website_news:2016140908

ជនជាតិវៀតណាម ដណ្ដើមការងារជនជាតិថៃច្រើនជាងគេ

(https://www.thmeythmey.com) និពន្ធដោយ : តន ចាន់រិទ្ធារ៉ា September-13-2016, 10:19 pm

បន្ទាប់ពីបើកប្រតិបត្តិការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើការ នៅប្រទេសថៃអស់មួយរយៈមក អាជ្ញាធរអន្តោប្រវេសន៍ថៃរកឃើញថា ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ ជនជាតិវៀតណាម កំពុងតែដណ្ដើមការងារជនជាតិថៃច្រើនជាងគេ។ ហើយភាគច្រើននៃជនជាតិវៀតណាមទាំងនោះ គឺចូលទឹកដីថៃ ក្នុងនាមជាភ្ញៀវទេសចរតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ Nathathorn Prohsunthorn នាយកប៉ូលិសអន្តោប្រវេសន៍ថៃ បាននិយាយថា ជនជាតិវៀតណាមដែលកាន់ទិដ្ឋាការទេសចរណ៍ កំពុងតែធ្វើការដោយខុសច្បាប់ច្រើនជាងគេ នៅក្នុងវិស័យការងារដែលបម្រុងទុកសម្រាប់ជនជាតិថៃ។ លោកនិយាយដូចនេះទៅកាន់មន្ត្រីប៉ូលិសអន្តោប្រវេសន៍មកពីខេត្តមួយចំនួន ជុំវិញការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់។ លោក Nathathorn និយាយទៀតថា ជនជាតិវៀតណាមទាំងនោះ ដែលមានទិដ្ឋាការរយៈពេល៣០ថ្ងៃ និងមានជំនួយពីអ្នកវិនិយោគវៀតណាម បានរកស៊ីបើកហាងលក់ដូរនៅទូទាំងប្រទេស ដែលជាការងារសម្រាប់តែជនជាតិថៃប៉ុណ្ណោះ។ ក្នុងប្រតិបត្តិការកន្លងមក ប៉ូលិសថៃរកឃើញជនជាតិវៀតណាមបើកហាងចំនួន៣១ ក្នុងផ្សារ Khlong Toey ក្នុងរាជធានីបាងកក។

បើតាមកាសែតបាងកកប៉ុស្តិ៍ ការងារដែលជនជាតិវៀតណាមកំពុងធ្វើ ជាការងារដែលតម្រូវទុកសម្រាប់តែជនជាតិថៃ ហើយការដណ្ដើមការងារនេះ ធ្វើឲ្យប៉ះពាល់មូលដ្ឋាននៃសេដ្ឋកិច្ចថៃផងដែរ។ មិនតែប៉ុណ្ណោះ ជនជាតិវៀតណាមទាំងនោះ ក៏ទាញប្រយោជន៍ពីការលក់ទំនិញច្រើនមុខ និងមិនខ្វល់ពីអនាម័យអ្វីឡើយ។

ជុំវិញបញ្ហនេះ នាយកប៉ូលិសអន្តោប្រវេសន៍ថៃ ក៏ត្រៀមចាត់វិធានការលើជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះដែរ។ ពួកគេទាំងនោះ នឹងត្រូវដាក់ឈ្មោះក្នុងបញ្ជីស្បែកខ្មៅ និងត្រូវរងវិធានការតាមផ្លូវច្បាបទៀតផង។ មួយវិញទៀត ប៉ូលិសអន្តោប្រវេសន៍ ក៏ត្រូវដាក់បញ្ជាឲ្យចូលពិនិត្យតាមរោងចក្រនានា ដើម្បីស្វែងរកពលករខុសច្បាប់ ហើយម្ចាស់រោងចក្រ ក៏ត្រូវរាយការណ៍ដល់ប៉ូលិស លើចំនួនពលករអន្តោប្រវេសន៍ ដែលពួកគេជួលមកធ្វើការដែរ។

សូមបញ្ជាក់ដែរថា សព្វថ្ងៃនេះ មានជនអន្តោប្រវេសន៍រាប់លាននាក់ ធ្វើការដោយខុសច្បាប់ និងស្របច្បាប់លើទឹកដី។ ពលករភាគច្រើនមកពីប្រទេសជិតមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែរ ហើយធ្វើការដោយខុសច្បាប់នៅតាមទូកនេសាទ រោងចក្រ និងការងារដែលមានកម្រៃទាប ដែលរឿងនេះ ធ្វើឲ្យថៃរងការរិះគន់ខ្លាំងពីអន្តរជាតិ ជុំវិញការលក្ខខណ្ឌការងារយ៉ាងអាក្រក់នោះ៕

website_news/2016140908.txt · Last modified: 2017/03/12 16:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki