website_news:2016140901

ពលរដ្ឋខ្មែរជាងបីរយនាក់ ត្រូវបានក្រសួងការបរទេស ជួយសង្គ្រោះចេញពីការធ្វើបាបពីសំណាក់ប្ដីនិងថៅកែបរទេស

(http://bayontv.com.kh) 13/09/2016

ភ្នំពេញ ៖ ក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរយ៉ាងតិច៣៤០នាក់ត្រូវបានក្រសួងការបរទេសជួយសង្គ្រោះ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីពួកគេទាំងនោះត្រូវបានប្ដីនិងថៅកែបរទេសវាយធ្វើបាប។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សន្ទរី បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី នាថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា មានស្ត្រីរងគ្រោះ ប្រហែល៣៤០នាក់ ត្រូវបានក្រសួងការបរទេសអន្តរាគមន៍ជួយទាន់ពេលវេលា បន្ទាប់ពីពួកគេទាំងនោះត្រូវបានប្ដីដែលជាជនជាតិចិនវាយធ្វើបាប និងពលរដ្ឋខ្មែរមួយចំនួនទៀតត្រូវបានរងគ្រោះដោយសារការជួញដូរ និងធ្វើបាបពីសំណាក់ថៅកែជាជនបរទេសជាដើមនោះ។ លោក ជុំ សន្ទរីបានបន្តថា ពួកគេទាំងនោះត្រូវបានបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ចាប់ពីខែមករា ដល់ខែសីហា កន្លងទៅនេះ ហើយសម្រាប់ការចំណាយនៃការត្រឡប់ភាគច្រើនគឺក្រសួងការបរទេសនិងអង្គការ IOM ជាអ្នកចេញ។

សូមរំលឹកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែចុះជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរទាំងឡាយណាដែលជួបវិបត្តិការងារនៅបរទេស ជាពិសេសគឺស្ត្រីខ្មែរដែលបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយប្តីជាជនជាតិចិន និងពលការិនីខ្មែរដែលធ្វើការនៅប្រទេសម៉ាឡេស៊ីជាដើម ហើយជាងនេះទៅទៀត ក្រសួងការបរទេសក៏បានជួយពលករខ្មែរដែលត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ីចាប់ខ្លួនក្រោយពីពួកគេទាំងនោះចាញ់បោកមេខ្យល់ថៃ ចូលទៅនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសឥណ្ឌូណេស៊ីជាដើមនោះ៕

website_news/2016140901.txt · Last modified: 2017/03/12 16:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki