website_news:2016150601

កម្ពុជាទទួលចំណាត់ថ្នាក់ទាបក្នុងការការពារសិទ្ធិកុមារ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ ថ្ងៃ Tue, 14 June 2016

ភ្នំពេញៈ របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។

សន្ទស្សន៍ស្តីពីសិទ្ធិកុមារប្រចាំឆ្នាំ ២០១៦ ដែលត្រូវបានបោះពុម្ភផ្សាយកាលពីម្សិលមិញ បានផ្តល់ពិន្ទុទៅលើប្រទេសជាច្រើន ដោយផ្អែកទៅលើកាពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលការការពារ ក៏ដូចជាបរិស្ថានអំណោយផលដល់សិទ្ធិកុមាររបស់ប្រទេសទាំងនោះផងដែរ។ ទោះបីជា កម្ពុជា ទទួលបានចំណាត់ថ្នាក់ទាបក៏ដោយក្តី ពិន្ទុនេះស្ថិតនៅកៀកនឹងពិន្ទុកណ្តាល ក៏ប៉ុន្តែពិន្ទុនៃបរិស្ថានអំណោយផលចំពោះសិទ្ធិកុមាររបស់ប្រទេសនេះស្ថិតនៅកម្រិតមួយទាបបំផុត។

យ៉ាងណាក្តី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) របស់រដ្ឋាភិបាល កំពុងតែធ្វើការដើម្បីបញ្ចប់នូវអនុក្រឹត្យដែលនឹងបំពេញនូវចន្លោះប្រហោងនៅក្នុងគម្រោងការងារការពារសិទ្ធិកុមារបច្ចុប្បន្ន ហើយយោងតាមច្បាប់ថតចម្លងនៃសេចក្តីព្រាងច្បាប់មួយ ស្ថាប័ននេះកំពុងតែព្យាយាម «លុបបំបាត់ និងបង្ការនូវហានិភ័យ និងការធ្វើបាបចំពោះកុមារ»។

អនុក្រឹត្យនេះនឹងមានវិសាលភាពគ្របដណ្តប់ទៅលើស្ថាប័ន ឬក្រុមហ៊ុនឯកជនទាំងឡាយណាដែលធ្វើការជាមួយនឹងកុមារ។ អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការររបស់ CNCC បានឲ្យដឹងថា៖ «អនុក្រឹត្យនេះមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់នូវអំពើហិង្សា ចំពោះកុមារ»។ អ្នកស្រីបន្ថែមថា វាត្រូវការថវិការប្រមាណ ១ សែនដុល្លារសម្រាប់ការអនុវត្ត។

អ្នកស្រី សម្បត្តិ សុគន្ធា មន្រ្តីសម្របសម្រួលបច្ចេកទេសផ្នែកសិទ្ធិកុមាររបស់អង្គការ Plan International Cambodia ដែលបានជួយដល់ការធ្វើសេចក្តីព្រាងនៃអនុក្រឹត្យនេះបានឲ្យដឹងថា វាអាចនឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីសុំសេចក្តីព្រមព្រៀងឲ្យអនុវត្តនៅដើមខែក្រោយ។ អ្នកស្រីបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងតែអភិវឌ្ឍគោនយោបាយការពារកុមាររបស់ខ្លួន ដែលស្របទៅនឹងអនុក្រឹត្យនេះផងដែរ។ ទន្ទឹមនឹងនោះ កម្មវិធីមួយ ដែលរៀបចំឡើងដោយអង្គការ យូនីសែហ្វ និងក្រសួងអប់រំ បានធ្វើការបណ្តុះបណ្តាលស្តីពីការអប់រំប្រដៅដោយវិជ្ជមាន (មិនប្រើប្រាស់អំពើហិង្សា) ទៅលើលោកគ្រូអ្នកគ្រូ មកពីសាលាបឋមសិក្សាចំនួន ១២ ដើម្បីដោះស្រាយបញ្ហាការដាក់ទណ្ឌកម្មដោយប្រើប្រាស់អំពើហិង្សាលើរាងកាយ ដែលនៅតែជាបញ្ហាប្រឈម ទោះបីជាវាត្រូវបានគេហាមឃាត់តាំងពីឆ្នាំ ២០០៧ ក៏ដោយក្តី។

លោក មាស ប៊ុនលី អ្នកនាំពាក្យរបស់ អង្គការយូនីសែហ្វ និយាយថា ថវិការដែលមាននៅក្នុងឆ្នាំនេះ អាចផ្គត់ផ្គង់ទៅលើការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូប្រមាណ ១,២០០ នាក់ បន្ថែមទៀត។ លោកថ្លែងថា៖ « វា (កម្មវិធី) មានចក្ខុវិស័យចង់កាត់បន្ថយរាល់ទម្រង់នៃអំពើហិង្សាក្នុងសាលារៀនជាសន្សឹមៗនៅទូទាំងប្រទេស»។

លោក ង៉ែត ធី ប្រធាន មជ្ឈមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ធិកុមារបានឲ្យដឹងដែរថា កុមារនៅក្នុងប្រទេសកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់ពីការរំលោភបំពាន ដោយសារតែកង្វះខាតការយល់ដឹងពីសិទ្ធិរបស់កុមារ។ លោកថា៖«រដ្ឋាភិបាលត្រូវតែពង្រឹងស្ថានភាពនេះ ក៏ប៉ុន្តែពុំមែនធ្វើតែម្នាក់ឯងនោះទេ។ រដ្ឋាភិបាលត្រូវតែសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងអង្គការដទៃទៀត»៕ Yesenia Amaro/TN

website_news/2016150601.txt · Last modified: 2017/03/03 12:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki