website_news:2016150804

ថៃគ្រោងបង្កើត មជ្ឈមណ្ឌល បណ្ដុះបណ្ដាល ពលករខ្មែរ មុននឹង ទៅធ្វើការនៅ ប្រទេសខ្លួន

(http://www.dap-news.com/kh) អាទិត្យ, ១៤ សីហា ២០១៦ 11:44 ដោយ: បាន សុខរិទ្ធិ ID:049

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ គ្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបណ្ដុះ បណ្ដាលពលករខ្មែរ ដែលចង់ទៅធ្វើការ នៅប្រទេសថៃ ដូចពលករខ្មែរ ដែលបានទៅធ្វើការ នៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែរ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែសីហា ឆ្នាំ២០១៦ នាប្រទេសថៃ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាន) បានមានប្រសាសន៍ថា រាល់ជំនួបដែលគណៈប្រតិភូបានជួបពិភាក្សា ក៏បានសំណូមពរដល់ភាគីថៃ ឱ្យយកចិត្តទុកដាក់ទ្រទ្រង់ការពារពលករកម្ពុជា ដូចគ្នានឹងអ្នកធ្វើការនៅប្រទេសថៃ មានការធានាទាំងផ្នែកសុខភាព ម្ហូបអាហារ ការស្នាក់នៅសមរម្យផងដែរ ។ លោកបន្តថា ជាការឆ្លើយតបខាងភាគីថៃបានសន្យា នឹងជួយជំរុញឱ្យកម្ពុជាសម្របសម្រួល ដើម្បីឱ្យពលករកម្ពុជា ក្លាយជាពលករស្របច្បាប់ មានការគាំពារសុខុមាលភាព សង្គមដូចពលករផ្សេងៗទៀត នៅប្រទេសថៃ ។

លោក ឈាង វុន បានបញ្ជាក់ថា ភាគីថៃបានប្រាប់គណៈប្រតិភូកម្ពុជា ថាខ្លួនមានបំណងបង្កើតមជ្ឈមណ្ឌលតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើយ៉ាងណាឱ្យពលករកម្ពុជា មុនចូលទៅធ្វើការនៅប្រទេសថៃ ត្រូវឱ្យមានការបណ្តុះបណ្តាលសិន ដូចពលករខ្មែរ មុននឹងបញ្ជូនឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ជប៉ុន ជាដើមនោះត្រូវ ទទួលការបណ្តុះបណ្តាលជាមុន ។

បើតាមលោក ឈាង វុន ពលករកម្ពុជា ដែលកំពុងរស់នៅធ្វើការនៅ ប្រទេសថៃមានជាង ៧០ម៉ឺននាក់ និងមានពលករខ្មែរទៅធ្វើការនៅតាមទូកនេសាទថៃមានជាង ៥ម៉ឺននាក់ ដែលភាគច្រើន ជាអ្នកមិនស្របច្បាប់ ជាហេតុធ្វើឱ្យពលករមួយចំនួន ធ្លាក់រហូតដល់ប្រទេស ឥណ្ឌូណេស៊ីក៏មានដែរ ៕

website_news/2016150804.txt · Last modified: 2017/03/11 17:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki