website_news:2016150604

ឧទ្ធរណ៍ជម្រះប្តីប្រពន្ធ ១ គូរឿងជួញដូរមនុស្ស

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Wed, 15 June 2016 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានលើកបណ្តឹងទាស់របស់បុរសចិនដីគោក និងប្រពន្ធជនជាតិខ្មែរមកជំនុំជម្រះពាក់ព័ន្ធរឿងនាំនារីវ័យក្មេងពីរនាក់ពីក្រុងព្រះសីហនុឆ្លងដែនទៅប្រទេសឡាវកាលពីឆ្នាំ ២០១៥។

តាមអង្គហេតុបង្ហាញថាជនជាប់ចោទឈ្មោះ យ៉ាង យុងដុង ជាជនជាតិចិន អាយុ ៤២ ឆ្នាំ និងប្រពន្ធជនជាតិខ្មែរឈ្មោះ ស៊ឹម ប៊ុនបញ្ញា អាយុ ៣០ ឆ្នាំនៅមុនថ្ងៃកើតហេតុគឺនៅក្នុងថ្ងៃទី ១ ខែមីនាឆ្នាំ ២០១៥ ស្រ្តីឈ្មោះ អ៊ិន ជ្រៀន ដែលជាម្តាយមីងរបស់នារីរងគ្រោះឈ្មោះ កែប កុយ អាយុ ២០ ឆ្នាំ និងឈ្មោះ ស្រីមុំ អាយុ ២២ ឆ្នាំបានមកផ្ទះស្រ្តីជាប់ចោទពឹងរកការងារឲ្យក្មួយធ្វើ។ បន្ទាប់ពីមានការពឹងពាក់ស្រ្តីជាប់ចោទបានណែនាំឲ្យប្តីខ្លួនយកនារីពីរនាក់នោះទៅធ្វើជាចុងភៅក្នុងក្រុមហ៊ុនធ្វើផ្លូវនៅប្រទេសឡាវដែលប្តីខ្លួនមានភាគហ៊ុននៅទីនោះ។

អង្គហេតុបង្ហាញបន្តថា ក្រោយពីនិយាយត្រូវរ៉ូវគ្នាបុរសចិនជាប់ចោទបាននាំនារីរងគ្រោះមកភ្នំពេញ និងបន្តដំណើរទៅខេត្តស្ទឹងត្រែងដើម្បីឆ្លងដែនចូលទឹកដីឡាវ។ ប៉ុន្តែ ម្តាយនារីរងគ្រោះទាំងពីរនាក់ដឹងពីហេតុការណ៍បានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍សង្កាត់លេខ ១ ក្រុង-ខេត្ត ព្រះសីហនុហើយក៏ប្រាប់ឲ្យស្រ្តីជាប់ចោទទូរស័ព្ទប្រាប់ប្តីឲ្យនាំកូនពួកគាត់មកវិញ។ ប៉ុន្តែ រំលងបាន ៣ ខែក្រោយពីនារីរងគ្រោះមកវិញជនជាប់ចោទ និងប្រពន្ធត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តព្រះសីហនុចាប់ខ្លួន។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តព្រះសីហនុសម្រេចផ្តន្ទាទោសពីរនាក់ប្តីប្រពន្ធដាក់ពន្ធនាគារក្នុងម្នាក់ៗ ៩ ឆ្នាំដោយចោទពីបទ «នាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការជួញដូរផ្លូវភេទ។ នៅក្នុងបន្ទប់សវនាការពីម្សិលមិញស្រ្តីជាប់ចោទឆ្លើយថាប្តីគាត់មានភាគហ៊ុនធ្វើផ្លូវនៅប្រទេសឡាវហើយខ្វះចុងភៅធ្វើម្ហូបឲ្យកម្មករហើយចៃដន្យមានការពឹងពាក់ពីម្តាយមីងរបស់នារីរងគ្រោះឲ្យជួយរកការងារឲ្យពួកគេធ្វើផងនោះគាត់ក៏ឲ្យប្តីគាត់នាំពួកគេទៅប្រទេសឡាវ។ ស្រ្តីជាប់ចោទ និងប្តីឆ្លើយថា៖ «បើពួកខ្ញុំមានគំនិតយកនារីពីរនាក់នោះទៅលក់មែននោះម៉េ្លះពួកខ្ញុំមិននាំពួកគេត្រឡប់មកផ្ទះវិញទេ។ ដូច្នេះ សូមឲ្យតុលាការដោះលែងពួកខ្ញុំឲ្យមានសេរីភាពវិញផង»។

លោកព្រះរាជអាជ្ញា អ៊ឹម វិជ្ជា តំណាងមហាអយ្យការសន្និដ្ឋានថាបន្ទាប់ពីបានស្តាប់ចម្លើយរបស់ជនជាប់ចោទ និងការសួរដេញដោលមកលោកយល់ឃើញថា អង្គហេតុនេះនារីរងគ្រោះមានទំនាក់ទំនងនឹងស្រ្តីជាប់ចោទ។«ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិនិត្យឡើងវិញខណៈម្តាយនារីរងគ្រោះក៏ដកពាក្យបណ្តឹងហើយដែរ។ ម៉្យាងទៀតពួកគេត្រូវដាក់ទណ្ឌកម្មទោសដល់ទៅ ៩ ឆ្នាំឯណោះ»។ លោក អ៊ឹម ម៉ាច មេធាវីចាត់តាំងការពារសិទ្ធិជនជាប់ចោទទាំងពីរនាក់សន្និដ្ឋានថាតាមអង្គហេតុនារីទាំងពីរនាក់ជាកម្មការិនីរោងចក្រកាត់ដេរនៅកំពង់សោមដូច្នេះពួកគេមិនមែនជាអនីតិជនទេ។ ម៉្យាងទៀតកូនក្តីលោកក៏គ្មានបំណងកិបកេងកម្លាំងពលកម្មពួកនារីនោះដែរ។

លោកបន្តថា៖ «បើកូនក្តីខ្ញុំមានបំណងទុច្ចរិតមែននោះទាំងគាត់ទាំងខ្ញុំមិននាំពួកគេត្រឡប់មកវិញទេព្រោះឮថា ម្តាយនារីនោះប្តឹងប៉ូលិសហើយនោះតែនេះកូនក្តីខ្ញុំយកពួកគេទៅធ្វើការមែន។ ខ្ញុំសូមតុលាការពន្យារពេលប្រកាសសាលដីកាព្រោះកូនក្តីខ្ញុំនឹងទាក់ទងទៅក្រុមហ៊ុននៅប្រទេសឡាវដើម្បីបានលិខិតបញ្ជាក់ថាពួកគាត់ពិតជាមានក្រុមហ៊ុនធ្វើផ្លូវមែនហើយសូមដោះលែងកូនក្តីខ្ញុំវិញ»។

ក្រោយពីជំនុំជម្រះប្រមាណជិតមួយម៉ោងលោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបង្គាប់ឲ្យជនជាប់ចោទរកលិខិតក្រុមហ៊ុនមកបញ្ជាក់ដើម្បីដោះបន្ទុកហើយថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ៨ ខែកក្កដាខាងមុខនេះ៕

website_news/2016150604.txt · Last modified: 2017/03/03 12:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki