website_news:2016140502

ពលករខ្មែរចំនួន54នាក់ ដែលចាប់នៅឥណ្ឌូណេស៊ី ត្រឡប់មកវិញ2-3សប្តាហ៍ទៀត

(https://kohsantepheapdaily.com.kh) ដោយ ៖ សហការី គេហទំព័រកោះសន្តីភាព ថ្ងៃសៅរ៏ ទី១៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:១៥

រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១១ ខែឧសភា បានរាយការណ៍ពីនីតិវិធីដែលស្ថានទូតបាននិងកំពុងអនុវត្តក្នុងការរៀបចំមាតុ ភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន៥៤នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួនរក្សាទុកនៅកោះ Pontianak ប្រទេសឥណ្ឌូណេស៊ី ក្រោយពីការបង្ក្រាបទូកនេសាទថៃដែលលួចចូលនេសាទក្នុងដែនទឹកឥណ្ឌូណេស៊ី ។

ប្រភពដដែលបន្តថា ស្ថានទូតបានបញ្ចប់ការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)ដោយអង្គការបានទទួលស្គាល់ថា ពលករខ្មែរទាំង៥៤នាក់ ជាជនរងគ្រោះដោយការជួញដូរមនុស្សទៅធ្វើការខុសច្បាប់ ។ IOMនឹងរៀបចំទិញសំបុត្រយន្តហោះឱ្យពលករខ្មែររងគ្រោះទាំង៥៤នាក់ បន្ទាប់ពីការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ចេញលិខិតអនុញ្ញាត។

ជាមួយគ្នានេះ ស្ថានទូតកំពុងទាក់ទងស្នើសុំលិខិតអនុញ្ញាត(Exit Permit) ពីការិយាល័យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ដើម្បឱ្យពលករធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌូណេស៊ីដោយស្របច្បាប់ ។ បន្ទាប់មក ស្ថានទូតនឹងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នដល់ពលករទាំង៥៤នាក់ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ។ ចំពោះការងារទាំងអស់នេះ នឹងត្រូវចំណាយពេលប្រមាណ២-៣ សប្ដាហ៍ ៕

website_news/2016140502.txt · Last modified: 2017/03/02 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki