website_news:2016150202

លោក អិត សំហេង ចុះកិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករទៅធ្វើការនៅអារាប៊ីសអូឌីត

(http://vayofm.com/news/detail/66639.html14-02-2016 5:11 pm Vayofm Teams)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាថ្ងៃទី០២ នៃដំណើរទស្សនៈកិច្ច របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិង រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរគឺ៖១.កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករធ្វើការងារតាមផ្ទះនិង ២.កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករការងារទូទៅ។កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍សំខាន់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍ពលករខ្មែរដោយភាគីទាំងពីរត្រូវរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងក្នុងការជ្រើសរើស ការដាក់ឲ្យធ្វើការនិងការធ្វើមាតុភូមិនិវត្តន៍របស់ពលករដោយអនុលោមទៅតាមច្បាប់និងបទដ្ឋានការងារសមរម្យនិងសុវត្ថិភាពការងារ។នៅក្នុងកិច្ចព្រមព្រៀងនោះភាគីទាំងពីរក៏ត្រូវបង្កើតគណៈកម្មការបច្ចេកទេសចម្រុះមួយដើម្បីធ្វើការប្រជុំពិភាក្សាលម្អិតនិងជាប្រចាំលើបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនេះ។

ក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ចនេះលោក អ៊ិត សំហេង រួមជាមួយលោក អូស្មាន ហាស្សាន់រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួបសំណេះសំណាលនិងរៀបចំអាហារសាមគ្គីដល់និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលនិងកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងរីយ៉ាតចំនួន១៨នាក់ផងដែរ។ សូមបញ្ជាក់ផងដែរថាដំណើរទស្សនៈកិច្ចនេះ មានរយ:ពេល៤ថ្ងៃគឺចាប់ផ្តើមកាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៦នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត៕(ដោយ៖ ថាចាន់ធី)

website_news/2016150202.txt · Last modified: 2017/02/27 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki