website_news:2016150104

រាជទូតចូលរួមស៊ើបបណ្តាញពលករខុសច្បាប់

(http://www.postkhmer.com Fri, 15 January 2016)

ភ្នំពេញៈ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានថ្លែងថាលោកកំពុងចាប់ផ្តើមការស៊ើបអង្កេតរួមគ្នាជាមួយនឹងអាជ្ញាធរកូរ៉េដើម្បីបំបែកក្រុមបណ្តាញពលករកម្ពុជាដែលធ្វើការខុសច្បាប់នៅកូរ៉េ។ ក្នុងសេចក្តីព្រមានលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញលោក ឌីណា បានថ្លែងថាលោកបានជួបអង្គភាពចារកម្មពិសេសនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធដែលខិតខំចាប់ខ្លួនមេខ្លោងនៃបណ្តាញហៅថា «KNN Cambodia» ដែលលោកថាកំពុងធ្វើការខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហោះរបស់លោក ឌីណា បានឲ្យដឹងថា៖ «វាជាបញ្ហាសំខាន់។ យើងមានភ័ស្តុតាងថា KNN Cambodia កំពុងធ្វើអាជីវកម្មប្រភេទនេះ»។ នៅពេលទាក់ទងកាលពីម្សិលមិញលោក ឌីណា បានបដិសេធរៀបរាប់បន្ថែមប៉ុន្តែលើហ្វេសប៊ុករបស់លោកបានឲ្យដឹងថាលោករក្សាសិទិ្ធមិនប្រាប់ឈ្មោះទេព្រោះការស៊ើបអង្កេតកំពុងបន្ត។

លោក មឿន តុលា ប្រធានផ្នែកការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថាលោកមិនបានឮពីករណីជាក់លាក់ទេប៉ុន្តែលោកថ្លែងថា ពលករចំណាកស្រុកកម្ពុជានៅកូរ៉េឆ្លងកាត់ដំណើរការតឹងរ៉ឹងរបស់រដ្ឋាភិបាល ហើយត្រូវបានអនុញ្ញាតឲ្យធ្វើការជាមួយនឹងនិយោជកដែលបានកំណត់ជាមុនប៉ុណ្ណោះ។ លោក តុលា បានពន្យល់ថា បើគេមានបញ្ហាជាមួយនឹងនិយោជកនោះ និងចាកចេញបន្ទាប់មកគេត្រូវបានចាត់ទុកថាជាពលករចំណាកស្រុក។ ករណីគឺកើតឡើងជាទូទៅចំពោះពលករកម្ពុជាដែលធ្វើការនៅកសិដ្ឋានកូរ៉េ។ លោកបានបន្តថា៖ «អ្នកខ្លះជួបការលំបាកជាមួយនឹងនិយោជកដូចជាធ្វើការធ្ងន់ពេក ធ្វើការយូរម៉ោង និងក្រោមអាកាសធាតុត្រជាក់ខ្លាំងជាពិសេសកម្មករដែលធ្វើការនៅក្នុងវិស័យកសិកម្ម»។ លោកបានឲ្យដឹងថា កម្មករគួរទទួលបានភាពបត់បែនប្រសើរជាងនេះដើម្បីផ្ទេរទៅនិយោជកផ្សេង។

លោក Kim Yi-chan អ្នកតំណាងនៃអង្គការ People of the Earth's Station ដែលគាំទ្រពលករនៅកូរ៉េបានបន្ទរដូចក្តីបារម្ភរបស់លោក តុលា ផងដែរ។ លោកបានបន្ថែមថា៖ «ខ្ញុំអាចរៀបរាប់ករណីពន្យារបើកប្រាក់ឈ្នួល ស្ថានភាពការងារមិនល្អ និងការគាបសង្កត់រវាងនិយោជក និងកម្មករដែលកម្មករកម្ពុជាជួបប្រទះ»។ លោកបានបន្តថាករណីទាំងនេះភាគច្រើនក្នុងវិស័យកសិកម្ម។ ពលករកម្ពុជាម្នាក់ដែលបានក្លាយជាពលករខុសច្បាប់បានចាកចេញពីការងារនៅកសិដ្ឋានកូរ៉េដោយសារតែធ្វើការយូរម៉ោងពេកបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីកូរ៉េកាលពីម្សិលមិញថាឥឡូវនេះលោកមិនអាចរកបានការងារនៅកន្លែងផ្សេងទេ។ លោកបន្តថា៖ «ខ្ញុំមិនចង់ក្លាយជាពលករខុសច្បាប់នៅទីនោះទេ។ ខ្ញុំចង់វិលត្រឡប់ទៅផ្ទះវិញ»។ មន្ត្រីក្រសួងការងារមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ TK

website_news/2016150104.txt · Last modified: 2017/02/24 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki