website_news:2016150102

ប្រាក់ផ្ញើពីក្រៅប្រទេសកើនដល់ជាង $៣៣០ លាន

(http://www.postkhmer.com Thu, 14 January 2016)

ភ្នំពេញៈ ប្រាក់បញ្ញើពីពលករនៅក្រៅប្រទេសមកកម្ពុជាតាមរយៈធនាគារ អេស៊ីលីដា និង Western Union កាលពីឆ្នាំ ២០១៥ បានកើនឡើងដល់ ៣៣៣,៨ លានដុល្លារ ធៀបនឹងឆ្នាំ ២០១៤ ដែលមានចំនួន ៣០៣,៦ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ដែលភ្នំពេញប៉ុស្តិ៍បានពីធនាគារ។ របាយការណ៍មួយបានពីធនាគារពិភពលោកស្តីពីចំណាកស្រុក ការផ្ញើប្រាក់មកផ្ទះ (Migration and Remittances Factbook 2016) ចេញផ្សាយកាលពីខែ ធ្នួ ឆ្នាំមុនប៉ាន់ប្រមាណថា ពលករចំណាកស្រុកកម្ពុជាទាំងនោះបានផ្ញើប្រាក់បញ្ញើមកផ្ទះសរុប ៧៣១ លានដុល្លារនៅឆ្នាំ២០១៥ កើនឡើងពី ៣៧៧ លានដុល្លារកាលពីឆ្នាំ ២០១៤។

លោកស្រី សូ ផនណារី អនុប្រធានប្រតិបត្តិរបស់ធនាគារអេស៊ីលីដា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ប្រាក់បញ្ញើទៅផ្ទះបានផ្ញើតាមគណនីរបស់ធនាគារនេះ និង Western Union កើនឡើង ៣០ លានដុល្លារ ធៀបនឹងឆ្នាំ ២០១៤ ទោះបីជាការធ្លាក់ចុះមកពីប្រទេស ម៉ាឡេស៊ី និងកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែ មានកំណើនខ្លាំងពីប្រទេស ថៃ។ ដោយផ្អែកតាមស្ថិតិបានពីធនាគារអេស៊ីលីដា ប្រាក់បញ្ញើពីក្រៅប្រទេសតាមធនាគារនេះនិង Western Union ពីប្រទេសថៃ មានចំនួន ១៤០,៨ លានដុល្លារ គឺកើនឡើងពី ៩៥,៥ លានដុល្លារ ខណៈពីប្រទេសម៉ាឡេស៊ីមានចំនួន ១៤,៧ លានដុល្លារធ្លាក់ចុះពី ១៨,៣ លានដុល្លារ និងពីប្រទេស កូរ៉េខាងត្បូង មាន ១៧៨,៣ លានដុល្លារ ធ្លាក់ចុះពី ១៨៩,៨ លានដុល្លារ។

លោកស្រីលើកឡើងថា៖ «យើងមើលឃើញការធ្លាក់ចុះពីប្រទេស ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ដោយសារតែដៃគូប្រកួតប្រជែងរបស់យើងកំពុងកើនឡើង មានសេវាកាន់តែច្រើនដែលបានផ្ដល់ដោយក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសទាំងពីរ ដូច្នេះអតិថិជនរបស់យើងមានជម្រើសផ្សេងទៀតក្នុងការផ្ញើប្រាក់ត្រឡប់មកផ្ទះ»។ លោកស្រីបានបន្តថា៖«យើងមើលឃើញការកើនឡើងខ្លាំងមកពីប្រទេសថៃ ដោយសារតែមានប្រជាជនកាន់តែច្រើនទៅធ្វើការងារនៅក្នុងប្រទេសថៃ និងសកម្មភាពអាជីវកម្មក៏បានកើនឡើងនៅក្នុងប្រទេសទាំងពីរផងដែរ»។ លោកស្រីបន្តថា៖ «ក្រៅពីនោះ យើងមានសាខាជាច្រើន និងសេវាដែលអាចរកបាននៅតាមបណ្ដោយព្រំដែន ជាពិសេសនៅតំបន់ប៉ោយប៉ែត ដូច្នេះវាកាន់តែងាយស្រួលសម្រាប់អតិថិជន»។

ទោះបីជាយ៉ាងនេះក្តី លោក តេង ដឺលុច្ស សាស្ដ្រាចារ្យវិទ្យាសាស្ដ្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយនៅភ្នំពេញជឿថា វាអាចមានច្រើនជាងនេះដោយសារកម្មករខុសច្បាប់មួយចំនួនផ្ញើប្រាក់ត្រឡប់មកផ្ទះតាមមធ្យោបាយផ្ទាល់ខ្លួន។ លោកថ្លែងថា៖«ខ្ញុំគិតថា ចំនួននេះគឺនៅមានកម្រិត ទោះបីជាកម្មករភាគច្រើនស្របច្បាប់ក៏ដោយ ប៉ុន្តែមានកម្មករខុសច្បាប់មួយចំនួនដែលជ្រើសរើសមធ្យោបាយផ្ទាល់ខ្លួនក្នុងការផ្ញើប្រាក់មកផ្ទះ»។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែព្រមានពីហានិភ័យនៃលំហូរចូលប្រាក់ និងយកល្អត្រូវបង្កើតការងារនៅក្នុងប្រទេស។ លោកបន្តថា៖ «កំណើនប្រាក់បញ្ញើទៅផ្ទះយ៉ាងរហ័សនេះហាក់មិនឆ្លុះបញ្ចាំងពីកំណើនកម្មករ កំណើនរហ័សគួរតែជាហានិភ័យមួយ និងប្រកាសទៅក្រសួងពាក់ព័ន្ធ និង NBC ត្រូវត្រួតពិនិត្យថាតើការផ្ទេរប្រាក់ស្របច្បាប់ឬទេ?»។

ទិន្នន័យចុងក្រោយពី ILO បង្ហាញថា កម្មករចំណាកស្រុកកម្ពុជា ៧៧១ ០០០ បានធ្វើការនៅក្នុងតំបន់អាស៊ានកាលពីឆ្នាំ ២០១៣ ដែលភាគច្រើននៅប្រទេសថៃ ដែលមានជិត ៧៥០ ០០០នាក់ ហើយចំនួននៅសេសសល់គឺនៅប្រទេសម៉ាឡេស៊ី និងវៀតណាម។ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ បានទេកាលពីថ្ងៃម្សិលមិញ ប៉ុន្តែយោងតាមរបាយការណ៍កាលពីខែសីហា ប្រទេសកម្ពុជាបានបញ្ជូនពលករ ៦ ០០០ នាក់ទៅធ្វើការនៅកូរ៉េខាងត្បូងក្នុងរយៈពេល៧ខែ ឆ្នាំ២០១៥។ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងលើកទឹកចិត្តដល់លំហូរចូលកម្លាំងការងារជំនាញកាន់តែច្រើននៅក្នុងតំបន់។

បើទោះបីយ៉ាងនេះក្តី លោក តេង ដឺលុច្ស ទទូចចង់ឲ្យរដ្ឋាភិបាលត្រូវបង្កើតការងារឲ្យច្រើននៅក្នុងប្រទេស។ លោកថ្លែងថា៖ «អ្វីដែលប្រសើរនោះគឺត្រូវបង្កើតការងារឲ្យច្រើននៅក្នុងប្រទេស ជាជាងមើលឃើញអត្ថប្រយោន៍ពីប្រាក់ផ្ញើមកពីក្រៅប្រទេស»៕ LA

website_news/2016150102.txt · Last modified: 2017/02/24 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki