website_news:2016140911

កងឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ៤០០នាក់ពីសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 14/09/2016

អ៊ីតាលី៖ អង្គភាពឆ្មាំសមុទ្រអ៊ីតាលីបានបញ្ចេញរូបភាពវីដេអូមួយ កាលពីថ្ងៃអង្គារម្សិលមិញដោយបង្ហាញ ពីការជួយសង្គ្រោះជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ៤០០នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ។

កាលពីថ្ងៃអាទិត្យនាវាខ័រស៊ី “Corsi” របស់អង្គភាពឆ្មាំសមុទ្រអ៊ីតាលី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ លើទូកកៅស៊ូចាស់មួយគ្រឿង ជាលើកដំបូងជាមួយជនអន្តោប្រវេសន៍លើទូកចំនួន ១១៤នាក់។ នៅថ្ងៃបន្ទាប់ នាវារបស់អង្គភាពឆ្មាំសមុទ្រអ៊ីតាលីឌីឈូទិ “Diciotti” បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ៣៥០នាក់ក្នុង ប្រតិបត្តិការណ៍ជួយសង្គ្រោះ ៣ផ្សេងៗគ្នា។ យោងតាមអង្គភាពឆ្មាំសមុទ្រអ៊ីតាលីឲ្យដឹងថា នាវាខ័រស៊ី “Corsi” បានចូលចតនៅកំពង់ផែរបស់ទីក្រុង Reggio Calabria នៃប្រទេសអ៊ីតាលីកាលពីព្រឹកម្សិលមិញ។

តាមទីភ្នាក់ងារ ទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិឲ្យដឹងថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនចំនួន ២សែន ៩ម៉ឺន ២៤២៨នាក់ បានមកដល់ទឹកដីអឺរ៉ុបតាមសមុទ្រចាប់តាំងពីដើមឆ្នាំនេះ និងជាង ៣,០០០នាក់បាត់ខ្លួន ឬស្លាប់ អំឡុងប៉ុនប៉ងធ្វើដំណើរតាមដែនសមុទ្រ គេចចេញពីភាពក្រីក្រនិងអំពើហិង្សា៕ អត្ថបទ៖ សុខមាន

website_news/2016140911.txt · Last modified: 2017/03/12 16:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki