website_news:2016140904

ពលករខ្មែរកាន់ប័ណ្ណស៊ីជម្ពូនឹងអាចដកឯកសារនៅថៃបាន

(http://www.postkhmer.com) Wed, 14 September 2016 ទូច សុខា

ភ្នំពេញៈ ក្រសួងការងារកម្ពុជាបានជូនដំណឹងដល់ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃដែលមានកាន់ប័ណ្ណពណ៌ស៊ីជម្ពូជាង ២ សែននាក់ និងថៅកែរបស់ពួកគេថាចាប់ពីចុងខែកញ្ញាឆ្នាំ ២០១៦ នេះទៅអ្នកទាំងនោះអាចស្នើដកឯកសារផ្លូវច្បាប់សម្រាប់បម្រើការនៅប្រទេសថៃតាមប្រព័ន្ធអនឡាញ និងអាចទៅយកលិខិតទាំងនោះនៅតាមការិយាល័យមួយចំនួនដែលរៀបចំដោយអាជ្ញាធរថៃ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាចុះថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៦ បានបញ្ជាក់ថាពលករកម្ពុជា និងនិយោជកអាចស្នើសុំដកលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសតាមរយៈប្រព័ន្ធអនឡាញដែលរៀបចំដោយនាយកដ្ឋានមុខរបរថៃ។ អ្នកទាំងនោះអាចស្នើសុំឯកសារបានចាប់ពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៦ និងថាត្រូវមកទទួលលិខិតនោះនៅទីតាំងចំនួន ៣ គឺក្នុងទីក្រុងបាងកកខេត្តប៉ាធុមថានី និងខេត្តឈុនប៊ូរី។

ក្រសួងបន្តក្នុងសេចក្តីជូនដំណឹងដដែលថាពលករកម្ពុជាក្រោយពីបានទទួលឯកសារទាំងនោះហើយត្រូវទៅស្នើសុំទិដ្ឋាការស្នាក់នៅបន្តទៀតនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងនៅជិតកន្លែងដែលពួកគាត់ទៅទទួលលិខិតឆ្លងដែន ឬនៅតាមខេត្តដែលពួកគាត់កំពុងបម្រើការដោយអាចអនុញ្ញាតឲ្យពួកគាត់ធ្វើការនៅប្រទេសថៃរយៈពេលពីរឆ្នាំ។ បើតាមក្រសួងតម្លៃផ្ដល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសមានចំនួន ៩៥០ បាតជាសេវាដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការគណៈកម្មការ និងការជួលការិយាល័យពីភាគីថៃ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់ភ្នំពេញប៉ុស្តិ៍តាមប្រព័ន្ធ WhatsApp ថាពលករខ្មែរចំនួនជាង ៣៨ ម៉ឺននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃដោយមានកាន់ប័ណ្ណពណ៌ស៊ីជម្ពូ។ លោកថាក្នុងចំណោមអ្នកទាំងនោះមានជាង ២០ ម៉ឺននាក់បានធ្វើលិខិតឆ្លងដែនរួចហើយ។ លោកបន្តថាអ្នកដែលបានធ្វើលិខិតឆ្លងដែនហើយអាចសុំដកយកនៅតាមកន្លែងដែលបានកំណត់ដោយភាគីថៃ និងមានការចូលរួមប្រគល់លិខិតឆ្លងដែននោះដោយមន្ត្រីកម្ពុជា។ លោកបន្ថែមថារាល់លិខិតឆ្លងដែនរបស់ពលករខ្មែរណាដែលមិនបានឆ្លងកាត់តាមមន្ទីរការងារ ឬនាយកដ្ឋានមុខរបរ និងការងារថៃទេនោះគឺមិនអាចយកទៅសុំទិដ្ឋាការស្នាក់នៅ និងធ្វើការនៅថៃបានទេ។ លោកបន្ថែមទៀតថា៖ «ភាគីថៃបានស្នើសុំថាធ្វើម៉េចគឺឲ្យឆ្លងកាត់តាមប្រព័ន្ធរបស់គេពីព្រោះមានតែអ្នកកាន់ប័ណ្ណពណ៌ស៊ីជម្ពូ និងទទួលស្គាល់ដោយរដ្ឋាភិបាលថៃទេដែលយកលិខិតឆ្លងដែនទៅហើយអាចទៅធ្វើភាពស្របច្បាប់បានបួនឆ្នាំ…បងប្អូនស្នើសុំតាមរយៈមន្ទីរការងារថៃរីឯការចែកគឺមន្ត្រីកម្ពុជាយើងចែកដល់បងប្អូនផ្ទាល់មិនមែនមន្ត្រីថៃទេ»។

បើតាមលោក ហេង សួរ ព័ត៌មានស្តីពីការស្នើសុំឯកសារទាំងនេះភាគីថៃជាអ្នកទទួលបន្ទុកផ្សព្វផ្សាយដល់ពលករខ្មែរ និងនិយោជករបស់ពួកគេ។ បើតាមការប៉ាន់ស្មានលោក ហេង សួរ ថាពលករខ្មែរមានចំនួនប្រហែលជា ៦៣០ ០០០ នាក់កំពុងបម្រើការនៅប្រទេសថៃទាំងអ្នកមានលិខិតស្របច្បាប់ និងអ្នកដែលកំពុងស្នើសុំលិខិតស្របច្បាប់។

នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជាលោក យ៉ា ណាវុធ បានថ្លែងថារដ្ឋាភិបាលកម្ពុជាគួរតែធ្វើយ៉ាងណាផ្តល់ឯកសារពាក់ព័ន្ធដល់ពលករកម្ពុជាឲ្យបានរួចរាល់មុននឹងអនុញ្ញាតឲ្យគាត់ចេញទៅធ្វើការនៅថៃ។ លោកថាធ្វើបែបនេះអាចជួយពលករខ្មែរមិនឲ្យខាតពេលក្នុងការស្នើសុំលិខិតបទដ្ឋានផ្សេងៗពេលទៅដល់ប្រទេសទទួល។ លោកបន្ថែមថា៖ «ខ្ញុំគិតថាយើងគួរមានការចរចាជាមួយភាគីថៃទៅធ្វើយ៉ាងម៉េចសម្រួលដល់ការចេញបែបបទក្នុងការចេញប័ណ្ណព្រោះថាពលករពេលគាត់ទៅដល់ប្រទេសទទួលមិនដូចប្រទេសកំណើតគាត់ទេ គាត់ពិបាករកណាស់ និងត្រូវធ្វើដំណើរចំណាយសោហ៊ុយផ្សេងៗ»។ គួរបញ្ជាក់ថាកាលពីពាក់កណ្តាលឆ្នាំ ២០១៤ ពលករខ្មែរដែលកំពុងធ្វើការនៅថៃជាង ២ សែននាក់ត្រូវបានអាជ្ញាធរយោធាថៃចាប់បញ្ជូនមកកាន់កម្ពុជាវិញ។ ទោះយ៉ាងណាក្រោយមករដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាបញ្ជូនពលករខ្មែរត្រឡប់ទៅថៃវិញដោយភាគីទាំងពីរព្យាយាមផ្តល់ឯកសារស្របច្បាប់ ឬឯកសារការងារបណ្តោះអាសន្នដល់អ្នកទាំងនោះ។

ទាក់ទងនឹងករណីនេះដែរកាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំនេះស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងឲ្យដឹងថាពលករខ្មែរម្នាក់បានរងអំពើហិង្សាពីមេការរោងចក្រដែលគាត់បម្រើការ។ បើតាមស្ថានទូតពលករខ្មែររូបនោះឈ្មោះ ទុំ ចាន់ថន ភេទប្រុស អាយុ ២៤ ឆ្នាំមានស្រុកកំណើតក្នុងខេត្តតាកែវ។ ស្ថានទូតសរសេរលើហ្វេសប៊ុករបស់ខ្លួនទៀតថាពលកររូបនេះបានធ្វើការនៅកូរ៉េបាន ២ ខែនៅផ្នែកឧស្សាហកម្មក្នុងតំបន់ Anseong ខេត្ត Gyeonggi។ តាមព័ត៌មានរបស់ស្ថានទូតមន្ត្រីទូតកម្ពុជាបានទាក់ទងទៅថៅកែរោងចក្រ និងបានរៀបចំវិធានការផ្លូវច្បាប់ចំពោះករណីនេះដោយថាដើម្បីរកយុត្តិធម៌ជូនពលករខ្មែររូបនោះ។

ស្ថានទូតសរសេរថា៖ «ក្រុមការងារស្ថានទូតបានជួបពិភាក្សា និងស្ដាប់នូវដំណើររឿងលម្អិតរបស់ប្អូន ទុំចាន់ថន ដើម្បីប្រមូលភ័ស្ដុតាងយកជាមូលដ្ឋានក្នុងការរកយុត្តិធម៌ជូនគាត់ បច្ចុប្បន្នស្ថានទូតបានទាក់ទងអន្ដរាគមន៍ទៅថៅកែរោងចក្ររួចហើយ និងកំពុងរៀបចំបន្ដចំណាត់ការតាមនីតិវិធីច្បាប់របស់សាធារណរដ្ឋកូរ៉េ»៕

website_news/2016140904.txt · Last modified: 2017/03/12 16:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki