website_news:2016150101

រដ្ឋាភិបាលបដិសេធពាក្យចចាមអារ៉ាម Angelina Jolie ចង់សុំកូនខ្មែរទីពីរ

(http://www.postkhmer.com Thu, 14 January 2016)

ភ្នំពេញៈ ក្រសួងសង្គមកិច្ច កាលពីម្សិលមិញបានធ្វើការច្រានចោលនូវពាក្យចចាមអារ៉ាម ដែលផ្ទុយពីការពិតទាក់ទិននឹងតារាភាពយន្តស្រីហូលីវូដ អ្នកស្រី Angelina Jolie Pitt កំពុងតែរៀបចំសុំកូនខ្មែរទីពីរយកទៅធ្វើជាកូនចិញ្ចឹម។ ពាក្យចចាមអារ៉ាមនេះបានផ្តើមចេញពីគេហទំព័រ Radar របស់សហរដ្ឋអាមេរិកដែលបានបង្ហោះព័ត៌មានថា អ្នកស្រីបានសន្យាយកទារកម្នាក់ឈ្មោះ «សួន អាលុយ» ដែលជាកូនពៅរបស់គ្រួសារក្រីក្រមួយដែលអ្នកស្រីបានជួបនៅខេត្ត សៀមរាប យកទៅចិញ្ចឹម។

អ្នកស្រី សៅ សម្ផស្ស អ្នកនាំពាក្យនាយកដ្ឋានរដ្ឋបាលទទួលបន្ទុកលើការស្មុំកូនយកទៅចិញ្ជឹមនៅក្រៅប្រទេសរបស់ក្រសួងសង្គមកិច្ចបានថ្លែងថា៖ «ខ្ញុំបានឃើញព័ត៌មាននេះនៅលើ Facebook ក៏ប៉ុន្តែតាមការពិតទៅ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ»។ អ្នកស្រី សម្ផស្ស បានធ្វើការបញ្ជាក់ថា ស្ថាប័នរបស់អ្នកស្រីពុំបានមានទំនាក់ទំនងជាមួយនឹងអ្នកស្រី Angelina Jolie នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីមកប្រទេស កម្ពុជា កាលពីខែមុនឡើយ ព្រមទាំងចង្អុលបង្ហាញផងដែរថាពុំមានយន្តការផ្នែកច្បាប់ណាមួយសម្រាប់ការសុំចិញ្ចឹមបែបនេះឡើយ។

គួរកត់សម្គាល់ថា ពុំមានកិច្ចព្រមព្រៀងទ្វេភាគីណាមួយទៅលើការស្មុំកូនយកទៅចិញ្ចឹមរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដែលនៅឆ្នាំនោះ អាមេរិកបានព្យួរការសុំកូនយកទៅចិញ្ចឹមដោយមានការព្រួយបារម្ភចំពោះអំពើជួញដូរមនុស្ស។ អ្នកស្រី សម្ផស្ស ថា៖ «ការសុំកូនរវាងប្រទេសទាំងពីរពុំទាន់បានបើកឡើងវិញនៅឡើយនោះទេ»។ អ្នកស្រីបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជា កំពុងតែធ្វើការរៀបចំការសុំកូនយកទៅចិញ្ចឹមពីសំណាក់ជនបរទេសឡើងវិញ មានតែប្រទេស អ៊ីតាលី មួយតែប៉ុណ្ណោះដែលពុំទាន់បានចុះហត្ថលេខាក្នុងនាមជាប្រទេសសក្តានុពលក្នុងការទទួល។ អ្នកស្រី Angelina Jolie បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីដឹកនាំថតខ្សែភាពយន្តដែលបង្ហាញពីជីវិតពិតរបស់លោក លួង អ៊ឹង ក្រោមចំណងជើងថា First They Killed My Father («ដំបូង ពួកគេបានសម្លាប់ឪពុករបស់ខ្ញុំ»)។ កូនប្រុស អាយុ ១៤ឆ្នាំ របស់អ្នកស្រីឈ្មោះ Maddox ដែលអ្នកស្រីបានសុំយកទៅចិញ្ចឹមពីប្រទេសកម្ពុជាកាលដែលរូបគេនៅជាទារក បានចូលរួមនៅក្នុងការស្រាវជ្រាវខ្សែភាពយន្តនេះ។ ដំណឹងនៃ ការថតខ្សែភាពយន្តនេះត្រូវបានផ្សព្វផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះដែរ សំណើរសុំព័ត៌មានបន្ថែមពីតំណាងរបស់អ្នកស្រី Angelina Jolie ក៏ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយ៕ TN

website_news/2016150101.txt · Last modified: 2017/02/24 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki