website_news:2016140103

លោក Kerry ប្រកាសផែនការក្នុងការពង្រីកកម្មវិធីទទួលយកជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក

(http://khmer.voanews.com/14 មករា 2016)

រដ្ឋមន្រ្តីក្រសួងការបរទេស លោក John Kerry បានប្រកាសផែនការក្នុងការពង្រីកកម្មវិធីទទួលយកជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក។នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធនៅឯសាកលវិទ្យាល័យការពារប្រទេស លោក Kerry បានមានប្រសាសន៍ថា ការពង្រីកកម្មវិធីទទួលយកជនភៀសខ្លួននេះនឹងជួយដល់ក្រុមជនដែលងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេដែលមកពីប្រទេស អែលសាលើវ៉ាឌ័រ (El Salvador) ប្រទេសក្វាតេម៉ាឡា (Guatemala) និងប្រទេសហុងឌូរ៉ាស (Honduras) និងផ្តល់ឲ្យពួកគេនូវជម្រើសសុវត្ថិភាពនៅក្នុងដំណើរដ៏គ្រោះថ្នាក់ដែលពួកគេបានព្យាយាមធ្វើ។

លោក Kerry មានប្រសាសន៍ថា «វិបត្តិជនភៀសខ្លួនគឺមិនមែនគ្រាន់តែជាបញ្ហារបស់ប្រទេសស៊ីរី មជ្ឈិមបូព៌ា អឺរ៉ុប ឬអាហ្វ្រិក ប៉ុណ្ណោះទេ។ វាគឺជាបញ្ហារបស់សកលលោកទាំងមូល»។ លោក Kerry បានគ្រោងជួបជាមួយនឹងជនភៀសខ្លួននៅមជ្ឈមណ្ឌលមួយនៅជុំវិញរដ្ឋធានី Washington នៅល្ងាចថ្ងៃពុធ ម៉ោងក្នុងសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា លោកប្រធានាធិបតី Barack Obama នឹងបើកកិច្ចប្រជុំមួយអំពីការផ្តល់ជំនួយដល់ជនភៀសខ្លួនស្ថិតក្រោមអគ្គស្នងការធិការដ្ឋានអង្គការសហប្រជាជាតិនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។

សុន្ទរកថារបស់លោកKerry ត្រូវបានធ្វើឡើងបន្ទាប់ពីសុន្ទរកថាប្រចាំឆ្នាំ ដែលជាភាសាអង់គ្លេសហៅថា State of the Union របស់លោកប្រធានាធិបតី Obama បានបញ្ចប់។ លោកប្រធានាធិបតី Obama និងលោក Kerry បានគ្រោងគោលដៅនៃគោលនយោបាយការបរទេសសម្រាប់ឆ្នាំនេះរួចហើយ។ លោក Kerry បានមានប្រសាសន៍ថា ការកម្ចាត់និងយកជ័យជំនះលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមគឺជាសសរទី១នៃយុទ្ធសាស្រ្តរបស់អាមេរិក ហើយគោលដៅមួយទៀតគឺសម្រាប់សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួនក្នុងការសហការគ្នាដើម្បីទប់ស្កាត់កុំឲ្យអំពើហិង្សារីករាលដាលបន្ថែមទៀត៕

website_news/2016140103.txt · Last modified: 2017/02/24 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki