website_news:2016140906

ទូតខ្មែរ ជួយអន្តរាគមន៍ ជួយស្ត្រីខ្មែរ ៥នាក់ បន្ទាប់ពីចាញ់បោកមេខ្យល់ បញ្ឆោតទៅរៀបការ ជាមួយជនជាតិចិន

(http://www.dap-news.com/kh) ថ្ងៃពុធ, ១៤ កញ្ញា ២០១៦ 12:00 ដោយ: បាន សុខរិទ្ធិ ID:049

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន សហការជាមួយប៉ូលីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ រងគ្រោះចំនួន ៥នាក់ ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតយកទៅរៀបការជាមួយ បុរសជនជាតិចិន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ស្ត្រីរងគ្រោះទាំង ៥នាក់ ទី១. ឈ្មោះ ម.ស.ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ, ទី២. ក.វ.ណ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង និងទី៣. ទ.ស.គ អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅរាជធានីភ្នំពេញ ។

ស្រ្តីទាំង៣នាក់ខាងលើ បានត្រឡប់មកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២៣:៣០ នាទី តាមជើងយន្តហោះលេខ CZ323 ។

ទី៤. ស្រ្តីឈ្មោះ ថ.ស.ថ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានធ្វើដំណើរទៅដល់ ប្រទេសចិន កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៦ និងទី៥. ខ.ស.ន អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម បានធ្វើដំណើរទៅដល់ ប្រទេសចិន កាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៣ ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអង្គការ អន្តរជាតិទេសសន្តរប្រវេសន៍ (IOM) រៀបចំបែបបទធ្វើដំណើរ និងទិញសំបុត្រយន្តហោះ ហើយស្រ្តីខ្មែរទាំង២នាក់ខាងលើ នឹងត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៣:៣០នាទី តាមជើងយន្តហោះលេខ CZ5069 ៕

website_news/2016140906.txt · Last modified: 2017/03/12 16:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki