមន្ត្រីក្រសួងការបរ ទេសរបស់ប្រទេសអាមេរិកកណ្ដាលនិយាយថា ជើងហោះហើរជាលើកដំបូងសម្រាប់ជនភៀសខ្លួនគុយបា នៅជាប់គាំងក្នុងប្រទេសកូស្តារីកាបានត្រៀមចាកចេញ ហើយកាលពីល្ងាចម្សិលមិញ។

យោងតាមក្រសួងការបរទេសកូស្តារីកាឲ្យដឹងថា មនុស្សមួយក្រុមមានគ្នា 180នាក់នឹងអាចចាកចេញតាមជើងយន្តហោះទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ។ បន្ទាប់មកពួកគេនឹងធ្វើដំណើរតាមផ្លូវគោក ទៅកាន់ព្រំដែនរវាងប្រទេសហ្គាតេម៉ាឡា-ម៉ិកស៊ិក។ ក្រោយមកទៀតជនអន្តោប្រវេសន៍នឹងទទួលបានទិដ្ឋាការឆ្លងដែនរបស់ប្រទេស ម៉ិកស៊ិករយៈពេល20ថ្ងៃ ដើម្បីស្វែងរកផ្លូវរបស់ពួកគេទៅកាន់ព្រំដែនជាមួយសហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍គុយបាអ្នកស្រី លីស្លេនីយ៉ា ហ្វើណាដេស និយាយថា អ្នកស្រីសប្បាយចិត្តផង ភ័យផង ព្រោះពួកអ្នកស្រីមិននឹងស្មានថា មានឱកាសនេះទេ។ ពួកគេដឹងគុណណាស់ចំពោះរដ្ឋាភិបាលកូស្តារីកា។ លំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសគុយបាបានកញ្ជ្រោលឡើង ខណៈមានការភ័យខ្លាចថា កិច្ចព្រមព្រៀងសម្រាប់ការផ្ដល់សិទ្ធជ្រកកោនពិសេសរវាងទីក្រុងវ៉ាស៊ីនតោន និងហាវ៉ាណា សម្រាប់ប្រជាជនគុយបារស់នៅលើទឹកដីអាមេរិក ប្រហែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ រដ្ឋាភិបាលកូស្តារីការបានបញ្ឈប់ការចេញទិដ្ឋាការឆ្លងដែនសម្រាប់ប្រជាជនគុយបាក្នុងខែធ្នូ ខណៈប្រទេសនីការ៉ាហ្គាដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់គុយបាបិទព្រំដែនក្នុងខែវិច្ឆិកា៕

website_news/2016140102.txt · Last modified: 2017/02/24 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki