website_news:2016150802

សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាបណ្ដុះបណ្ដាល ពង្រឹងផ្នែកផ្លូវច្បាប់ សម្រាប់គ្រប់គ្រង ការបញ្ជូនពលករចេញទៅធ្វើការក្រៅប្រទេស

(http://www.akp.gov.kh/kh) AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦

សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានចាប់ផ្ដើម បណ្ដុះបណ្ដាល ពង្រឹងលើផ្នែកផ្លូវច្បាប់ និង ការអនុវត្ដកិច្ចសន្យាការងារ ដល់ក្រុមហ៊ុន នាំពលករ ទៅធ្វើការងារនៅក្រៅប្រទេស ដើម្បីធានាបាននូវ សុវត្ថិភាព និងចៀសផុតពីការរំលោភបំពាន លើសិទ្ធិការងារ ដល់ពលករ។ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចសន្យាការងារ និងច្បាប់ សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករទៅ ធ្វើការនៅ ក្រៅប្រទេស នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ ឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះសមាគមកំពុងតែដើរ តួនាទី យ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍ របស់ ពលករ ពលការិនីកម្ពុជា ដែលចេញទៅធ្វើ ការងារនៅក្រៅប្រទេសដូចជាប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ដែលជាប្រទេសដៃគូ សហប្រតិបត្ដិការ។ លោកជំទាវបានលើកឡើងថា ការបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់ទៅកិច្ចសន្យាការងារការ អនុវត្ដច្បាប់ ឱ្យបានត្រឹមត្រូវ និងការគ្រប់គ្រងមានលក្ខណៈល្អប្រសើរ ដើម្បីធានានូវសុវត្ថិភាពដល់ ពលករ មុនពេលបញ្ជូន និងពេលកំពុងធ្វើការងារនៅក្រៅប្រទេស។

លោកជំទាវបានបន្ថែមទៀតថា តាមរយៈការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់ក្រុមហ៊ុន ដែលជា សមាជិកក្នុងសមាគមនេះ នឹងទទួលបាននូវស្ថានភាពល្អប្រសើរ សម្រាប់ការចេញទៅធ្វើការនៅ ក្រៅប្រទេសរបស់ ពលករ ពលការិនីកម្ពុជា ដោយមានការយល់ដឹង និងរៀបចំកន្លែងត្រួតពិនិត្យ និងការ ដោះស្រាយបញ្ហាបានទាន់ ពេលវេលា ខណៈពលករ ពលការិនីមានរឿងរ៉ាវកើតនៅក្នុងប្រទេស ដែល កំពុងធ្វើការងារនោះ។ លោក ដាញ់ អេងកក្កដា ជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអាក្រា បានបញ្ជាក់ថា ការពង្រឹងកិច្ច សន្យាការងារ គឺជាចំណុចមួយយ៉ាងសំខាន់ និងចាំបាច់សម្រាប់លើកកម្ពស់ការយល់ដឹងដល់ម្ចាស់ក្រុម ហ៊ុន ឬនិយោជក ដើម្បី បង្កើននូវចំណេះដឹងលើការងារគ្រប់គ្រង និងបញ្ជូនពលករទៅធ្វើការនៅក្រៅ ប្រទេស។

លោកបានបន្ថែមថា នៅពេលដែលនិយោជក ឬម្ចាស់ក្រុមហ៊ុននាំពលករ បានអនុវត្ដន៍ស្របតាម ច្បាប់ និងកិច្ចសន្យាការងារបានត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការជំរុញលើកទឹកចិត្ដដល់កម្មករ និយោ ជិត ឬពលករ ដែលចេញទៅធ្វើការនៅក្រៅប្រទេស កាន់តែមានទំនុកចិត្តខ្លាំងឡើងបន្ថែមទៀត។ លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នេះ ដោយគាំទ្រចំពោះការងារបណ្ដុះបណ្ដាលនេះថា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនជ្រើស រើសពលករទាំងអស់ ក្នុងការយកទៅបណ្ដុះបណ្ដាលបន្ដទៅពលករមុននឹងចាក ចេញទៅធ្វើការនៅក្រៅប្រទេស។

លោកបានអះអាងថា កន្លងមក ការបញ្ចូលពលករទៅធ្វើការនៅក្រៅ ប្រទេសគឺមានតិចណាស់ ដែលបាន ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ពាក់ព័ន្ធនឹងសិទ្ធិជាមូលដ្ឋានរបស់ពលករលក្ខខណ្ឌ ការងារ របៀប របបនៃការរស់នៅ បញ្ហាសុខភាពបឋម និងកិច្ចសន្យាការ ងារ ដែលក្រុមហ៊ុនបាន ធ្វើការបណ្ដុះបណ្ដាល គឺក្នុង មានកម្រិតតិចតួចបំផុត។

បន្ថែមពីនេះទៀត លោកបានស្នើឱ្យក្រុមហ៊ុននាំពលករទាំងអស់ គួរតែមានកញ្ចប់ថវិកាមួយ ដើម្បីចុះទៅ តាមដាន ត្រួតពិនិត្យស្ថានភាព និងការសួរសុខទុក្ខពលករដែលធ្វើការនៅក្នុងប្រទេសទទួល ជាប់ជាប្រចាំទាក់ទង នឹងសុខភាព របៀបរបបនៃការរស់នៅ លក្ខខណ្ឌការងារ និងការលើកយកសំណូម ពរមួយចំនួន ដើម្បីឱ្យក្រុមហ៊ុន ជួយដោះស្រាយ និងអាចធ្វើការឆ្លើយតបបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹម ឆ្នាំ ២០១៦ នេះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំពលករទៅ ធ្វើការនៅក្រៅប្រទេស រួមមានប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន សិង្ហបុរី អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ដែលមានពលករសរុបចំនួនជាង ៦០ម៉ឺន នាក់៕ ដោយ អ៊ុន រិទ្ធី

website_news/2016150802.txt · Last modified: 2017/03/11 17:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki