website_news:2016140302

អ.ស.ប អនុម័តច្បាប់ដាក់ពិន័យទាហានមួកខៀវដែលប្រព្រឹត្តបទឧក្រិដ្ឋផ្លូវភេទ

(http://km.rfi.fr/91/2016.03.12) ដោយ ឈាង បុប្ផា12/03/201612/03/2016

បន្ទាប់ពីប្រទាញប្រទង់ខ្លាំងរវាងសមាជិកទាំង ១៥ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញបានបោះឆ្នោតអនុម័ត សេចក្តីសម្រេចមួយសំដៅដាក់ពិន័យក្រុមទាហានមួកខៀវ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋផ្លូវភេទ នៅក្នុងពេលបំពេញបេសកកម្ម។ នេះជាលើកទី១ ដែលអង្គការសហប្រជាជាតិបង្កើតច្បាប់ ដាក់ទណ្ឌកម្មទាហានមួកខៀវ ក្នុងពេលករណីរំលោភផ្លូវភេទ បង្កឡើងដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានគេរកឃើញកាន់តែច្រើន នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលស្នើឡើងដោយអាមេរិក មានចែងពីធ្វើមាតុភូមិនិវត្ត ឬការដកកងពលទាហាន មួកខៀវ ចេញពីប្រទេស ដែលគេរកឃើញមានការសង្ស័យពីការរំលោភ ឬកេងប្រវ័ញ្ចផ្លូវភេទប្រព្រឹត្តដោយក្រុមមួកខៀវ។

តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងករណីដែលប្រទេសម្ចាស់ទាហានមួកខៀវ មិនចាត់វិធានការ ដាក់ទោសទាហាន ដែលប្រព្រឹត្តកំហុស នោះប្រទេសនោះនឹងត្រូវគេដកចេញ លែងឲ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ និយាយជារួម សេចក្តីសម្រេចនេះនឹងបើកផ្លូវឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិមានសិទ្ធិសម្រេចជំនួសកងពលទាហាន ឬប៉ូលិស របស់ប្រទេសមួយ ដែលមិនព្រមកាត់ទោសជំនុំជម្រះលើទាហានរបស់ខ្លួន ដែលបានប្រព្រឹត្តបទឧក្រិដ្ឋផ្លូវភេទ នៅក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន។ នៅក្នុងបេសកកម្មរក្សាសន្តិភាពចំនួន ១៦ នៅក្នុងពិភពលោក អង្គការសហប្រជាជាតិមានទាហាន និងប៉ូលិសស្ម័គ្រចិត្តប្រមាណ១សែននាក់ ដែលផ្តល់ដោយប្រទេសចំនួន ១២២។ ថ្មីៗនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៥ លោកបាន គីមូន បានលើកឡើងថា ករណីរំលោភផ្លូវភេទដែលអាចបង្កឡើងទាហានមួកខៀវ មានចំនួន ៦៩ គឺកើនឡើងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៤។ ជាលើកទី១ របាយការណ៍នោះបង្ហាញថា មានទាហានរបស់ប្រទេសចំនួន ២១ ដែលមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ បទឧក្រិដ្ឋ ផ្លូវភេទបង្កឡើងដោយទាហានមួកខៀវ មិនមែនជារឿងថ្មីថ្មោង ហើយក៏ទំនងមិនថយចុះដែរ ព្រោះថា គ្រាន់តែចាប់ពីដើមឆ្នាំ ២០១៦ គេទទួលបានពាក្យបណ្តឹងបន្ថែមពីរឿងរំលោភផ្លូវភេទរបស់កងទាហានមួកខៀវ ដល់ទៅ ២៦ករណីឯណោះ។ តាមឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Samantha Power សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិមានគោលដៅ វាយប្រហារឲ្យចំ មេរោគមហារីក ដូចជាការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទទៅលើជនរងគ្រោះ ដែលតាមពិតធ្លាប់ផ្តល់ក្តីសង្ឃឹម ការជឿទុកចិត្តលើកងទាហានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សេចក្តីសម្រេចដើម្បីដាក់ទណ្ឌកម្មលើទាហានមួកខៀវ ត្រូវបានបោះឆ្នោតដោយប្រទាញប្រទង់បំផុត នៅក្រុមប្រឹក្សាសន្តិសុខ កាលពីយប់ថ្ងៃសុក្រ។ ប្រទេសចំនួន ៥ ដូចជាអេហ្ស៊ីប រុស្ស៊ី អង់ហ្គោឡា ចិន និងវេណេស៊ុយអេឡាមានអរិភាពមិនចង់គាំទ្រសេចក្តីព្រាងអត្ថបទស្នើឡើងដោយអាមេរិក ក្នុងហេតុផលថា គេមិនអាចដាក់ទណ្ឌកម្មលើកងពលទាំងមូល ក្នុងករណីដែលមានតែទាហានម្នាក់ ឬពីរនាក់ប្រព្រឹត្តបទល្មើសនោះទេ។ អេហ្ស៊ីបនាំមុខគេប្រឆាំង ប៉ុន្តែ ដែលនៅទីបំផុតបោះឆ្នោត អនុប្បវាទ បានប្រកាសចាត់ទុកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខថា ជាការបន្ទោស ដាក់កំហុស ដែលនឹងអាចប៉ះពាល់ដល់អារម្មណ៍របស់ទាហាន និងកិត្តិយសរបស់ប្រទេសដែលបានបញ្ជូនទាហានស្ម័គ្រចិត្តទៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថា អេហ្ស៊ីបស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេ ជាមួយ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស អេត្យូពី រវ៉ាន់ដា ដែលបានផ្តល់ទាហានស្ម័គ្រចិត្ត ជាង ២ពាន់នាក់ទៅក្នុងក្រុមទាហានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អាមេរិកដែលផ្តល់ហិរញ្ញវត្ថុ២៨%នៃថវិកាបេសកកម្មសរុប ជាង៨ពាន់លានដុល្លារ បានបញ្ជូនទាហានរបស់ខ្លួន តែ៨០នាក់ប៉ុណ្ណោះ ទៅឲ្យអង្គការសហប្រជាជាតិ៕

website_news/2016140302.txt · Last modified: 2017/02/28 10:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki