website_news:2016140701

ការបាត់បង់មុខរបរនាំឲ្យពលរដ្ឋធ្វើចំណាកស្រុកទៅថៃ

(http://www.postkhmer.com) Thu, 14 July 2016 គង់ មេត្ដា

បាត់ដំបងៈ អ្នកស្រី ឡេង សុខា ភ្នែកឡើងក្រហមលាយឡំជាមួយនឹងទឹកភ្នែករលីងរលោងខណៈដែលនិយាយពីកូនអ្នកស្រីដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារតែពុំមានមុខរបរ ឬការងារធ្វើនៅក្នុងស្រុក។ បច្ចុប្បន្នអ្នកស្រី សុខា អាយុ ៤៦ ឆ្នាំដែលរស់នៅក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ត្រូវនៅមើលថែចៅ ៣ នាក់ដែលឪពុកម្តាយរបស់ពួកគេត្រូវធ្វើចំណាកស្រុកទៅថៃ។ ភូមិដែលពលរដ្ឋភាគច្រើនធ្លាប់តែប្រកបរបរនេសាទនេះនៅពេលនេះហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ដោយភាគច្រើនគេឃើញតែចាស់ៗ និងក្មេងតូចៗប៉ុណ្ណោះខណៈដែលមនុស្សពេញកម្លាំងរាប់រយនាក់ត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅថៃ។

ជាមួយនឹងសំឡេងយំខ្សឹកខ្សួលពេលនិយាយពីកូនរបស់អ្នកស្រីដែលទៅធ្វើការនៅថៃស្ត្រីរូបនេះបានឲ្យដឹងថាកូនប្រុសរបស់អ្នកស្រីពីរនាក់ ១ ឈ្មោះ អ៊ុន ប៊ុនថង អាយុ ២២ ឆ្នាំនិងម្នាក់ទៀត ឈ្មោះ អ៊ុន ប៊ុន អាយុ ២៤ ឆ្នាំបានចាកចេញពីផ្ទះតាំងពីផ្ទះនេះធ្វើមិនទាន់រួចរាល់ពួកគេបានទៅរកការងារធ្វើជាកម្មករកាត់ដេរក្នុងរោងចក្រនៅឯប្រទេសថៃជាមួយអ្នកភូមិផ្សេងទៀតតាំងពីខែមេសាមក។

អស់ជាច្រើនជំនាន់មកហើយគ្រួសារអ្នកស្រី សុខា បានរស់នៅក្នុងភូមិបាក់ព្រាតាមបណ្តោយដងស្ទឹងសង្កែដែលហូរកាត់ខេត្តបាត់ដំបង និងបានរកស៊ីចិញ្ចឹមជីវិតដោយការនេសាទនៅក្នុងបឹងទន្លេសាបដែលមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីផ្ទះរបស់អ្នកស្រី។ ជីវិតរបស់អ្នកស្រីគឺអាស្រ័យស្ទើរតែទាំងស្រុងទៅលើការនេសាទត្រីសម្រាប់ជាអាហារ និងសម្រាប់លក់ដូររកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាមួយនឹងកម្ពស់ទឹកកាន់តែទាបទៅៗ និងវដ្តនៃទឹកជំនន់ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដែលប្រជាជនអាស្រ័យផលត្រូវបានបង្អាក់ដោយសារតែគ្រោះរាំងស្ងួតជាច្រើនឆ្នាំកន្លងមក ដែលធ្វើឲ្យបរិមាណត្រីត្រូវបានបំផ្លិចបំផ្លាញ ហេតុដូច្នេះហើយទើបបង្ខំឲ្យកូនប្រុសរបស់អ្នកស្រី សុខា និងអ្នកភូមិជាច្រើនទៀតបានចាកចេញពីស្រុកកំណើតទៅស្វែងរកការងារធ្វើនៅកន្លែងផ្សេងៗ។ អ្នកស្រី សុខា បាននិយាយថា៖«ស្ថានភាពកាន់តែអាក្រក់ឡើងៗដោយសារតែកង្វះទឹក និងភាពរាំងស្ងួត។ ខ្ញុំនឹកកូនខ្ញុំខ្លាំងណាស់បើគ្មានពួកគេទេនោះអ្វីគ្រប់យ៉ាងក៏គ្មានដែរសម្រាប់ខ្ញុំ»។

បាក់ព្រា គឺជាភូមិមួយក្នុងចំណោមភូមិទាំង ៥ ដែលមានគ្រួសារសរុបចំនួន ១០៥០ គ្រួសារនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មេឃុំព្រៃចាស់លោក ឡុង ផន បានឱ្យដឹងថាប្រជាជនប្រមាណ ៩៥ ភាគរយគឺពឹងផ្អែកលើការនេសាទប៉ុន្តែផលនេសាទបានធ្លាក់ចុះយ៉ាងខ្លាំងជាពិសេសក្នុងឆ្នាំ ២០១៥ និង ២០១៦ នេះតែម្តងដែលជាឆ្នាំអាក្រក់បំផុតដែលអ្នកភូមិមិនធ្លាប់ជួបប្រទះ។

រដូវនេសាទជាធម្មតាគឺចាប់ពីខែតុលាដល់ខែវិច្ឆិកានៅពេលដែលតំបន់នេះជន់លិចនោះត្រីនឹងហូរចេញពីតំបន់ការពារផលនេសាទចំនួន ៣ នៅក្នុងឃុំនេះដែលវាហូរចូលទៅក្នុងទន្លេប៉ុន្តែពុំមានទឹកជន់បែបនេះទៀតទេនៅក្នុងឆ្នាំ ២០១៥ ដែលនេះមិនបានផ្តល់ផលល្អប្រសើរដល់ប្រជាជនឡើយ។

លោក ផន បានបន្ថែមថា៖ «មិនមានភ្លៀងធ្លាក់ទេចាប់តាំងពីខែមករារហូតដល់ខែឧសភាហើយភ្លៀងធ្លាក់តិចជាងធម្មតានៅក្នុងខែមិថុនាខណៈដែលយើងត្រូវការវាជាចាំបាច់បំផុតសម្រាប់តំបន់នេះ»។ លោក ផន បានឱ្យដឹងថាកង្វះផលនេសាទបានបង្ខំឲ្យប្រជាជនធ្វើចំណាកស្រុកទៅរាជធានីភ្នំពេញទៅក្រុងបាត់ដំបង និងអ្នកខ្លះឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើនៅក្នុងវិស័យកាត់ដេរ និងសំណង់។ កាលពីឆ្នាំមុនលោក ឡុង ផន បានសូមឲ្យប្រធានភូមិរបស់លោកធ្វើការកត់ត្រាចំនួនអ្នកធ្វើចំណាកស្រុកហើយប្រធានភូមិបានរាយការណ៍មកលោកវិញ។ នៅក្នុងឆ្នាំ ២០១៥ មនុស្សចំនួន ១០០ នាក់ក្នុងឃុំនេះបានធ្វើចំណាកស្រុកប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៦ នេះមានមនុស្សប្រមាណ ៧៥០ នាក់បានធ្វើចំណាកស្រុកទៀតដែលភាគច្រើនជាមនុស្សនៅលីវហើយស្ទើរពាក់កណ្តាលជាស្ត្រី។

លោកបន្តថា៖ «យើងមិនអាចហាមឃាត់ពួកគេមិនឲ្យធ្វើចំណាកស្រុកបានទេ។ ពីព្រោះមិនមានជម្រើសផ្សេងទៀតសម្រាប់ពួកគេទេនៅទីនេះក្រៅពីការនេសាទដោយសារតែយើងមិនអាចធ្វើស្រែចម្ការបាន»។ លោកមេឃុំបានឱ្យដឹងថាបើប៉ះចំថ្ងៃល្អអ្នកភូមិពួកលោកនេសាទបានត្រីជាមធ្យមប្រមាណ ២០ គីឡូក្រាមក្នុងមួយថ្ងៃដែលលក់បានក្នុងតម្លៃប្រមាណ ៦០០០ រៀលក្នុងមួយគីឡូក្រាម។ លោកបានបញ្ជាក់ថា ឥឡូវនេះពូជត្រីមួយចំនួនបាត់អស់ទាំងស្រុងតែម្តង។

លោក រុំ ហ៊ីង អាយុ ៣៨ ឆ្នាំមកពីភូមិ រែងត្បាល់នៅក្បែរនោះបានឱ្យដឹងថាប្រជាជនកំពុងរស់នៅក្នុងសភាពយ៉ាប់យ៉ឺនបំផុត។ លោកបន្តថាឥឡូវនេះលោកនេសាទបានត្រីតែពី ១ ទៅ ២ គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ ឪពុកមានកូនពីររូបនេះបាននិយាយថា៖ «ខ្ញុំនឹងចាកចេញពីភូមិនេះខ្ញុំចង់ធ្វើចំណាកស្រុកដែរប៉ុន្តែខ្ញុំមិនដឹងទៅណា? ហើយមិនដឹងទៅធ្វើការកន្លែងណា?»។

លោក ឆុង សុធា ដែលជាប្រធានមន្ទីរជលផលខេត្តបាត់ដំបងបានឱ្យដឹងថាកម្រិតទឹកបានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញបឹងទន្លេសាបទាំងមូលប៉ុន្តែក្រុមមន្ត្រីរបស់លោកបានយកឃុំព្រៃចាស់ជាចំណុចស្ដង់ដារដើម្បីវាស់កម្រិតទឹកជារៀងរាល់ខែ។ បើយោងតាមការវាស់ស្ទង់របស់លោកបានបង្ហាញថាចាប់ពីខែមិថុនាកម្រិតទឹកមានកម្ពស់តិចជាងកន្លះម៉ែត្រប៉ុន្តែដោយសារមានភ្លៀងធ្លាក់ចុងក្រោយនេះកម្ពស់ទឹកទំនងជាកើនឡើងដល់ ៦ ម៉ែត្រនៅក្នុងខែកក្កដា។ លោកនិយាយថាបើកម្រឹតទឹកនៅក្រោម ១,៥ ម៉ែត្រនោះវាផ្តល់ផលវិបាកចំពោះត្រីពូជបង្កកំណើតប៉ុន្តែគ្មានការវាយតម្លៃផ្នែកបរិស្ថានណាមួយត្រូវបានធ្វើឡើងក្នុងតំបន់នេះទេ។

លោក មឿន តុលា នាយកប្រតិបត្តិនៃក្រុមសិទ្ធិការងារកណ្តាលបានឱ្យដឹងថាអ្នកភូមិត្រូវដឹងព័ត៌មានឱ្យបានច្បាស់លាស់ពីលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលរបស់ខ្លួនមុនពេលទទួលយកការងារណាមួយនៅក្នុងទីក្រុងនោះ។ បើទោះបីជាពួកគេមិនបានស្នើសុំព័ត៌មានទាំងនេះក៏ដោយក៏និយោជកត្រូវតែជូនដំណឹងប្រាប់ពួកគេជាមុនដែរ។

លោកបន្តថា៖ « ប្រជាជនកម្ពុជាក្រីក្រដែលធ្វើចំណាកស្រុកគឺប្រឈមនឹងហានិភ័យ និងការកេងប្រវ័ញ្ចខ្ពស់ណាស់ដោយសារតែភាគច្រើននៃពួកគេមិនបានសិក្សាខ្ពង់ខ្ពស់ ហើយមួយចំនួនមិនចេះអាន និងសរសេរផង។ ពួកគេងាយរងគ្រោះដោយជឿតាមកិច្ចសន្យាបោកប្រាស់ខណៈដែលពួកគេមួយចំនួនពិបាកក្នុងការស្វែងរកការងារធ្វើ»។ លោកថ្លែងថា៖ «ប្រជាជនក្រីក្រមានហានិភ័យខ្ពស់ណាស់ក្នុងការស្វែងរកការងារចិញ្ចឹមជីវិត»។ លោក តុលា បន្ថែមទៀតថាអាជ្ញាធរមូលដ្ឋានគួរតែផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់សម្រាប់ជួយដល់អ្នកចំណាកស្រុកទាំងនោះ។

អ្នកស្រី ពេញ ចំរើន អាយុ ៣១ ឆ្នាំ និងប្តីរបស់អ្នកស្រីបានធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីធ្វើការជាកម្មករសំណង់ក្នុងខែមេសាកន្លងមកដើម្បីចិញ្ចឹមកូនទាំងបួននាក់ដែលរស់នៅភូមិបាក់ព្រាជាមួយនឹងជីដូនរបស់ពួកគេ។ ប៉ុន្តែប្តីប្រពន្ធនេះបានជួបនូវស្ថានភាពកាន់តែអាក្រក់ដោយសារពួកគាត់បានចាញ់បោកឈ្មួញកណ្តាលហើយគាត់មិនបានទទួលប្រាក់ខែគាត់អស់រយៈពេល ៣ ខែ។ អ្នកស្រីបានរំឭកពីពេលវេលានៅក្នុងប្រទេសថៃថា៖ «ខ្ញុំយំព្រោះខ្ញុំនឹកកូនរបស់ខ្ញុំ»។ អ្នកស្រីប្រាប់ថា គាត់នឹងមិនចាកចោលកូនរបស់អ្នកស្រីទៀតទេទោះបីជាពួកគាត់ជួបការលំបាកយ៉ាងណាក៏ដោយ។

លោក ជួប សន ជាប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឱ្យដឹងថាប្រជាជននៅជុំវិញបឹងទន្លេសាបបានប្រឈមនឹងបញ្ហាស្រដៀងៗគ្នាដូចអ្នកដែលនៅក្នុងឃុំព្រៃចាស់ដែរដោយសារតែការបម្រែបម្រួលអាកាសធាតុ។ លោក សន បានឱ្យដឹងថាបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ពួកគាត់ពីព្រោះដៃស្ទឹងសង្កែត្រូវបានគេទប់បង្កកយកទឹកសម្រាប់សហគមន៍ប្រើប្រាស់នៅខ្សែទឹកខាងលើខណៈពេលដែលការនេសាទខុសច្បាប់មានច្រើននៅក្នុងតំបន់អភិរក្សការពារដូច្នេះហើយទើបធ្វើឲ្យបរិមាណត្រីមានការថយចុះ។ លោកបន្តថាបើបរិមាណត្រីក្នុងតំបន់ការពារនៅសល់តែពាក់កណ្តាលនោះគឺអាចគ្រប់គ្រាន់ល្មមសម្រាប់ផ្គត់ផ្គង់ដល់សហគមន៍ទាំងនេះបានប៉ុន្តែលោកនៅតែបញ្ជាក់ថាការពឹងផ្អែកទាំងស្រុងលើការនេសាទវាពិតជាការមួយដែលប្រថុយប្រថានណាស់។ លោកនិយាយថា៖«ក្រៅពីការនេសាទពួកគាត់គ្មានអ្វីផ្សេងធ្វើនោះទេ»។

ត្រឡប់មកភូមិបាក់ព្រាវិញអ្នកស្រី សុខា បានឲ្យដឹងថាកូនប្រុសរបស់អ្នកស្រីបានផ្ញើប្រាក់ឲ្យអ្នកស្រីចំនួន ៥០ ដុល្លារចាប់តាំងពីពួកគេបានចាកចេញទៅធ្វើការនៅថៃតាំងពីខែមេសាប៉ុន្តែអ្នកស្រីត្រូវចំណាយអស់ ១០ ដុល្លារថ្លៃឈ្នួលជិះទូកឡើងទៅយកប្រាក់នោះ។ អ្នកស្រីបាននិយាយថាប្រាក់ប៉ុណ្ណឹងវាមិនគ្រប់គ្រាន់នោះទេហើយអ្នកស្រីមិនប្រាកដថាតើវាសមនឹងឲ្យកូនប្រុសអ្នកស្រីផ្សងគ្រោះថ្នាក់ដើម្បីប្រាក់ប៉ុណ្ណឹង ឬមួយក៏អត់នោះទេ។ ស្រ្តីរូបនេះនិយាយថា៖ «កូនខ្ញុំបានប្រាប់ខ្ញុំថាប្រសិនបើឆ្នាំនេះមានទឹកច្រើននោះពួកគេនឹងត្រឡប់មកស្រុកវិញ។ ខ្ញុំចង់ឱ្យកូនខ្ញុំត្រឡប់មកនេសាទវិញទោះបីវាមានការលំបាកក៏ដោយ»។

លោក ផន ដែលជាមេឃុំព្រៃចាស់ថ្លែងថាប្រជាជនចំណាកស្រុកមួយចំនួនពួកគេរង់ចាំមើលថាតើនឹងមានទឹកធំឬទេក្នុងឆ្នាំនេះ? បើមានទឹកច្រើននោះពួកគេខ្លះនឹងត្រឡប់មកវិញក្នុងខែតុលា។ ប៉ុន្តែបើមិនមានទឹកធំទេនោះពួកគេនឹងមិនត្រឡប់មកវិញទេ។ លោក ផន បន្តថា៖ «យើងកំពុងរង់ចាំមើលរហូតពីខែតុលាដល់ខែវិច្ឆិកាថាឆ្នាំនឹងមានទឹកឬទេ?»៕ NS

website_news/2016140701.txt · Last modified: 2017/03/10 11:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki